ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! ដឹង​ទេ​ទឹក​ត្រជាក់​ផ្ដល់​ផល​ល្អ​អ្វីខ្លះ​ចំពោះ​ស្បែក​?
15, Sep 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​ទឹក​ត្រជាក់​អាចជួយ​បង្កើន​ថាមពល​រាងកាយ​និង​ជួយ​ឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ​។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ការ​ងូតទឹក​ត្រជាក់​អាច​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងទៀត​ចំពោះ​ស្បែក​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ងូតទឹក​ត្រជាក់​ចំពោះ​ស្បែក ៖

 
១. វា​ផ្ដល់ឱ្យ​ស្បែក​នូវ​ភាព​ភ្លឺរលោង​មាន​សុខភាព​ល្អ​
 
​ការ​ងូតទឹក​ត្រជាក់​ល្មម​ជួយ​បង្កើន​ចរន្តឈាម​ហូរ​។ ជា​លទ្ធផល​ដែល​ផ្ដល់ឱ្យ​ស្បែក​មុខ​របស់​អ្នកមាន​ភាពស្រស់ថ្លា​។​
 
២. វា​ទប់ស្កាត់​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​
 
​ទម្លាប់​នៃ​ការ​ងូតទឹក​ត្រជាក់​ជាប្រចាំ​ជួយ​រក្សា​ភាព​ក្មេង​ជាង​វ័យ​នៃ​ស្បែក​បានយូរ​។ ទឹក​ត្រជាក់​ធ្វើឱ្យ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​មាន​ភាព​សកម្ម ហើយ​រាងកាយ​និង​ខួរ​បញ្ចេញ​អ័រម៉ូន ព្រមទាំង​សារធាតុ​គីមី​ដែល​ប្រយុទ្ធប្រឆាំង​ភាព​ស្ត្រេ​ស​។ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជា​កត្តា​ចម្បង​បំផុត​មួយ​ដែល​បង្កើន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​។​
 
៣. វា​ទប់ស្កាត់​បញ្ហា​ស្បែក​ដែល​បណ្ដាលមកពី​ភាព​ស្ត្រេ​ស​
 
​ទឹក​ត្រជាក់​រំញោច​រាងកាយ​ឱ្យ​បញ្ចេញ​សារធាតុ​គីមី​និង​អ័រម៉ូន​រីករាយ ឬ​អ័រម៉ូន endorphins ដែលមាន​ប្រសិទ្ធភាព​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ជា​លទ្ធផល​អ្នកនឹង​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​បញ្ហា​ស្បែក​ផ្សេង​ដែល​បណ្ដាលមកពី​ភាព​ស្ត្រេ​ស​។​
 
៤. វា​ជួយ​បង្រួម​រន្ធ​ញើស​
 
​ការ​ងូតទឹក​ត្រជាក់​អាចជួយ​បង្រួម​រន្ធ​ញើស​គួរឱ្យកត់សម្គាល់​។ វា​ក៏​ផ្ដល់ឱ្យ​ស្បែ​កមុខ​នូវ​ភាពស្រស់ថ្លា​សុខ​ភាពល្អ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ទឹក​ត្រជាក់​អាច​បង្រួម​ស​សៃ​ឈាម​ដែលនាំឱ្យ​មុខ​របស់​អ្នក​មើលទៅ​លែង​សូវ​ហើម ឬ​ក្រហម​។​
 
៥. វា​បន្ថយ​ភាពមិន​ស្រួល​ផ្សេងៗ​ដែល​បណ្ដាលមកពី​បញ្ហា​ស្បែក​មួយចំនួន​
 
​ខណៈដែល​ការ​ងូតទឹក​ក្ដៅ​អាច​បង្ក​ការ​រលាក​ដល់​ស្បែក​ដែលនាំឱ្យ​ស្បែក​ឡើង​ក្រហម រមាស់ និង​របក ការ​ងូតទឹក​ត្រជាក់​ផ្ដល់​ភាពផ្ទុយ​ពីនេះ​មកវិញ​។ ទឹក​ត្រជាក់​អាចជួយ​បន្ថយ ឬ​បំបាត់​ភាព​រមាស់ និង​ក្រហាយ​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com