កីឡាជាតិ
ជាតិ
​លទ្ធផល​ដ៏​តានតឹង​នា​ជំនួប ជើង​ទីមួយ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន​
31, Aug 2020 , 3:06 pm        
រូបភាព
កីឡាករ ម៉ាត់ នូរុណ (អាវស)រកគ្រាប់បាល់តាមស្មើឲ្យបឹងកេត ចំណែកកីឡាករ កែវ សុខផេង រកគ្រាប់បាល់នាំមុខឲ្យវិសាខា, រូបភាពពី CNCC
កីឡាករ ម៉ាត់ នូរុណ (អាវស)រកគ្រាប់បាល់តាមស្មើឲ្យបឹងកេត ចំណែកកីឡាករ កែវ សុខផេង រកគ្រាប់បាល់នាំមុខឲ្យវិសាខា, រូបភាពពី CNCC
ដោយ:
​ស្មើ​២​ប្រកួត និង​ឈ្នះ​ដ៏​ប្រផិតប្រផើយ​២​ប្រកួត​ទៀត នា​ជំនួប​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០​។ កាលពី​ថ្ងៃអាទិត្យ ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ សម្រេចបាន​មួយគ្រា​ប់ ដើម្បី​ជួយ​ម្ចាស់ផ្ទះ​បឹងកេត​វាយបក​តាម​ស្មើ​វិសាខា ១-១ រីឯ​ភ្នំពេញ​ក្រោ​ន វាយបក​យកឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ២-១​។ នៅ​ថ្ងៃ​សៅរ៍ ណាហ្គា​វើ​លដ៍​បានបញ្ចប់​លទ្ធផល​ស្មើ ២-២ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​កងយោធពល​ខេមរភូមិន្ទ​ស៊ី​ព្រៃវែង ម្ចាស់​ជើងឯក​ថ្នាក់​ខេត្ត​ក្នុង​លទ្ធផល​ដ៏​តានតឹង ១-០​។

 
​ការប្រកួត​ជើង​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​រវាង​ក្រុម​បឹងកេត​ជាមួយ​វិសាខា​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា ឆ្នាំ​២០២០ បានចាប់ផ្តើម​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។ យើង​សង្កេតឃើញ​កីឡាករ​ក្រុម​ទាំងពីរ​បាន​បង្កើត​ឱកាស​រៀងៗ​ខ្លួន តែ​ធ្វើ​មិនបាន​សម្រេច នាំ​ឲ្យ​ក្រុម​ទាំងពីរ​បានបញ្ចប់​ការប្រកួត​តង់​ទី​១​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ 
 
​ប៉ុន្តែ​នៅក្នុង​តង់​ទី​១​នេះ វិសាខា​ហាក់​មានឱកាស​រក​គ្រាប់​បាល់​ច្រើនជាង​ក្រុម​ម្ចាស់ផ្ទះ​បឹងកេត​។ ជាក់ស្តែង​ខ្សែប្រយុទ្ធ កែវ សុខ​ផេង មានឱកាស​ស៊ុត​សំដៅ​ទី​បឹងកេត​ពីរលើក​ក្នុង​ច​ម្លោះ​ពេល​ពីរ​នាទី ក្រោយ​ការប្រកួត​ដំណើរការបាន​ជាង​២០​នាទី​។ ក្រោយមក​កីឡាករ ស៊ិន កក្កដា និង អ៊ិន សូ​ដា​វីដ ទទួលបាន​ឱកាស​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់ តែ​នៅតែ​មិន​ទម្លុះ​សំណាញ់​ទី​បឹងកេត​។​
 
​ឈានដល់​តង់​ទី​ពីរ ការប្រកួត​ដំណើរការបាន​៩​នាទី​ខ្សែប្រយុទ្ធ កែវ សុខ​ផេង បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​វិសាខា​នៅ​នាទី​ទី​៥៤ ក្រោយ​ប្រជែង​ដណ្តើម​បាល់​បាន​ពី​ខ្សែការពារ សឿត ណា​វ៉ា​។ គ្រាប់​បាល់​ទី​ពីរ​សម្រាប់​ភ្ញៀវ​វិសាខា​ស្ទើរតែ​កើតឡើង​នៅ​នាទី​ទី​៦៣ តែ​អ្នកចាំទី ហ៊ុល គឺ​ម​ហ៊ុយ សង្គ្រោះ​បានសម្រេច​ពី​ការទា​ត់របស់​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង​។ ក្រោយមក​នៅ​នាទី​ទី​៧១​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ បាន​ស៊ុត​បាល់​យ៉ាង​ល្អ​សំដៅ​ទី​វិសាខា តែ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី កែវ សុខ​សិលា​។ 
 
៧​នាទី​ក្រោយ​ខ្សែប្រយុទ្ធ សៀង ច​ន្ធា បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ឲ្យ​កីឡាករ ជា វេ​ស្លី ហើយ​បាន​បញ្ជូន​បន្តទៅ​ឲ្យ​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ម្ចាស់ផ្ទះ​បឹងកេត​។ ទោះ​មានការ​សម្រុក​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ តែ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​នេះ​ជា​គ្រាប់​បាល់​ទី​បី​របស់ នូ​រុណ បន្ទាប់ពី​រូបគេ​សម្រេចបាន​ពីរ​គ្រាប់​ក្នុងជំនួប​ជាមួយ​ខេត្តសៀមរាប​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ តាមរយៈ​លទ្ធផល​នេះ អាចធ្វើ​ឲ្យ​ការប្រកួត​ជើង​ទី​ពីរ​កាន់​តែមាន​ភាព​តានតឹង ដ្បិត​ក្រុម​ទាំងពីរ​ទាមទារ​ជ័យជម្នះ​រៀងៗ​ខ្លួន ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
​ដោយឡែក ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែសីហា ឆ្នាំ​២០២០ ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ២-១​។ ការប្រកួត​នៅ​កីឡដ្ឋាន​ស្មា​ត អ អេស អិន ដំណើរការបាន​២២​នាទី គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​គីរីវង់​បានកើត​ឡើង ក្រោយ​កីឡាករ ជូ ហាវ ទាត់​បាល់ Free Kick បញ្ចូល​ទី​បានសម្រេច ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូត​ចប់​តង់​ទី​១​។ 
 
២០​នាទី​ដំបូង​នៃ​តង់​ទី​ពីរ​ក្រុម​ទាំងពីរ​ពុំមាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះទេ​។ តែ​ពីរ​នាទី​ក្រោយ​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បញ្ចូល​ទី​បានសម្រេច ដើម្បី​តាម​ស្មើ ១-១ សម្រាប់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​។ បាល់​ពិន័យ​នេះ​បាន​កើតឡើង​ក្រោយ​ខ្សែការពារ​របស់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ធ្វើ​ឲ្យ​កីឡាករ លឹម ពិសុទ្ធ ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​។​
 
​គ្រាប់​បាល់​នាំមុខ ២-១ សម្រាប់​ម្ចាស់ផ្ទះ​បានកើត​ឡើង​នៅ​៦​នាទី​បន្ទាប់ ក្រោយ​កីឡាករ ម៉ៅ ពិសិដ្ឋ ស៊ុត​ប្រឡោះ​ជើង​អ្នកចាំទី គង់ រ៉ា​ហ្វា​ត់ បញ្ចូល​ទី​យ៉ាង​ល្អ​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ រហូត​ចប់​តង់​ទី​ពីរ​។ លទ្ធផល​នេះ ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​មានប្រៀប​នៅ​ជើង​ទី​ពីរ ដោយ​ពួកគេ​ទាមទារ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​ឈានទៅ​វគ្គ​បន្ត​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​រវាង​ក្រុម​ណាហ្គា​វើ​លដ៍​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ខ្សែប្រយុទ្ធ នុប តុលា បាត់​បាល់​ពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាង​ល្អ ដើម្បី​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​ទី​៣៣​។ ១០​នាទី​ក្រោយមក​ប្រធាន​ក្រុម គួច សុគ​ម្ភៈ បា​នរក​គ្រាប់​តាម​ស្មើ ១-១ ឲ្យ​ណាហ្គា​វើ​ល ក្រោយ​ការបញ្ជូន​របស់​កីឡាករ សារី ម៉ាត់​ណូ​រូ​ទីន​។ 
 
​ក្រោយមក​នៅ​នាទី​ទី​៤៩​កីឡាករ គួច ដា​នី បាន​បន្ថែម​មួយគ្រា​ប់​ទៀត ដើម្បី​ជួយ​ឲ្យ​ណាហ្គា​វើ​លដ៍​នាំមុខ ២-១ លើ​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​។ នៅ​នាទី​ទី​៨៧ ឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ក្រុម​ភ្ញៀវ​បានកើត​ឡើង ក្រោយ​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ពួកគេ​។ ប៉ុន្តែ​ឱកាស​នេះ ត្រូវបាន​រំលង​ក្រោយ​អ្នកចាំទី ស៊ូ យ៉ា​ទី អាចជួយ​សង្គ្រោះ​បាល់​ពី​ការទា​ត់របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បានសម្រេច​។​
 
​ពីរ​ក្រោយមក​កីឡាករ ហួយ ផល្លី​ន បា​នរក​គ្រាប់​បាល់​តាម​ស្មើ ២-២ ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រោយ​ការលើក​ចេញពី​ជ្រុង​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​ដោយឡែក ការប្រកួត​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ ក្រុម​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​បាន​យកឈ្នះ​ក្រុម​ព្រៃវែង ដែលជា​ម្ចាស់​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ក្នុង​លទ្ធផល ១-០​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ សុខ ហៀ​ង ដែល​គ្រាប់​បាល់​នេះ​បាន​កើតឡើង​តាំងពី​នាទី​ទី​១៥​ក្នុង​តង់​ទី​១៕ 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com