អត្ថបទពាណិជ្ជកម្ម
ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា កម្ពុជា រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការអនុវត្ត​វិធាន​សុវត្ថិភាព អនាម័យ​ចំណីអាហារ និង​បដិសណ្ឋារកិច្ច​» ដល់​អាជីវករ​នៅ​កំពង់ធំ​
31, Aug 2020 , 2:11 pm        
រូបភាព
​ខេត្តកំពង់ធំ​៖​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ - ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការអនុវត្ត​វិធាន​សុវត្ថិភាព  អនាម័យ​ចំណីអាហារ  និង​បដិសណ្ឋារកិច្ច​» ដល់​អាជីវករ​លក់ដូរ​តាមផ្លូវ​ក្នុង​ខេត្តកំពង់ធំ ដែល​វគ្គ​បណ្តុះបណ្តាល​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ  ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍​។
 
​វគ្គ​បណ្តុះបណ្តាល​នេះ  ត្រូវបាន​សម្រិត​ស​ម្រា​ង​ឡើង  មិន​ត្រឹមតែ​ក្នុង​គោលបំណង​បញ្ជ្រាប​ការយល់ដឹង​ពី​វិធាន​សុវត្ថិភាព អនាម័យ និង​សេវាកម្ម​ចំណីអាហារ  ក្នុងអំឡុងពេល​ដ៏​លំបាក​ដែល​បង្កដោយ​វីរុស​កូ​វីដ​-១៩ ប៉ុណ្ណោះ​ទេ  តែ​ក៏​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​សមត្ថភាព​សហគ្រិនភាព​ជា​ស្ត្រី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ជា​កិច្ច​ចូលរួម​ជំរុញ​ចរន្ត​ទេសចរណ៍​នៅ​កម្ពុជា ក្នុងអំឡុង​ពេលដែល​សេដ្ឋកិច្ច​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​កូ​វីដ​-១៩​។  វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​កន្លះ​ថ្ងៃ  បែង​ចែកជា​ពីរ​វគ្គ​សំខាន់ៗ គឺ​វគ្គ​ទី​១ ផ្តោតលើ​ទ្រឹស្តី  និង​វគ្គ​ទី​២ ជាការ​សង្កេត និង​អនុវត្ត​ជាក់ស្តែង  ដែលមាន​សិក្ខាកាម​ប្រមាណ​ជាង ១០០ នាក់ បាន​ចូលរួម​ទទួលយក​វគ្គ​បណ្តុះបណ្តាល​នេះ​។​


 
​ក្នុង​កម្មវិធី​នេះ​ដដែល  តាមរយៈ​កិច្ចសហការ​ដ៏​ស្អិតរ​មួ​ត​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា  ធុងសំរាម​បែងចែក ដែល​កែច្នៃ​ពី​ឈើ​ប៉ា​ឡែ​ត​ប្រើប្រាស់​រួច ចំនួន ១០០ ធុង  ត្រូវបានធ្វើ​ពិធី​ប្រគល់ជូន​រដ្ឋបាល​ខេត្តកំពង់ធំ និង​មន្ទីរ​ទេសចរណ៍​ខេត្ត ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នៅតាម​ទីសាធារណៈ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្តកំពង់ធំ​។  សកម្មភាព​នេះ តម្រង់​ទៅរក​ទិសដៅ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដែល​កំពុង​ព្យាយាម​ធ្វើ​គ្រប់​សកម្មភាព​ដើម្បី​សម្រេច​ឲ្យ​បាន​នៅត្រឹម​ឆ្នាំ​២០៣០ នូវ​គោលដៅ «​ប្រមូល​កែច្នៃ​» ឲ្យ​បាន ៥០% នៃ​ចំនួន​សំបក​វេច​ខ្ចប់​សរុប​ដែល​យើង​បាន​លក់​លើ​ទីផ្សារ​។  ជា​សក្ខីភាព​នៃ​ការសម្រេចបាន​នូវ​មួយ​ជំ​ហ៊ាន​ទៀត ចំពោះ​គោលដៅ​របស់​យើង  ក្នុង​ឆ្នាំ​២០២០​នេះ យើង​បាន​ចេញលក់​ទឹក​ពិសា​ដា​សានី​ចំនុះ ៣៥០ មី​លី​លីត្រ  ដែល​សំបក​ដប​វេច​ខ្ចប់​ទឹក​ពិសា​នេះ  ផលិត​ពី​ប្លា​ស្ទិ​ក​ដែល​បាន​កែច្នៃ​រួច ១០០% ឬ​ហៅថា «rPET» ដោយ​អនុលោម​តាម​ស្តង់ដារ​អូស្ត្រាលី និង​កាណាដា​។​


 
​លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស  បាន​ថ្លែង​ក្នុង​ពិធី​ថា​៖ «​សកម្មភាព​នា​ថ្ងៃនេះ គ្រាន់តែ​ជាការ​ចាប់ផ្តើម​មួយ​ក្នុង​ជំ​ហ៊ាន​ដំបូង ដោយ​យើង​នឹងមិន​បញ្ឈប់​ត្រឹមតែ​សកម្មភាព​ប៉ុណ្ណេះ​ទេ​។  ក្រោម​សក្តានុពល​នៃ​កិច្ចសហការ​ដ៏​រឹងមាំ​មួយ​នេះ  ក្រុមហ៊ុន​ប្តេជ្ញា​ថា​នឹងចូលរួម​សហការ និង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន  ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​»​។​
 
​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍ មានប្រសាសន៍​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នោះ​ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​ដែល​បានផ្តល់​ធុងសំរាម​កែច្នៃ​ពី​ឈើ​បា​លែ​ត (Pallet) ចំនួន​១០០​ធុង និង​ធុងសំរាម​ជ័រ​ចំនួន​២០០​ធុង ដល់​រដ្ឋបាល​ខេត្តកំពង់ធំ និង​ថែ្ល​ង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​តែងតែ​ជួយ​គាំទ្រ​ការងារ​បរិស្ថាន និង​ទីក្រុង​ស្អាត និង​សំ​ណូ​រពរ​ឲ្យ​ក្រុមហ៊ុន​នៅតែ​បន្ត​ជួយ​ការងារ​ទាំងនេះ​ទៀត​ដើម្បី​កម្ពុជា​ស្អាត កម្ពុជា​បៃតង ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣»​។​
 
​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បាន​បន្ថែមទៀតថា​«​ក្រុមហ៊ុន​ពិតជា​ចង់ឃើញ​ការបើក​ដំណើរការ​អាជីវកម្ម​លើ​វិស័យ​សេវាកម្ម​ទេសចរណ៍ ឲ្យ​មាន​ភាព​ទាក់ទាញ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​តំបន់ និង​អន្តរជាតិ​។  ជាពិសេស​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​រួមចំណែក​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង ការពារ​ហានិភ័យ​ពី​ការឆ្លង​ជម្ងឺ​រលាក​ផ្លូវដង្ហើម កូ​វីដ​-១៩»៕
 












(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com