អន្តរជាតិ
បារាំង ចាប់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ដែល​ជាប់​សង្ស័យ​ធ្វើ​ចារកិច្ច​ឲ្យ​រុស្ស៊ី​
31, Aug 2020 , 9:39 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parly ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅមូលដ្ឋានទ័ពអាកាស នាប្រទេសហ្ស៊កដានី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AFP
រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parly ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅមូលដ្ឋានទ័ពអាកាស នាប្រទេសហ្ស៊កដានី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AFP
​មន្ត្រី​យោធា​ជាន់ខ្ពស់​បារាំង​ម្នាក់ ដែល​តាំង​មូលដ្ឋានទ័ព​នៅ​អ៊ីតាលី ត្រូវបាន​បារាំង​ចាប់ខ្លួន និង​ឃុំខ្លួន ជុំវិញ​ករណី​សង្ស័យថា​បានធ្វើ​ចារកិច្ច និង​ផ្តល់ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ឲ្យ​រុស្ស៊ី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុង​បារាំង​Europe 1 នៅ​ថ្ងៃទី​៣០ ខែសីហា​។

 
​តាម​ការចុះផ្សាយ​របស់​វិទ្យុ Europe 1 យោធា​ជាន់ខ្ពស់​បារាំង​ម្នាក់ ដែលមាន​ឋានៈ​ជា វរសេនីយ៍ទោ ត្រូវបាន​បារាំង​ចាប់ខ្លួន ពីបទ​ធ្វើ​ចារកិច្ច​ឲ្យ​រុស្ស៊ី​។ មន្ត្រី​យោធា​រូបនេះ ធ្វើការ​នៅ​មូលដ្ឋាន​កងទ័ព​របស់​សម្ពន្ធ​យោធា​NATO នៅ​អ៊ីតាលី​។ ការចាប់ខ្លួន ធ្វើឡើង​បន្ទាប់ពី​មាន​គេ​ឃើញ​បុរស​រូបនេះ មាន​វត្តមាន​ជាមួយ បុរស​ម្នាក់ទៀត ដែលជា​សមាជិក​របស់​ភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី (GRU)​។ 
 
​មន្ត្រី​បារាំង​រូបនេះ ត្រូវបាន​ទីភ្នាក់ងារ​ចារកម្ម​បារាំង DGSI ចាប់ខ្លួន មុនពេល​រៀប​ចាក​ចេញពី​បារាំង​ទៅ​អ៊ីតាលី​វិញ​។ លោក​មក​បារាំង ដើម្បី​សម្រាក​លំហែកាយ​។ ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក រដ្ឋមន្ត្រី​ការពារជាតិ​បារាំង លោកស្រី Florence Parly បានបញ្ជាក់​ត្រឹមតែ​ព័ត៌មាន​មួយចំនួន​ប៉ុណ្ណោះ ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា​បារាំង​នេះ​។ 
 
«​អ្វីដែល​ខ្ញុំ​អាច​បញ្ជាក់បាន គឺថា​មន្ត្រីជាន់ខ្ពស់​នេះ គឺ​កំពុង​ប្រឈម​នឹង​នីតិវិធី​ច្បាប់​បំពាន​សន្តិសុខ​ជាតិ​»​។ នេះ​ជាការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​បារាំង​វ័យ​៥៧​ឆ្នាំ​។ ក្នុងន័យនេះ លោកស្រី Parly បាន​ពន្យល់ថា អាជ្ញាធរ​បារាំង បាន​ចាត់វិធានការ​ការពារ​គ្រប់យ៉ាង ដើម្បី​ធានាថា ប្រព័ន្ធយុត្តិធម៌​អាចធ្វើ​កិច្ចការ​របស់ខ្លួន​បាន ដោយ​គ្មាន​ការ​បែកធ្លាយ​ការសម្ងាត់​របស់​រដ្ឋ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ប្លុក​សន្តិសុខ និង​ការពារជាតិ​បារាំង Mamouth ជនសង្ស័យ​រូបនេះ កំពុងធ្វើការ​ស្ថិតនៅ​មូលដ្ឋាន​យោធា​នៅក្នុង​ទីក្រុង Naples ដែល​ស្ថិតនៅ​ភាគខាងត្បូង​អ៊ីតាលី​។ ទីក្រុង​នេះ មាន​មូលដ្ឋាន​ធំ​មួយ​របស់​កងទ័ព​រប​ស់​បក្សសម្ព័ន្ធ​យោធា NATO ប្រចាំ​អ៊ីតាលី​។ 
 
​តាមពិតទៅ នេះ​មិនមែនជា​លើក​ទី​១ ទេ ដែល​បារាំង​ចាប់ខ្លួន​មនុស្ស ពីបទ​យកការណ៍​ឲ្យ​កម្លាំង​បរទេស​។ នៅ​ខែកក្កដា​កន្លងទៅ បារាំង បាន​ចាប់ខ្លួន​អតីត​ចារកម្ម​បារាំង​ពីរ​នាក់ ពីបទ​ផ្តល់ព័ត៌មាន​សំខាន់​ឲ្យ​ចិន​។ នៅក្នុង​ឆ្នាំ​២០០១ មន្ត្រី​យោធា​បារាំង​ម្នាក់ ត្រូវបាន​តុលាការ​រកឃើញ​កំហុស​ពីបទ​ផ្តល់ព័ត៌មាន​សំខាន់​ឲ្យ​ស៊ែ​ប៊ី​ផងដែរ​៕

Tag:
 បារាំង​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com