កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈានដល់កិច្ចព្រមព្រៀងទិញយក Van de Beek ពី Ajax តម្លៃ ៥៣លានដុល្លារ
× ក្លិប Manchester United បានឈានដល់កិច្ចព្រមព្រៀងដើម្បីទិញយកខ្សែបម្រើ Donny van de Beek របស់ Ajax បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើថ្លៃផ្ទេរ ៤០ លានផោន (៥៣លានដុល្លារអាមេរិក)។
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហមមានការពេញចិត្តពេញថ្លើមលើកីឡាករអន្តរជាតិហូឡង់ វ័យ ២៣ ឆ្នាំនេះយ៉ាងខ្លាំង តាមរយៈការតាមដានការប្រកួតរបស់គេជាច្រើនកន្លងមក។
បើតាមការផ្សាយរបស់ BBC កីឡាករ Van de Beek បានឈានដល់ការពិនិត្យសុខភាព និងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man Utd រួចហើយ ដែលនៅរង់ចាំតែការបង្ហាញខ្លួនជាផ្លូវការប៉ុណ្ណោះ។ សមាជិកក្រុមជម្រើសជាតិហូឡង់រូបនេះត្រូវបានគេជឿជាក់ថា គ្រោងនឹងចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅ Old Trafford ហើយរូបគេអាចនឹងបង្ហាញខ្លួនក្នុងជំនួបបើកឆាកឲ្យក្រុមលោក Solskjaer រដូវកាល ២០២០-២១ ជាមួយ Crystal Palace នៅថ្ងៃទី១៩ ខែកញ្ញា។
Van de Beek បានបង្ហាញខ្លួនឲ្យក្រុម Ajax ចំនួន១១៨ប្រកួត និងស៊ុតបញ្ចូលទី២៨គ្រាប់ និងជាផ្នែកមួយដ៏សំខាន់ដើម្បីជួយក្រុមនៅលីគកំពូលហូឡង់នេះឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ ២០១៩ ផង។
បើដំណើរការផ្ទេរជោគជ័យ Van de Beek នឹងក្លាយជាកីឡាករចំណូលថ្មីរបស់ Solskjaer នៅរដូវកាលនេះ បន្ទាប់ពីការចរចាទិញយកខ្សែបម្រើសញ្ជាតិអង់គ្លេស Jadon Sancho ពី Borussia Dortmund បានជាប់គាំងដោយសារតម្លៃខ្លួនថ្លៃពេក៕
Tag:
Manchester United
Donny van de Beek
Ajax
© រក្សាសិទ្ធិដោយ thmeythmey.com