ជាតិ
KOICA ផ្តល់ជំនួយសន្តិសុខស្បៀងដល់ជនក្រីក្រ ២០០០គ្រួសារ ដែលរងគ្រោះដោយសារកូវីដ-១៩
31, Aug 2020 , 9:29 am        
រូបភាព
រូបភាពពី  KOICA
រូបភាពពី KOICA
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់កញ្ចប់ជំនួយសន្តិសុខស្បៀង ដល់ប្រជាជនក្រីក្រចំនួន ២០០០គ្រួសារ ដែលកំពុងជួបការលំបាក។ ការផ្ដល់កញ្ចប់ជំនួយសន្តិសុខស្បៀងនេះ ផ្ដល់ដល់ជនក្រីក្រនៅតំបន់គោលដៅចំនួន៦ខេត្តក្រុង រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ក្រចេះ ឧត្តមានជ័យ បាត់ដំបង និងខេត្តសៀមរាប។



ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ខែសីហា KOICA បានទិញផលិតផលក្នុងស្រុក ដើម្បីរៀបចំជាកញ្ចប់ស្បៀង ចែកជូនប្រជាជនងាយរងគ្រោះចំនួន ២០០០គ្រួសារ ដោយក្នុងនោះមានប្រជាជនចំណាកស្រុក ប្រជាជនជួបការលំបាកនៅទីលានចាក់សំរាម និងប្រជាជនក្រីក្រ។ បើតាម KOICA ប្រជាជនងាយរងគ្រោះទាំង២០០០គ្រួសារ រស់នៅតំបន់គោលដៅចំនួន៦ខេត្តក្រុង រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ក្រចេះ ឧត្តមានជ័យ បាត់ដំបង និងខេត្តសៀមរាប។
 
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បញ្ជាក់ថា ការផ្តល់កញ្ចប់ស្បៀងនេះ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េ។ បើតាមទំព័រហ្វេសប៊ុក KOICA ក្នុងកញ្ចប់ជំនួយនោះ មានដូចជា ម្ហូបអាហារ និងផលិតផលសុខភាពចំនួន ១២មុខ។ 
 
ទាក់ទងនឹងជំនួយសន្តិសុខស្បៀងនេះ លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា៖ «យើងបានព្យាយាមប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើន ដែលផលិតដោយសហគ្រាសសង្គម និងផលិតដោយជនងាយរងគ្រោះ ដូចនេះយើងមិនត្រឹមតែអាចជួយប្រជាជនស្ថិតនៅក្នុងគម្រោងជំនួយរបស់យើងប៉ុណ្ណោះទេ គឺយើងបានជួយដល់សេដ្ឋកិច្ចនិងប្រជាជនដែលកំពុងជួបការលំបាកបន្ថែមទៀត»។
 
សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសដៃគូ ហើយក៏ជា តំណាងរបស់អង្គភាពសហប្រតិបត្តិការណ៍អភិវឌ្ឍន៍ របស់សាធារណរដ្ឋកូរ៉េ ដែលអនុវត្តន៍កម្មវិធីថ្នាក់ជាតិ, កម្មវិធីជាសកល, ជំនួយមនុស្សធម៌ និងគម្រោងមូលនិធិសម្រាប់លុបបំបាត់ជំងឺឆ្លងជាអន្តរជាតិ៕
 

Tag:
 KOICA
  ជំនួយ
  ក្រីក្រ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com