ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតថ្នាក់ដឹកនាំប្រឆាំងមួយចំនួនទៀត ពិចារណាបង្កើតបក្សថ្មី
31, Aug 2020 , 1:50 pm        
រូបភាព
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តក្រុមប្រឆាំង (រូបពីទំព័រហ្វេសប៊ុក Chanrath Ou - អ៊ូ ច័ន្ទរ័ត្ន Page.)
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តក្រុមប្រឆាំង (រូបពីទំព័រហ្វេសប៊ុក Chanrath Ou - អ៊ូ ច័ន្ទរ័ត្ន Page.)
អាចនឹងមានគណបក្សថ្មីមួយទៀត ដែលមានប្រភពចេញមកពីមន្រ្តីនិងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ។ អ្នកផ្តើមគំនិតបង្កើតគណបក្សថ្មីនេះ គឺលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តក្រុមប្រឆាំង ដែលបានសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលវិញ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា៖«ប្រហែលចាប់ផ្តើមពីខ្ញុំទៅហើយ។ មើលទៅអ្នកផ្សេងមិនទាន់មានអ្នកណាចេញមកបកស្រាយរឿងហ្នឹងទេ។ ខ្ញុំ គ្រាន់តែអាចជូន [ព័ត៌មាន] ប៉ុណ្ណឹងថា ខ្ញុំ មានការគិត មានការជជែកគ្នា ក្នុងការពិចារណាចូលរួមក្នុងការបោះឆ្នោតហ្នឹង»។

យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន មិនទាន់ប្រាកដមួយរយភាគរយឡើយថា លោក ត្រូវតែបង្កើតគណបក្សថ្មី។ លោកនិងក្រុមការងាររបស់លោក កំពុងសិក្សានិងវាយតម្លៃថា លទ្ធភាពនៃការបង្កើតគណបក្សថ្មី អាចទៅរួចឬទៅមិនរួច។

លោក បន្តថា  បើមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងការបោះឆ្នោត ដោយមានការចូលរួមពីអ្នកគាំទ្រនៃអតីតគណបក្សប្រឆាំង គណបក្សថ្មីរបស់លោក នឹងលេចរូបរាងឡើង។ លោក បន្ថែមថា ផ្ទុយមកវិញ បើគ្មានកម្លាំងគាំទ្រគ្រប់គ្រាន់ ដើម្បីនឹងប្រកួតប្រជែងទេ លោក នឹងមិនបង្កើតគណបក្សថ្មីឡើយ។

ជាមួយគ្នានេះ ក្រុមការងាររបស់លោក កំពុងស្ទាបស្ទង់មើលថា តើមានការគាំទ្រនៅតាមមូលដ្ឋានដែរឬទេ ចំពោះការបង្កើតគណបក្សថ្មី។ លោក និយាយថា៖«យើង កំពុងធ្វើកិច្ចការហ្នឹង ហើយតេស្តមើលនៅតាមមូលដ្ឋានមួយចំនួនដែរថាតើ ទៅរួចឬអត់»។

មួយរយៈចុងក្រោយនេះ នៅលើបណ្តាញសង្គម មានការចែករំលែកព័ត៌មានថា មន្រ្តីនិងថ្នាក់ដឹកនាំមួយក្រុមទៀតនៃក្រុមប្រឆាំង ចង់បង្កើតគណបក្សថ្មី ដែលមានឈ្មោះថា គណបក្សកំណែទម្រង់។ នៅមានពាក្យចចាមអារ៉ាមទៀតថា លោក សុន ឆ័យ អតីតតំណាងរាស្រ្តនិងជាមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង អាចនឹងចូលរួមក្នុងគណបក្សកំណែទម្រង់នេះ។

គេ សង្ស័យបែនេះ ក្រោយពីលោក សុន ឆ័យ និងមន្រ្តីពីររូបផ្សេងទៀតនៃអតីតគណបក្សប្រឆាំង នាពេលថ្មីៗនេះ បានធ្វើលិខិតទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិនយោបាយវិញ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក សុន ឆ័យ បានឡើយ ដោយសារតែហៅទូរស័ព្ទមិនចូល។  

លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានឃើញដែរ ពីព័ត៌មាន ដែលថាក្រុមរបស់លោក ចង់បង្កើតគណបក្សថ្មី ដោយដាក់ឈ្មោះថា គណបក្សកំណែទម្រង់ និងមានការចូលរួមពីលោក សុន ឆ័យ។ លោក បកស្រាយថា ព័ត៌មាននេះ មិនទាន់អាចយកជាការបានឡើយ។

លោក ថ្លែងថា លោក មានបំណងបង្កើតគណបក្សថ្មីពិតមែន តែចំពោះការដាក់ឈ្មោះឲ្យគណបក្ស ហើយអ្នកណាខ្លះ ចូលរួមនោះ លោក មិនទាន់អាចបញ្ជាក់បាននោះទេ។ លោក គ្រាន់តែបង្ហើបថា មិនមែនមានតែលោក សុន ឆ័យ ទេ នៅមានអ្នកផ្សេងទៀត ដែលលោក បានជជែកជាមួយ ពីគម្រោងបង្កើតគណបក្សថ្មី។

លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការចូលរួមបោះឆ្នោតឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការស្តារលទ្ធិប្រជាធិបតេយ្យ ម្ល៉ោះហើយទើបលោក មានឆន្ទៈចង់បង្កើតគណបក្សថ្មី។ លោក មានប្រសាសន៍ថា៖«ឃុំ-សង្កាត់ មានសារសំខាន់ណាស់ ក្នុងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះបើយើងចង់ធ្វើ ទាល់តែយើងគិតថា ត្រូវតែមានការចូលរួមបោះឆ្នោតជ្រើសរើសមន្រ្តីមូលដ្ឋានហ្នឹង»។

ទន្ទឹមនឹងនេះ លោក មើលឃើញថា ទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ហាក់គ្មានជំហរអ្វីច្បាស់លាស់ឡើយក្នុងការដោះស្រាយវិបត្តិនយោបាយ ទោះជាមានការជួយជំរុញពីសហគមន៍អន្តរជាតិក៏ដោយ។ ការមិនអាចរំពឹងពីការរកដំណោះស្រាយនយោបាយនេះ គឺជាមូលហេតុមួយទៀត ដែលធ្វើឲ្យលោក ចង់បង្កើតគណបក្សថ្មីឡើង។

លោក អធិប្បាយថា៖«អន្តរជាតិ គេបានធ្វើហើយ ទាំងការដាក់សម្ពាធរឿង EBA និង ការលើកទឹកចិត្តឲ្យជជែកគ្នា។ នៅតែភាគីទាំងពីរ [គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង] មិនទាន់បង្ហាញជំហណាមួយដោះស្រាយវិបត្តិនយោបាយហ្នឹងទេ។ ខ្ញុំយល់ថា ពេលវេលាគ្រប់គ្រាន់ល្មមហើយ ហើយខ្ញុំមើលទៅជំហររដ្ឋាភិបាល ក៏ដូចជាជំហរគណបក្សប្រឆាំង ក៏ដូចគ្នា ហើយអន្តរជាតិ គេបានធ្វើកិច្ចការគេហើយ ដូច្នេះសរុបទៅ ប្រហែលជាមិនមានលទ្ធផលអី ក្នុងការដោះស្រាយបន្តទៀតទេ»។

មានគណបក្សពីរ-បីហើយ ដែលបែកខ្ញែកចេញមកពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង។ គណបក្សទាំងនោះ គឺ គណបក្សខ្មែរអភិរក្សនិយម មានលោក រៀល ខេមរិន្ទ ជាប្រធាន និង គណបក្សខ្មែរស្រឡាញ់ជាតិ មានលោក ជីវ កត្តា ជាប្រធាន។ លើសពីនេះ លោក គង់ គាំ ឥស្សរជននយោបាយក្រុមប្រឆាំងនិងធ្លាប់ជាមនុស្សស្និទ្ធរបស់លោក សម រង្ស៊ី បានគាំទ្រកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា បង្កើតគណបក្សមួយដោយឡែក គឺគណបក្សឆន្ទៈខ្មែរ។

អតីតគណបក្សប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។ ចំណែកថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ បច្ចុប្បន្ន លោក កឹម សុខា ដ្បិតកំពុងរស់នៅក្នុងប្រទេស តែលោក មិនអាចធ្វើសកម្មភាពនយោបាយបានឡើយ ហើយថែមទាំងកំពុងជាប់ក្តីក្តាំនៅតុលាការទៀត ខណៈលោក សម រង្ស៊ី មិនអាចចូលស្រុកបាន៕

Tag:
 អ៊ូ ច័ន្ទរ័ត្ន
  បក្សថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com