COVID-19
ជាតិ
រកឃើញជនជាតិបារាំងម្នាក់ទៀត មានជំងឺCOVID-19
31, Aug 2020 , 9:07 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញ១ករណីថ្មីនៃCOVID-19 លើបុរសជនជាតិបារាំង វ័យ៣០ឆ្នាំ ដែលបានធ្វើដំណើរពីប្រទេសបារាំង មកដល់កម្ពុជា កាលពីថ្ងៃទី៣០សីហា ឆ្នាំ២០២០។ ១ករណីថ្មីនៃ COVID-19នេះ បានធ្វើឱ្យកម្ពុជាមានអ្នកឆ្លងសរុប ២៧៤នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយចំនួន២៦៦នាក់។ នេះបើតាមសេចក្តីប្រកាសក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ សីហានេះ។



បុរស​ជនជាតិ​បារាំង​ដែល​ឆ្លង​កូ​វីដ​-១៩​នេះ មាន​អាស័យដ្ឋាន​នៅ​រាជធានី​ភ្នំពេញ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ដោយឡែក អ្នកធ្វើដំណើរ​ជាមួយ​បុរស​នេះ ចំនួន​៨០​នាក់​ទៀត ត្រូវបាន​ក្រសួងសុខាភិបាល​យក​សំណាក​ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩​អស់ហើយ ដោយ​លទ្ធផល​អវិជ្ជមាន​។ បច្ចុប្បន្ន​អ្នក​ទាំងនេះ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​បុរី​១០០​ខ្នង ចំនួន​១៦​នាក់ និង​៦៤​នាក់​ទៀត ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​៤​ទីតាំង​ផ្សេងៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ​។ 
 
​ក្រសួងសុខាភិបាល​បាន​រៀបរាប់ថា អ្នកធ្វើដំណើរ​ទាំង​៨០​នាក់​នោះ ជាមួយ​បុរស​ជនជាតិ​បារាំង​ដែល​ឆ្លង​កូ​វីដ​-១៩​ខាងលើ មាន ជនជាតិខ្មែរ​២៩​នាក់​, ចិន​១២​នាក់​, អាមេរិក​១៦​នាក់​, បារាំង​១៦​នាក់​, កាណាដា​៥​នាក់​, រុស្សី​១​នាក់ និង​ជនជាតិ​អៀរ​ឡង់​១​នាក់​។ 
 
​សូមបញ្ជាក់ថា ១​ករណី​ថ្មី​នៃ​កូ​វីដ​-១៩​ដែល​បានកើត​ឡើងលើ​បុរស​ជនជាតិ​បារាំង​ខាងលើនេះ គឺ​រកឃើញ​បន្ទាប់ពី​កម្ពុជា ខាន​រកឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ អស់​រយៈពេល​១៦​ថ្ងៃ​មកហើយ​៕​
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com