COVID-19
អន្តរជាតិ
វៀតណាម គ្មានករណីឆ្លង COVID-19 ក្នុងស្រុកលើកដំបូង តាំងពីការផ្ទុះនៅដាណាងក្នុងខែកក្កដា មន្រ្តីសុខាភិបាលវៀតណាម ប្រមូលសំណាកយកទៅធ្វើតេស្តរកCOVID-19 នៅក្នុងខេត្ត Quang Nam។ រូបភាព៖ VnExpress
× វៀតណាម នៅថ្ងៃទី៣០ ខែសីហា បានរាយការណ៍ថា មិនមានករណីឆ្លងCOVID-19 ឡើយ។ នេះ គឺជាលើកដំបូងហើយ ដែលវៀតណាម មិនមានករណីឆ្លងជាសហគមន៍លើកដំបូងនៅក្នុងប្រទេស ចាប់តាំងពីផ្ទុះករណីឆ្លង COVID-19 នាទីក្រុងដាណាង នៅចុងខែកក្កដាកន្លងទៅ។
ទីក្រុងដាណាង នៅថ្ងៃទី២៥ ខែកក្កដា បានរាយការណ៍ថា មានករណីឆ្លងCOVID-19 ជាសហគមន៍លើកដំបូង បន្ទាប់ពីគ្មានករណីឆ្លងក្នុងស្រុករយៈពេល ៩៩ថ្ងៃ។ អាជ្ញាធរ មិនដឹងពីប្រភពចម្លងទេ ប៉ុន្តែដឹងត្រឹមថាករណីឆ្លងនោះ គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យក្នុងទីក្រុងដាណាង។ ការណ៍នេះ រដ្ឋាភិបាលវៀតណាម បានចាត់វិធានការភ្លាមៗ ដូចជាបិទក្រុងដាណាង ការរឹតត្បិតការធ្វើដំណើរ ការស្នើឲ្យពាក់ម៉ាស់ និងការរឹតបន្តឹងតាមព្រំដែនជាដើម។
ក្រៅពីវិធានការខាងលើ វៀតណាម ក៏បានបង្កើនការធ្វើតេស្ត ស្រាវជ្រាវរកអ្នកពាក់ព័ន្ធអ្នកជំងឺCOVID-19 ការដាក់ចត្តាឡីស័កជាដើម។ ចំណាត់ការទាំងនោះ គឺមានប្រសិទ្ធភាព ព្រោះអាជ្ញាធរអាចគ្រប់គ្រងករណីឆ្លងCOVID-19 ប្រចាំថ្ងៃ ឲ្យមានអត្រាឆ្លង ក្នុងកម្រិតទាបបំផុត។ នៅថ្ងៃទី២៩ ខែសីហា វៀតណាម ប្រកាសថា មានករណីឆ្លងក្នុងស្រុកតែពីរករណីប៉ុណ្ណោះ។
បន្ថែមពីលើនេះ នៅថ្ងៃទី៣០ ខែសីហា អាជ្ញាធរ បានរាយការណ៍ គ្មានករណីឆ្លងជាសហគមន៍ក្នុងប្រទេសជាលើកដំបូង បើគិតចាប់តាំងពីចុងខែកក្កដាកន្លងមក។ ចំណែកក្រសួងសុខាភិបាលវៀតណាមវិញ បានអះអាងថា ករណីផ្ទុះCOVID-19 នៅក្នុងទីក្រុងដាណាង, ខេត្តQuang Nam និងខេត្តHai Duong គឺស្ថិតនៅក្រោមការគ្រប់គ្រងហើយ ប៉ុន្តែលទ្ធភាពនៃការឆ្លងជាសហគមន៍ នៅតែខ្ពស់ដដែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ួនហ្វុក បានសរសើរថា មកទល់ពេលនេះ វៀតណាមបានគ្រប់គ្រងករណីឆ្លង COVID-19 នៅក្នុងប្រទេសបានល្អណាស់ ប៉ុន្តែអាជ្ញាធរគួរតែប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារករណីឆ្លងកូរ៉ូណាវីរុសជាថ្មី និងត្រូវយកចិត្តទុកដាក់ជាងមុនលើបញ្ហានេះ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣០ ខែសីហា វៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ១០៤០ករណី អ្នកស្លាប់ចំនួន ៣២នាក់ និងអ្នកជាសះស្បើយមានចំនួន ៦៩៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com