សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នករាជានិយម​ថៃ​ជាង​១០០០​នាក់ បង្ហាញ​ការគាំទ្រ​មហាក្សត្រ ក្រោយ​ផ្ទុះ​ការតវ៉ា​ឲ្យ​កែទម្រង់​...
31, Aug 2020 , 3:42 pm        
រូបភាព
បាតុករគាំទ្ររាជានិយមថៃ ជួបជុំក្នុងកីឡដ្ឋានមួយក្នុងទីក្រុងបាងកក។ រូបភាព Reuters
បាតុករគាំទ្ររាជានិយមថៃ ជួបជុំក្នុងកីឡដ្ឋានមួយក្នុងទីក្រុងបាងកក។ រូបភាព Reuters
​អ្នករាជានិយម​ថៃ​ប្រមាណ​១២០០​នាក់ នៅ​ថ្ងៃទី​៣០ ខែសីហា​បាន​ជួបជុំគ្នា​ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​លើ​ស្ថាប័ន​មហាក្សត្រ ដែល​នៅ​រយៈពេល​ចុងក្រោយ រង​ការវាយប្រហារ​មិន​ធ្លាប់មាន​។ ពួកគេ បានស្នើ​ឲ្យ​ប្រជាជន​ថៃ​ការពារ​ស្ថាប័ន​កំពូល​មួយ​នេះ​ដោយ​អះអាងថា មហាក្សត្រ​មិនមាន​តួនាទី​ក្នុងការ​គ្រប់គ្រង​ប្រទេស​ឡើយ​។ ពួកគេ ក៏បាន​ដាក់​ការទាមទារ​ចំនួន​បី​ដែល​ផ្ទុយ​ពី​ការទាមទារ​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ផងដែរ​។​

 
​នៅ​ថៃ បាតុកម្ម​ត្រូវបាន​រៀបចំ​ស្ទើរ​មិន​លស់​ថ្ងៃ​។ ភាគច្រើន​នៃ​ការប្រមូលផ្ដុំ គឺ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ បាតុករ​ភាគច្រើន​ជា​យុវជន និស្សិត​សាកលវិទ្យាល័យ និង​សិស្ស​ក្រោម​ឧ​ត្ត​មសិ​ក្សា​ជាដើម ដោយ​ពួកគេ​ទាមទារ​ឲ្យ​រំលាយ​សភា និង​កែ​រដ្ឋធម្មនុញ្ញ​ជាដើម​។ បាតុករ​វ័យក្មេង ក៏​ថែម​ទាមទារ​ដោយ​ចំហ​ឲ្យ​មាន​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ​ដ៏​មាន​ឥទ្ធិពល​ផងដែរ​។ 
 
​នៅពេល​មនុស្ស​វ័យក្មេង​ធ្វើបាតុកម្ម​ដែល​ប៉ះពាល់​ដល់​មហាក្សត្រ ប្រជាជន​ថៃ​មួយចំនួន​ដែលជា​អ្នករាជានិយម ក៏​នាំគ្នា​ធ្វើបាតុកម្ម​ដូចគ្នា​ដើម្បី​បង្ហាញ​ការគោរព​ដល់​មហាក្សត្រ​ដែរ​។ ចលនា​ថៃ​ភក្តី ដែលមាន​សមាជិក​ជា​ជនជាតិ​ថៃ​វ័យ​ចំណាស់ៗ បាន​ជួប​ក្នុង​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងែ​ទី​៣០ ខែសីហា ជាមួយនឹង​បដា​ជាច្រើន​សរសេរថា សង្គ្រោះ​ជាតិ​, កុំ​រករឿង​អ្នក​ស្មោះត្រង់ ឬ​បើ​ចង់​ផ្ដួលរំលំ​រាជានិយម ត្រូវ​កន្លង​សព​ខ្ញុំ​ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
​បើតាម​កាសែត​ដដែល លោក Warong Dechgitvigrom អ្នកនយោបាយ​ស្ដាំនិយម និង​ជា​អ្នកបង្កើត​ក្រុម​ខាងលើ​ក្នុង​ខែសីហា​នេះ អះអាងថា ក្រុម​របស់លោក​មាន​គោលដៅ​ការពារ​ស្ថាប័ន​មហាក្សត្រ​ជាមួយ​ចំណេះដឹង និង​ការពិត​។ លោក​បន្តថា ជម្លោះ​ក្នុងប្រទេស​កើតចេញពី​អ្នកនយោបាយ ហើយ​ព្រះមហាក្សត្រ​ក៏​គ្មាន​ព្រះរាជតួនាទី​អ្វី​ក្នុងការ​ដឹកនាំ​ប្រទេស​ដែរ តែ​ជាការ​គាំទ្រ​ផ្នែក​សីលធម៌​ដើម្បី​ភ្ជាប់​ប្រជាជន​ប៉ុណ្ណោះ​។​
 
​ជាមួយគ្នានេះ បាតុករ​មួយក្រុម ក៏បាន​ដាក់​ការទាមទារ​របស់ខ្លួន​ទៅកាន់​រដ្ឋាភិបាល​ថៃ​ផងដែរ ដោយ​ក្នុងនោះ​មានការ​ទាមទារ​ឲ្យ​រក្សា​សភា ការអនុវត្ត​ទោស​អតិបរមា​លើ​អ្នក​ដែល​ចង់​ផ្ដួល​រាជានិយម និង​ការកែ​រដ្ឋធម្មនុញ្ញ​តាម​នីតិ​វិធិ​សមស្រប​ផងដែរ​។ ការទាមទារ​ទាំងនេះ ហាក់​ផ្ទុយ​ពី​ការចង់បាន​របស់​បាតុករ​ជា​យុវជន ខណៈ​ការស្នើ​ឲ្យ​ដាក់ទោស​ធ្ងន់ធ្ងរ​លើ​អ្នក​ប្រមាថ​មហាក្សត្រ ក៏​ត្រូវបាន​មើលឃើញថា សំដៅលើ​ក្រុមយុវជន​ដែរ​។​
 
​ការធ្វើ​បាតុកម្ម​ម្ខាងៗ​បែបនេះ កំពុង​ក្លាយជា​ការព្រួយបារម្ភ​សម្រាប់​ថៃ ព្រោះ​វា​ជា​សញ្ញា​បង្ហាញ​ពី​ការបែកបាក់​ក្នុងសង្គម​។ លោក ប្រា​យុទ្ធ ផ្ទាល់ ក៏​ធ្លាប់​លើកឡើង​ដែរ​ថា ថៃ​នឹង​ធ្លាក់​ក្នុង​ភ្លើង​ជម្លោះ ប្រសិនបើ​ការបែងចែក​បន្ត​មាន​បែបនេះ​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com