ឃុំអរិយក្សត្រលម្អដោយដំណាំ «ស្លឹកគ្រៃ» ដែលស្រួលដាំ ធន់នឹងអាកាសធាតុ ហើយមានទីផ្សារ
ជាតិ
សេដ្ឋកិច្ច
ឃុំអរិយក្សត្រលម្អដោយដំណាំ «ស្លឹកគ្រៃ» ដែលស្រួលដាំ ធន់នឹងអាកាសធាតុ ហើយមានទីផ្សារ
30, Aug 2020 , 4:59 pm        
រូបភាព
កសិករ ប៉ុក ទួក កំពុងប្រមូលផលស្លឹកគ្រៃដែលកាត់រូចសម្រាប់សម្រាប់ឈ្មូញ(ម៉ូយ) កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២០។
កសិករ ប៉ុក ទួក កំពុងប្រមូលផលស្លឹកគ្រៃដែលកាត់រូចសម្រាប់សម្រាប់ឈ្មូញ(ម៉ូយ) កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២០។
កណ្តាល៖ ការដាំស្លឹកគ្រៃយកគល់លក់ បានក្លាយជាដំណាំយុទ្ធសាស្ត្រ របស់ប្រជាកសិករឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្លឹកគ្រៃ មិនត្រឹមជាដំណាំស្រួលដាំដុះ ធន់នឹងអាកាសធាតុក្តៅនោះទេ  គឺថែមទាំងមានទីផ្សារល្អថែមទៀត ពិសេសរយៈពេល២ឆ្នាំចុងក្រោយនេះ មានតម្លៃពី៨០០ទៅ១,២០០រៀលក្នុងមួយគីឡូក្រាម ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះនាំគ្នាសម្រុកស្លឹកគ្រៃគ្រប់ទីកន្លែង។

 
បច្ចុប្បន្នទីផ្សារគល់ស្លឹកគ្រៃមានច្រើន ហើយថែមទាំងមានតម្លៃល្អទៀត។ នេះជាការលើកឡើងរបស់ស្ត្រីជាកសិករមាឌធំ សម្បុរស្រអែមម្នាក់ ដោយក្បាលមានទទូលក្រមា និងពាក់មួកពីលើ កំពុងអង្គុយកាត់និងរៀបចំគល់ស្លឹកគ្រៃយ៉ាងមានរបៀបសម្រាប់ទុកឱ្យឈ្មួញមកយកដល់ចម្ការតែម្តង។ អ្នកស្រី ប៉ុក ទួក ជាកសិករមានបទពិសោធន៍ដាំស្លឹកគ្រៃអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃៗ កសិកររូបនេះ មានលទ្ធភាពផ្គត់ផ្គង់គល់ស្លឹកគ្រៃឱ្យទីផ្សារបានពី២០០ទៅ៣០០តោន។ 


កសិករ ប៉ុក ទួក កំពុងអង្គុយកាត់ និងបកគល់ស្លឹកគ្រៃ នៅក្នុងចម្ការស្លឹកគ្រៃនៅភូមិវត្តខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២០។ 
 
ស្ថិតនៅក្នុងចម្ការស្លឹកគ្រៃមួយកន្លែងនៅភូមិវត្តខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល អ្នកស្រីប៉ុក ទួក កំពុងមមាញឹកដោយដៃកាន់កាំបិតតាំងតោកាប់ស្លឹកគ្រៃបណ្តើរៗ និយាយប្រាប់សារព័ត៌មានថ្មីៗបណ្តើរ ដូច្នេះ «រាល់ថ្ងៃបើគល់ស្លឹកគ្រៃយើងអត់សូវល្អ មានគល់តូច-ធំលាយគ្នា យើងលក់បាន៨០០រៀលក្នុងមួយគីឡូក្រាម។ តែបើគល់គ្រៃយើងមានដើមធំស្មើគ្នា មួយគីឡូយើងលក់បាន១,២០០រៀលដែរ»។ 
 
កសិករមានវ័យ៤៧ឆ្នាំរូបនេះបានបន្តថា៖ «យើងដាំ និងកាត់[គល់ស្លឹកគ្រៃ]រាល់ថ្ងៃហ្នឹង មិនឱ្យគ្រប់នឹងទីផ្សារផង។ ឈ្មួញខ្លះគេនៅយកគល់ស្លឹកគ្រៃពីប្រទេសវៀតណាមបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ»។ បច្ចុប្បន្ន អ្នកស្រីប៉ុក ទួក  បានបន្ថែមផ្ទៃដីដាំស្លឹកគ្រៃ ដោយបានជួលដីគេ២កន្លែងសម្រាប់ដាំស្លឹកគ្រៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ 
 
បើតាមអ្នកស្រី ប៉ុក ទួក ស្លឹកគ្រៃដាំបានគ្រប់រដូវកាល មិនរើសដី និងមិនមានកត្តារំខានពីសត្វចង្រៃណាឡើយ។ ជាមួយគ្នានេះ កសិកររូបនេះទៀតដែលកំពុងនៅក្នុងចម្ការស្លឹកគ្រៃ មានចម្ងាយបានប្រមាណ៣០០ម៉ែត្រពីចម្ការអ្នកស្រី ប៉ុក ទួក ក៏បានលើកឡើងមិនខុសគ្នាប៉ុន្មានដែរ។ 
 
អ្នកស្រី បូ សុផល បានចាប់មុខរបរដាំស្លឹកគ្រៃយកគល់លក់នេះ តាំងឆ្នាំ១៩៩០មកម្លេះ។ កសិករដែលកំពុងអង្គុយកាត់ស្លឹកគ្រៃ ក្បាលរុំនឹងក្រមាពណ៌បៃតងនៅក្រោមពន្លឺព្រះអាទិត្យនាម៉ោងប្រមាណ១០ព្រឹកនោះ បាននិយាយថា៖«ស្លឹកគ្រៃយើងដាំតែបីខែទេ អាចប្រមូលបានហើយ។ ប៉ុន្តែរយៈបីខែបានផលហ្នឹង ក៏ទាមទារឱ្យយើងថែទាំ បាច់ជី ពិសេសស្រោចទឹកឱ្យបានដិតដល់ផងដែរ»។  
 
បើតាមកសិករមានដើមកំណើតក្នុងឃុំអរិយក្សត្ររូបនេះ រយៈពេល២០ឆ្នាំនៃការប្រកបមុខរបរដាំស្លឹកគ្រៃមកនេះ គឺទើបតែជិត៣ឆ្នាំចុងក្រោយនេះទេ គល់ស្លឹកគ្រៃមានតម្លៃខ្ពស់  ហើយថែមទាំងមានទីផ្សារច្រើនទៀត។ អ្នកស្រី សុផល បន្តរៀបរាប់ទាំងក្តីរំភើបនៅថា៖«២-៣ឆ្នាំចុងនេះ គល់ស្លឹកគ្រៃយើងបោះដុំឱ្យឈ្មួញថោកបំផុតក៏បាន៨០០រៀលក្នុងមួយគីឡូក្រាមដែរ។ បើធៀបនឹងឆ្នាំមុនៗមួយគីឡូយើងលក់បានត្រឹម៣០០ទៅ៥០០រៀលប៉ុណ្ណោះ»។ 
 
សព្វថ្ងៃនេះ ក្រៅដាំស្លឹកគ្រៃនៅលើដីរបស់ខ្លួនផ្ទាល់ហើយនោះ ស្ត្រីជាកសិករវ័យ៤៨ឆ្នាំរូបនេះ ក៏បានពង្រីកទំហំដីដាំស្លឹកគ្រៃនេះចំនួន២កន្លែងទៀតនៅផ្សេងពីគ្នាផងដែរ។ អ្នកស្រី បូ សុផល បានបញ្ជាក់ថា ដីទាំង២កន្លែងនោះ គឺជាដីជួលគេសម្រាប់ដាំស្លឹកគ្រៃសុទ្ធ ហើយដីមួយកន្លែងៗមានទទឹង២០ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ។ 


កសិករ បូ សុផល កំពុងអង្គុយកាត់គល់ស្លឹកគ្រៃ នៅក្នុងចម្ការស្លឹកគ្រៃនៅភូមិវត្តខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២០។ 
 
ស្លឹកគ្រៃបានក្លាយជាដំណាំយុទ្ធសាស្ត្រលំដាប់ទី២បន្ទាប់ពីដំណាំស្វាយកែវរមៀត សម្រាប់ប្រជាកសិកររស់នៅក្នុងភូមិវត្តខ្សាច់ ក៏ដូចប្រជាកសិកររស់នៅក្នុងឃុំអរិយក្សត្រទាំងមូល។ នេះជាការលើកឡើងរបស់លោក សៅ សារ៉ាង មេភូមិវត្តខ្សាច់ ដោយបន្តថា ដំណាំប្រភេទនេះគឺមានលំនឹងទីផ្សារល្អ ដោយកសិករនាំគ្នាផលិតបានប៉ុន្មានទីផ្សារទទួលយកទាំងអស់ មិនដែលសល់ ឬទុកខូចចោលនៅក្នុងចម្ការឡើយ។ 


  ចម្ការស្លឹកគ្រៃរបស់កសិករ បូ សុផល កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២០។
 
លោកបានអះអាងថា មិនថាពលរដ្ឋនៅភូមិវត្តខ្សាច់ ឬភូមិនានានៅក្នុងឃុំអរិយក្សត្រទេ ឱ្យតែមានដីទំនេរមិនថាតូច ឬធំឡើយគឺនាំគ្នាដាំស្លឹកគ្រៃទាំងអស់ ព្រោះដំណាំប្រភេទនេះងាយស្រួលដាំ និងមិនពិបាកថែទាំច្រើនដោយគ្រាន់តែស្រោចទឹកមួយថ្ងៃមួយដង ក៏បានផលដែរ។ 
 
សម្រាប់ភូមិវត្តខ្សាច់មួយប្រជាកសិករអាចផ្គត់ផ្គង់គល់ស្លឹកគ្រៃ បានជាង២០តោន ជារៀលរាល់ថ្ងៃ។ នេះបើតាមលោក សៅ សារ៉ាង ដោយបន្តនិយាយដូច្នេះ៖«បើគិតមួយថ្ងៃឈ្មួញដែលមកដឹកគល់ស្លឹកគ្រៃចេញពីភូមិវត្តខ្សាច់នេះ គឺមានមិនតិចពី២០តោនទេ មានតែលើសពីនេះទៅទៀត»។ លោក បានកត់សម្គាល់ថាមួយថ្ងៃៗមានឈ្មួញ៥-៦នាក់ចុះមកទិញគល់ទិញគល់ស្លឹគគ្រៃពីកសិករក្នុងភូមិវត្តខ្សាច់នេះ ជាប្រចាំ ហើយឈ្មួញនីមួយៗ មកទិញសុទ្ធ១តោនកន្លះ ៣តោន ៥តោន ៦តោន យកទៅផ្សារនាគមាស នៅភ្នំពេញ។ 


 ស្ត្រីម្នាក់កំពុងលើកគល់ស្លឹកគ្រៃដាក់លើម៉ូតូ នៅក្នុងចម្ការអ្នកស្រី បូ សុផល នៅភូមិវត្តខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២០។

ជាមួយគ្នាលោក ប៊ិច ចាន់ មេឃុំអរិយក្សត្របានលើកឡើងថា ដីចម្ការនៅក្នុងឃុំនេះក្រៅពីមានដំណាំស្វាយកែវរមៀតហើយនោះ ដីដែលទំនេរនៅសេសសល់ប៉ុន្មានភាគច្រើនលើសលុបគឺពលរដ្ឋនាំគ្នាំដាំស្លឹកគ្រៃ។ លោកបានបញ្ជាក់ថាយ៉ាងខ្លីថា ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ពិសេសរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរស់នៅក្នុងឃុំអរិយក្សត្រនេះមានប្រមាណ៩០ភាគរយ ងាកសម្រុកដាំស្លឹកគ្រៃគ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ផ្ទះតែម្តង៕ 


 គល់ស្លឹកគ្រៃដែលឈ្មួញដឹកចេញពីភូមិវត្តខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២០។

Tag:
 កសិកម្ម
  ស្លឹកគ្រៃ
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com