ជាតិ
រមណីយារាម​ក្នុង​វត្ត​អង្គរជ័យ អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ និង​ទេសចរ ទៅ​សម្រាក​ល​ម្ហែយ៉ាង​ស្ងប់ស្ងាត់​
31, Aug 2020 , 10:39 pm        
រូបភាព
​រមណីយារាម​វត្ត​អង្គរជ័យ ដែលមាន​ខ្យុ​ស​ចំនួន​២១ សង់​នៅ​ប្រប​មាត់​ស្រះ​នៅក្នុង​វត្ត គឺជា​ទីកន្លែង​ដ៏​ស្ងប់ស្ងាត់ សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ដែល​ទៅធ្វើ​បុណ្យ ឬ​ភ្ញៀវទេសចរ​ពី​ទីជិត​ឆ្ងាយ សម្រាកលម្ហែ​ឥតគិតថ្លៃ​។ លើសពីនេះ ទេសចរ​អាច​ថតរូប​នៅក្នុង​សួនផ្កា​ជាច្រើន និង​ចម្លាក់​សត្វ​ច្រើន​ប្រភេទ​នៅ​រមណីយ​រាម​វត្ត​អង្គរជ័យ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​នេះ​បានដែរ​។ ពុទ្ធបរិស័ទ និង​អ្នកទេសចរ ក៏​អាច​ឲ្យ​ចំណី​ត្រី យក​ចំណីអាហារ​ទៅ​ទទួលទាន​ផងដែរ ប៉ុន្តែ​ត្រូវ​រក្សា​អនាម័យ និង​សណ្តាប់ធ្នាប់​។​

 
​ព្រះគ្រូ​ចៅអធិការ​វត្ត​អង្គរជ័យ ព្រះនាម សុខ វាសនា មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មាន Thmeythmey25​ថា ព្រះអង្គ​បាន​ផ្ដួចផ្ដើម​សង់​ខ្យុ​ស​ទាំងនេះ គឺ​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ ដែល​បាន​ទៅធ្វើ​បុណ្យ​ក្នុង​វត្ត​អង្គរជ័យ សម្រាកលម្ហែ​។ គ្រូ​ចៅអធិការ​វត្ត អង្គរជ័យ មាន​សង្ឃដីកា​ដូច្នេះ​៖«​ដើម្បី​ទទួល​ពុទ្ធបរិស័ទ ពេល​មក​ធ្វើបុណ្យ រួច​ពួកគាត់​បាន​ទៅ​អង្គុយ​សម្រាក​លេង និង​ស្រូបយក​ខ្យល់អាកាស​បាន​»​។ 


 
​ព្រះគ្រូ​ចៅអធិការ​វត្ត​អង្គរជ័យ ព្រះនាម សុខ វាសនា ខ្យុ​ស​ទាំងអស់ មាន​ចំនួន​២១​ទើប​បញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០​។ ក្រៅពី​សង់​នៅលើ​ទឹក​ហើយ ពុទ្ធបរិស័ទ និង​ទេសច​ផង ក៏​អាច​ទស្សនា​រូបចម្លាក់​សត្វ​ជាច្រើន គយគន់​សួនផ្កា ដែលមាន​ផ្កា​ស្រស់ស្អាត​ជាច្រើន​ប្រភេទ និង​ថតរូប​លេង​ផងដែរ​។ លើសពីនេះ  ទេសចរ​ក៏ដូចជា​ពុទ្ធបរិស័ទ អាច​មើល​ត្រី ពីលើ​ស្ពានឈើ​ដ៏​ទាក់ទាញ និង​ឲ្យ​ចំណី​ត្រី​ទាំងនោះ​បានដែរ​។​
 


​សម្រាប់​ព្រះគ្រូ​ចៅអធិការ​វត្ត អង្គរជ័យ  ការបង្កើត​កន្លែង​សម្រាក និង​កម្សាន្ត​នៅក្នុង​វត្ត មិនមាន​ចោទ​ជា​បញ្ហា ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៅក្នុង​ទី​អារាម​នោះទេ ផ្ទុយទៅវិញ​ជាការ​ជំរុញ​ឲ្យ​ពលរដ្ឋ កាន់តែ​ជ្រះថ្លា​។ ព្រះគ្រូ​ចៅអធិការ​វត្ត អង្គរជ័យ មាន​សង្ឃដីកា​ដូច្នេះ​ថា​៖«​ចំណុច​នេះ​មិនមាន​បះ​ពាល់​អ្វី​ទេ ព្រោះ​សព្វថ្ងៃ​តាម​វត្ត​អារាម គឺ​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ចូល​ច្រើន​»​។​
 
​បន្ថែម​ពីនេះ អ្នកទេសចរ ក៏​អា​ចក​ចំណីអាហារ​ទៅ​បរិភោគបាន​ផងដែរ ក៏ប៉ុន្តែ​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ ក្នុង​ធុងសំរាម ដែល​ត្រូវ​បានដាក់​នៅតាម​ខ្យុ​ស​នីមួយៗ​។ ទោះជា​យ៉ាងនេះ​ក្តី ទី​អារាម​នេះ មិន​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ និង​ញាតិ​ញោម យក​គ្រឿង​ស្រវឹង​និង​យក​ឧបករណ៍​បំពង​សំឡេង​ចូល​នោះទេ ហើយក៏​ត្រូវ​រក្សា​ឥរិយាបថ​ស្ងប់ស្ងាត់ មិន​ស្រែក​ឡូឡា នៅក្នុង​រមណីយារាម​វត្ត​អង្គរជ័យ​នេះដែរ​។ នេះ​បើតាម​សង្ឃដីកា របស់​ព្រះគ្រូ​ចៅអធិការ​វត្ត អង្គរជ័យ​៕
 



 

© រក្សាសិទ្ធិដោយ thmeythmey.com