ជាតិ
សេដ្ឋកិច្ច
ចាប់ពីឆ្នាំ២០២១ទៅ រដ្ឋនឹងយកពន្ធលើចំណេញមូលធន២០ភាគរយ
30, Aug 2020 , 3:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមប្រមូលពន្ធលើចំណេញលើមូលធនចំនួន២០ភាគរយ ចាប់ថ្ងៃទី១មករា ឆ្នាំ២០២១។ នេះជាការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ មូលធនសំដៅដល់អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។

 
បើតាមលោក គង់ វិបុល ក្នុងកម្មវិធីស្តីពី«ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ថ្មី» របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីព្រឹកថ្ងៃទី២៧សីហា ការយកពន្ធប្រាក់ចំណេញលើអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធននេះ គឺមិនមែនជាពន្ធថ្មីដែលទើបបង្កើតឡើយ។ 
 
អគ្គនាយកពន្ធដាររូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលបានបង្កើតពន្ធប្រភេទនេះ នៅក្នុងច្បាប់ថវិកាជាតិ តាំងឆ្នាំ២០១០ មកម្ល៉េះ ហើយឱ្យអនុវត្តការយកពន្ធនេះនៅក្នុង ឆ្នាំ២០២០។ ប៉ុន្តែ ដោយសារត្រូវការពេលវេលាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តនៅដើមឆ្នាំ២០២១។
 
លោកគង់ វិបុល មានប្រសាសន៍ដូច្នេះ៖«តាមពិតរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធនេះ ចាប់តាំងពីថ្ងៃទី១កក្កដា ឆ្នាំ២០២០មកម្ល៉េះ។ ប៉ុន្តែដោយសារតែយើងខ្ញុំត្រូវការពេលវេលាដើម្បីផ្សព្វផ្សាយ ដូច្នេះមានការពន្យារពេលនៃការអនុវត្តលើពន្ធលើចំណេញមូលធននេះ ទៅថ្ងៃទី១មករា ឆ្នាំ២០២១វិញ»។
 
សូមបញ្ជាក់ថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលថ្លៃពន្ធអាករគ្រប់ប្រភេទ ចូលថវិកាជាតិ បានប្រមាណ១,៨៧៧លានដុល្លារ។ តួលេខនេះ បានកើនឡើង៩,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៩៕
 

Tag:
 ពន្ធដារ
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com