ជាតិ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ ក្រសួងសុខាភិបាល រំឭក​ពលរដ្ឋ​ឲ្យ​បន្ត​វិធាន​អនាម័យ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩
31, Aug 2020 , 4:22 pm        
រូបភាព
សកម្មភាព​ប្រជាពុទ្ធបរិស័ពរាប់​បាត្រនា​ថ្ងៃ​កាន់ទី១បិណ្ឌ​​ក្នុងឆ្នាំ​២០១៨
សកម្មភាព​ប្រជាពុទ្ធបរិស័ពរាប់​បាត្រនា​ថ្ងៃ​កាន់ទី១បិណ្ឌ​​ក្នុងឆ្នាំ​២០១៨
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ណែនាំ​ឱ្យ​ពលរដ្ឋ និង​ទីវ​ត្ត​អា​រ៉ា​ម បន្ត​អនុវត្ត​អនាម័យ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ។​

 
​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា ទោះ​ជំងឺ​កូ​វីដ​-១៩​មិនទាន់​រាតត្បាត​បែប​លក្ខណៈ​ធ្ងន់ធ្ងរ ឈានចូល​សហគមន៍​ក្តី តែ​ជំងឺ​កាច​សាហាវ​នេះ នៅតែ​គំរាមកំហែង​ពលរដ្ឋ ដែល​ទាមទារ​ឲ្យ​នាំគ្នា​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​
 
​ក្រសួងសុខាភិបាល និង​ក្រសួង​ធម្មការ និង​សាសនា បាន​ណែនាំ​ឲ្យ​ពលរដ្ឋ  និង​ព្រះសង្ឃ​ត្រូវ​ពាក់​ម៉ាស់ និង​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជានិច្ច នា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ។ បើតាម​ក្រសួងសុខាភិបាល រាល់​វត្ត​នីមួយៗ ត្រូវ​រៀបចំ​ទឹក​អាល់កុល និង​វាស់​កម្តៅ​ដល់​ពុទ្ធបរិស័ទ​ដែល​ចូល​វត្ត​។ ចំពោះ​ពុទ្ធបរិស័ទ​នៅពេល​ចូលទៅ​ដល់​ក្នុង​វត្ត​ដែល​អង្គុយ​ប្រគេន​ព្រះសង្ឃ សំពះ​អុជ​ធូប រាប់​បាត ឬ​ពូន​ភ្នំខ្សាច់​ផ្សេងៗ គឺ​ត្រូវ​រក្សា​គម្លាត​ពីគ្នា​។ 
 
​ដើម្បី​ជៀសវាង​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ត្រូវ​បរិភោគ​អាហារ​ដែល​ចម្អិន​ល្អ និង​ជៀសវាង​អាហារ​ដែល​ងាយ​បង្ក​ឲ្យ​ពុល​។ ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ឲ្យ​ម្ចាស់​លក់​ចំណីអាហារ​នីមួយៗ រៀបចំ​តុ កៅអី ដោយ​អង្គុយ​នៅ​ឆ្ងាយ​ពីគ្នា​មួយ​ម៉ែត្រ​កន្លះ ហើយ​រៀបចំ​ឲ្យ​មាន​សាប៊ូ​លាងដៃ​នៅ​គ្រប់​បន្ទប់ទឹក និង​ណែនាំ​ឲ្យ​បុគ្គលិក​ខ្លួន​ពាក់​ម៉ាស់​ជានិច្ច​។ 
 
​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ប្រាកដ​ណាស់​ថា ពលរដ្ឋ​នឹង​ទៅធ្វើ​បុណ្យ​តាម​វត្ត ក៏ដូចជា​ធ្វើដំណើរ​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ឬ​ទៅ​ស្រុកកំណើត​។ ដោយសារ​មើលឃើញ​ចំណុច​នេះ ក្រសួង​ណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ឧស្សាហ៍​សម្អាត និង​រក្សា​អនាម័យ​យានយន្ត​ជានិច្ច​។ សម្រាប់​អ្នកធ្វើដំណើរ កុំ​ប្រើប្រាស់​មធ្យោបាយ​ដែល​ផ្ទុក​មនុស្ស​ច្រើន ជាពិសេស​កុំ​ធ្វើដំណើរ​នៅពេលដែល​ខ្លួន​មាន​រោគសញ្ញា​ក្អក ផ្តាសាយ  ឬ​ក្តៅខ្លួន​។ 
 
​សម្រាប់​ម្ចាស់​រមណីយដ្ឋាន សណ្ឋាគារ ឬ​ផ្ទះសំណាក់​ទាំងអស់ ក៏ត្រូវ​រៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដល់​ភ្ញៀវ​របស់ខ្លួន តាមរយៈ​ការ​គូស​គំនូស​សម្រាប់​តម្រង់​ជួរ​រង់ចាំ​ឆែក​ចូល​បន្ទប់ ឬ​ចាកចេញ រួមទាំង​រៀបចំ​ឲ្យ​មាន​ម៉ាស៊ីន​វាស់​កម្តៅ ទឹក​អាល់កុល និង​សាប៊ូ តាម​បន្ទប់ទឹក​នីមួយៗ​ជាស្រេច​៕   
 
 

Tag:
 ​ភ្ជុំបិណ្ឌ​
 ​អាហារ​
 ​អនាម័យ​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com