COVID-19
អន្តរជាតិ
ឥណ្ឌា មានករណីឆ្លងCOVID-19 ប្រចាំថ្ងៃ ច្រើនជាងគេបំផុតលើពិភពលោក
30, Aug 2020 , 2:51 pm        
រូបភាព
ប្រជាជនឥណ្ឌា ឈររង់ចាំធ្វើតេស្តរកCOVID-19។ រូបភាព៖ Xinhua
ប្រជាជនឥណ្ឌា ឈររង់ចាំធ្វើតេស្តរកCOVID-19។ រូបភាព៖ Xinhua
ឥណ្ឌា នៅថ្ងៃទី៣០ ខែសីហា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 ប្រចាំថ្ងៃជិត ៨ម៉ឺនករណី។ តួលេខឆ្លងប្រចាំថ្ងៃនេះ គឺមានច្រើនជាងអាមេរិកទៅទៀត និងជាតួលេខឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុត។



ស្ថានភាពCOVID-19 នៅឥណ្ឌា កាន់តែធ្ងន់ធ្ងរ ព្រោះអ្នកឆ្លងកាន់តែកើនឡើង។ ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ ក្នុងមួយថ្ងៃៗឥណ្ឌាមានករណីឆ្លងកូរ៉ូណាវីរុសលើសពី ៧ម៉ឺនករណី។ នៅថ្ងៃទី៣០ ខែសីហា ឥណ្ឌា បានរាយការណ៍ថា មានករណីឆ្លង COVID-19 ចំនួន ៧៨៧៦១ករណី ដែលជាករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌា និងពិភពលោក។ 
 
កន្លងមក អាមេរិក គឺជាប្រទេសមានករណីឆ្លងកូរ៉ូណាវីរុសច្រើនជាងគេបំផុតក្នុងមួយថ្ងៃ។ នៅថ្ងៃទី១៧ ខែកក្កដា អាមេរិក បានប្រកាសពីតួលេខឆ្លងប្រចាំថ្ងៃចំនួន ៧៧៦៣៨ករណី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើទោះបីឥណ្ឌាមានករណីឆ្លងប្រចាំថ្ងៃច្រើនជាងគេក៏ពិតមែន ប៉ុន្តែប្រទេសអាស៊ីខាងត្បូងមួយនេះ នៅតែស្ថិតនៅលំដាប់ទី៣ នៃប្រទេសមានCOVID-19 ច្រើនជាងគេបំផុតដដែល។ អាមេរិក ស្ថិតនៅលេខ១ មានចំនួនជាង ៦លានករណី និងប្រេស៊ីលស្ថិតនៅលេខ២ មានចំនួនប្រមាណ ៣,៨លានករណី។ 
 
បើទោះបីជាករណីឆ្លង និងស្លាប់ដោយសារCOVID-19 កំពុងកើនឡើងពិតមែន ប៉ុន្តែឥណ្ឌា បានសម្រេចបន្ធូរបន្ថយការរឹតត្បិតខ្លះ ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួន។ ប្រជាជនជាច្រើនលាននាក់ កំពុងបាត់បង់ការងារធ្វើ ខណៈជំនួញមួយចំនួនត្រូវបិទ តាំងពីខែមីនាកន្លងមក។ 
 
ទីក្រុង ដែលរងគ្រោះខ្លាំងគឺ Mumbai និងញូវដែលី ប៉ុន្តែពេលនេះទីក្រុងតូចៗ និងតំបន់ដាច់ស្រយាលផ្សេងទៀតរបស់ឥណ្ឌា ក៏កំពុងកើនឡើងករណីឆ្លងCOVID-19 ផងដែរ។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣០ ខែសីហា ឥណ្ឌាមានករណីឆ្លង COVID-19 សរុបចំនួនជាង ៣,៥លានករណី អ្នកស្លាប់មានចំនួនជាង ៦ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួនជាង២,៧លាននាក់៕ 
 

Tag:
 ឥណ្ឌា
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com