ជាតិ
រដ្ឋមន្ត្រីកសិកម្មណែនាំមន្រ្តីជលផល និងអាជ្ញាធរមូលដ្ឋាន ជួយជំរុញការចិញ្ចឹមត្រី និងកង្កែប
30, Aug 2020 , 4:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូប​កណ្ដាល​លើក​ដៃ​សំពះ)
លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូប​កណ្ដាល​លើក​ដៃ​សំពះ)
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង។ លោករដ្ឋមន្រ្តី បន្តថា កសិករត្រូវប្រែក្លាយវិបត្តិទៅជាឱកាសមាស ដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមគ្រួសារ។

 
កាលពីថ្ងៃទី២៩ សីហា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចែកកូនត្រីអណ្ដែង និងកូនកង្កែប ដល់កសិករចំនួន ៥៨គ្រួសារ នៅក្នុងខេត្តប៉ៃលិន។ នាពិធីចែកកូនត្រីអណ្ដែង និងកូនកង្កែប លោក វេង សាខុន បានលើកឡើងថា៖ «អនុវិស័យវារីវប្បកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណៈគ្រួសារ ក្នុងក្របខណ្ឌបច្ចេកទេសសមស្រប ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន។ ពិសេសរក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលកូវីដ-១៩»។ 
 
បើតាមលោក វេង សាខុន មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវតាមដានរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹម ដើម្បីធ្វើយ៉ាងណាឲ្យអាជីពនេះរីកដុះដាលល្អ និងទទួលបានផលជាបន្តបន្ទាប់។ រដ្ឋមន្រ្តីកសិកម្ម ក៏ជំរុញដល់មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះផ្សព្វផ្សាយបណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច។
 
លោក វេង សាខុន បន្តជំរុញដល់មន្រ្តីរបស់ខ្លួន ឲ្យបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារកសិករ ដែលមានបំណងពង្រីកអាជីវកម្មបន្ថែម និងសម្រាប់កសិករដែលចង់ចាប់ផ្តើមចិញ្ចឹម។ លោក វេង សាខុន បន្ថែមថា មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវចងក្រងបណ្តុះអាជីវកម្ម ដើម្បី ចូលរួមគ្នាជាកម្លាំងចលករផលិត កែច្នៃ និងទទួលបានព័ត៌មានពីតម្លៃបន្ថែម ពិសេសទទួលបានបច្ចេកទេស និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ។
 
សូមបញ្ជាក់ថា កសិករចិញ្ចឹមត្រីអណ្តែង មានចំនួន ៣៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានកូនត្រី ៧០០ ក្បាល ចំណី ១០០គីឡូក្រាម និងតង់ ១។ ចំណែក កសិករចិញ្ចឹមកង្កែប ២៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ១០០គីឡូក្រាម, តង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់៕
 

Tag:
 កសិកម្ម
  ត្រី
  កង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com