អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី៖ ចូលរួមប្រឆាំងអំពើពុករលួយក្នុងសង្គម ជាកាតព្វកិច្ចផ្នែកសីលធម៌មួយរបស់ពលរដ្ឋ
31, Aug 2020 , 8:29 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Xinhua
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Xinhua
ដោយ:
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានដាស់តឿនឲ្យមន្ត្រីក្រោមឱវាទរបស់លោកបន្តជំរុញការកែទម្រង់រដ្ឋបាល និងនីតិវិធីសម្រាប់ការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនៅក្នុងប្រទេស។ នេះ គឺជាផែនការអាទិភាពមួយរបស់លោក ក្នុងការធានាឲ្យបានប្រព័ន្ធសេវាសាធារណៈស្អាតស្អំ និងដើម្បីបញ្ចប់បាតុភាពនៃការកេងចំណេញជាផលប្រយោជន៍បុគ្គលរបស់មន្ត្រី ឬជនពុករលួយ។

 
នាវេទិកាស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយជាតិ លោកប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃទី២៨ សីហាកន្លងទៅ បានលើកឡើងថាធុរកិច្ច និងពាណិជ្ជកម្ម លើមុខទំនិញដូចជាចំណីអាហារ ថ្នាំ និងវិស័យថាមពល កំពុងប្រឈមនឹងការកេងចំណេញ ដែលប្រព្រឹត្តដោយក្រុមបុគ្គលមួយចំនួនក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបញ្ហានេះ លោកមើលឃើញថា ជាអំពើពុករលួយមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនទូទៅ។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post លោកប្រធានាធិបតី បានទទូចឲ្យរដ្ឋបាលរបស់លោក កែទម្រង់ទាំងគោលនយោបាយ និងការិយាល័យធិបតេយ្យ ហើយធ្វើឲ្យមានតម្លាភាព។ លោក បានលើកទឹកចិត្តឲ្យរដ្ឋបាលរបស់លោកបញ្ចូលបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ដើម្បីអភិវឌ្ឍប្រព័ន្ធដែលមានបច្ចុប្បន្ន ដែលធ្វើដូច្នេះ លោកជឿជាក់ថា ប្រជាជនអាចនឹងងាយស្រួលក្នុងការដំណើរការងាររបស់ពួកគេ។ 
 
សម្រាប់លោក វិបត្តិ Covid-19 បានផ្តល់ពេលវេលាមួយសម្រាប់យល់ដឹងពីបញ្ហាក្នុងប្រព័ន្ធរដ្ឋបាលបន្ថែម ហើយធ្វើឲ្យរដ្ឋាភិបាលធ្វើការកែទម្រង់ឲ្យកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។ ក្នុងអាណត្តិទី២របស់លោក ប្រមុខដឹកនាំកំពូលរូបនេះ បានប្តេជ្ញា កសាងប្រព័ន្ធដ៏មានប្រសិទ្ធភាព និងគណនេយ្យភាពមួយ ដែលធានាបាននូវភាពស្អាតស្អំ និងគ្មានអំពើពុករលួយ។
 
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់មិនរាថយរបស់រដ្ឋាភិបាល លោកប្រធានាធិបតី ក៏បានជំរុញ និងលើកកម្ពស់ដល់ប្រជាជនចូលរួមចលនាប្រឆាំងអំពើពុករលួយនៅក្នុងសង្គម ដោយត្រូវចាត់ទុកនេះ ជាកាតព្វកិច្ចផ្នែកសីលធម៌មួយរបស់ប្រជាជនផងដែរ។ 
 
គួរជម្រាបផងដែរថា គិតចាប់ពីអាណត្តិទី១ របស់លោកក្នុងឆ្នាំ២០១៤ លោក ចូកូវី បានប្តេជ្ញាកែទម្រង់ប្រព័ន្ធសេវាសាធារណៈឲ្យស្អាតស្អំ ពោលគឺគ្មានអំពើពុករលួយ។ កន្លងមក លោកប្រធានាធិបតី ក៏ធ្លាប់បានដោះដូរ និងរុះរើគណរដ្ឋមន្ត្រីរបស់លោកជាញឹកញាប់ផងដែរ ហើយនេះ គឺជាកំណែទម្រង់មួយដើម្បីក្រើនរម្លឹកដល់មន្ត្រីស្ពឹកស្រពន់ ខណៈមន្ត្រីជាន់ខ្ពស់ពុករលួយ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com