ជាតិ
គណៈសង្ឃនាយក អំពាវនាវដល់គ្រប់វត្តអារាម ចូលរួមទប់ស្កាត់កូវីដ-១៩ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត
× ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ៣-១៧ កញ្ញាខាងមុខ គណៈសង្ឃនាយក អំពាវនាវដល់ព្រះសង្ឃគ្រប់វត្តអារាម និងពុទ្ធបរិស័ទទាំងអស់ ចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ បើតាមព្រះរាជសាររបស់គណៈសង្ឃនាយក នៅគ្រប់វត្តអារាម ត្រូវមានកន្លែងពិនិត្យសុខភាព មុនពេលចូលទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ដោយត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ និងទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រជាពលរដ្ឋកម្ពុជា ដែលកាន់សាសនាព្រះពុទ្ធ នឹងរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅទីអារាមនានាក្នុងប្រទេសកម្ពុជា។ ដើម្បីចូលរួមទប់ស្កាត់ និងការពារពីការរីករាលដាលនៃជំងឺកូវីដ-១៩ គណៈសង្ឃនាយក អំពាវនាវដល់ព្រះសង្ឃគ្រប់អង្គ ត្រូវរៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ និងមានអនាម័យបរិស្ថានល្អ។ ព្រះរាជសាររបស់គណៈសង្ឃនាយក បញ្ជាក់ថា ចៅអធិការវត្តទូទាំងប្រទេស ត្រូវសូធ្យព្រះធម៌មាន រតនសុត្តារម្ភៈ និងរតនសូត្រ ឲ្យបានកងរំពងគ្រប់វត្តអារាម។
គណៈសង្ឃនាយក លើកឡើងថា គ្រប់វត្តអារាម មិនត្រូវមានការប្រមូលផ្ដុំមនុស្សច្រើនពេកនោះ ពិសេសហាមឃាត់អ្នកដែលមានការពាក់ព័ន្ធជាអ្នកឆ្លងកូវីដ-១៩។ ជាមួយគ្នានេះ គ្រប់វត្តអារាម ត្រូវរៀបចំកន្លែងពិនិត្យសុខភាព មុនពេលចូលទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ដោយត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ និងទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមព្រះរាជសាររបស់គណៈសង្ឃនាយកចេញផ្សាយថ្ងៃទី២៦ សីហា៕
Tag:
ភ្ជុំបិណ្ឌ
គណៈសង្ឃនាយក
© រក្សាសិទ្ធិដោយ thmeythmey.com