អន្តរជាតិ
មេ UN ទទូច​ឲ្យ​ឥណ្ឌា​បញ្ឈប់​ការប្រើប្រាស់​ឧស្សាហកម្ម​ធ្យូងថ្ម​ដើម្បី​ជួយ​បរិយាកាស​ផែនដី​
31, Aug 2020 , 10:19 pm        
រូបភាព
ទិដ្ឋភាពអ័ព្ទក្នុងរដ្ឋធានីញូវដែលីដោយសារការបំពុលខ្យល់នាពេលកន្លងមក។ រូបភាព Xinhua
ទិដ្ឋភាពអ័ព្ទក្នុងរដ្ឋធានីញូវដែលីដោយសារការបំពុលខ្យល់នាពេលកន្លងមក។ រូបភាព Xinhua
ដោយ៖​កង ម៉េង​ហុង
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​ប្រទេស​ឥណ្ឌា​បញ្ឈប់​រាល់​ការសាងសង់​ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​សាកល​។​


​ប្រមុខ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres បាន​ទទូច​អោយ​ប្រទេស​ឥណ្ឌា​ងាក​ចេញពី​ឧស្សាហកម្ម​ធ្យូងថ្ម​យ៉ាង​ឆាប់រហ័ស និង​ជា​អចិន្ត្រៃយ៍ ដ្បិតថា វា​ជាការ​វិនិយោគ​ដែល​គ្មាន​បាន​ប្រយោជន៍ និង​មាន​ផលប៉ះពាល់​ខ្លាំង ថ្វីបើ​វា​មាន​តម្លៃថោក​ក៏ដោយចុះ​។ 
 
«​ធ្យូងថ្ម​មិនមែនជា​ការវិនិយោគ​ដែល​បាន​ផល​មកវិញ​ទេ ហើយ​វា​ក៏​គ្មាន​តម្លៃ​ពាណិជ្ជកម្ម​ដែរ ពោលគឺ​ជំនួញ​ថាមពល​ធ្យូងថ្មនេះ​នឹង​រលាយ​តាម​ផ្សែង​ប៉ុណ្ណោះ​»​។ នេះ​ជាស​ម្តី​លោក Guterres ក្នុង​វេទិកា​តាម​អន​ឡាញ​មួយ​ដែល​រៀបចំឡើង​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ សីហា​។​
 
​យោងតាម​សារព័ត៌មាន The Guardian អគ្គលេខាធិការ​រូបនេះ​បន្តទៀតថា ឥណ្ឌា​មានលទ្ធភាព​អាច​ក្លាយជា​ប្រទេស​មហាអំណាច​ពិភពលោក​ដ៏​ពិតប្រាកដ​មួយ​ដែល​អាច​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ បើ​ប្រទេស​នេះ​បង្កើនល្បឿន​ក្នុងការ​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ទៅជា​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​។​
 
​យ៉ាងណាមិញ រដ្ឋាភិបាល​ឥណ្ឌា​ហាក់​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ប្តេជ្ញាចិត្ត​សារជាថ្មី​ចំពោះ​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដោយសារ​ជារឿយៗ​ប្រទេស​ឥណ្ឌា​រមែង​ប្រកាន់យក​នូវ​គោលជំហរ​មួយ​ដែល​សង្កត់ធ្ងន់ថា  ប្រទេស​អ្នកមាន​គួរតែ​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ការ​បំ​ភាយ​ឧស្ម័ន​ពុល រីឯ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​គួរ​បន្ត​ប្រើប្រាស់​ហ្វូ​ស៊ី​ល​ឥន្ធនៈ​។ រដ្ឋាភិបាល​នេះ​ក៏​បន្ត​ជំរុញ​ការផលិត​ថាមពល​ធ្យូងថ្ម​ជំនាន់​ថ្មី ទោះបីជា​តម្លៃ​នៃ​ថាមពល​កកើតឡើង​វិញ​បាន​ធ្លាក់ចុះ​ក៏ដោយ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Guterres បាន​ជំទាស់​ជំហរ​របស់​ឥណ្ឌា ដោយ​លោក​បាន​ព្រមាន​ថា ប្រជាជន​ឥណ្ឌា អាច​នឹងរង​ផលប៉ះពាល​ធ្ងន់ធ្ងរ ក្នុងករណី​ដែល​គេ​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ធ្យូងថ្ម​។ គ្រោះថ្នាក់​នោះ​វា​ស្តែងឡើង​តាមរយៈ​ការបំពុល​បរិយាកាស ហើយ​វា​ធ្វើឱ្យ​ទីក្រុង​ជាច្រើន​នៅ​ឥណ្ឌា​ទទួលផល​ប៉ះពាល់​ខ្លាំង​ដែរ​។​
 
«​ការវិនិយោគ​លើ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​មានន័យថា វា​នឹង​ធ្វើអោយ​អត្រា​ស្លាប់​របស់​មនុស្ស និង​អត្រា​កើត​ជំងឺ​របស់​ប្រជាជន​កើនឡើង​កាន់តែច្រើន ហើយ​ការចំណាយ​លើ​ការថែទាំ​សុខភាព​ក៏​កើន​ឡើងជា​លំដាប់​។ និយាយ​ឲ្យ​ខ្លី​គឺ វា​ជា​គ្រោះមហន្តរាយ​មនុស្សជាតិ និង​ភាពដុនដាប​នៃ​សេដ្ឋកិច្ច​»​។ ប្រមុខ​អង្គការសហប្រជាជាតិ​សង្កត់ធ្ងន់​ដូច្នេះ​៕ 
 

Tag:
 ឥណ្ឌា​
  ធ្យូងថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com