អន្តរជាតិ
ឥណ្ឌា​ចោទ​ចិន​ថា បង្កបញ្ហា​ថ្មី​នៅតាម​ព្រំដែន​ជម្លោះ​បំពាន​
31, Aug 2020 , 10:59 pm        
រូបភាព
កងទ័ពឥណ្ឌា យាមល្បាតនៅតាមព្រំដែនឥណ្ឌា ចិន។ រូបភាព៖ Reuters
កងទ័ពឥណ្ឌា យាមល្បាតនៅតាមព្រំដែនឥណ្ឌា ចិន។ រូបភាព៖ Reuters
​យោធា​ឥណ្ឌា នៅ​ថ្ងៃទី​៣១ ខែសីហា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ចោទ​ចិន​ថា បាន​បង្ក​សកម្មភាព​យោធា​ថ្មី នៅ​តំបន់​ព្រំដែន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។ សកម្មភាព​យោធា​ថ្មី​នេះ ត្រូវបាន​ភាគី​ឥណ្ឌា​អះអាងថា កើតឡើង​នៅក្បែរ​កន្លែង​ប៉ះទង្គិច​ចាស់ ដែល​កាលនោះ​មាន​ទាហាន​ឥណ្ឌា​យ៉ាងហោចណាស់​ចំនួន ២០​នាក់​បាន​បាត់​បង់ជីវិត និង​ជាច្រើន​នាក់​រងរបួស​។


​កម្តៅ​នៅតាម​ព្រំដែន​ឥណ្ឌា និង​ចិន ហាក់​មាន​សភាព​ស្ងប់ស្ងាត់​មួយរយៈ បន្ទាប់ពី​កិច្ចចរចា​យោធា​រវាង​ទីក្រុង​ញូវដែលី និង​ទីក្រុង​ប៉េកាំង បាន​ធ្វើឡើង​រហូតដល់​ទៅ ៣​ដង​។ ប៉ុន្តែ​ភាព​តានតឹង​នៅតែ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើងវិញ បន្ទាប់ពី​ឥណ្ឌា​អះអាងថា ចិន បាន​បង្ក​សកម្មភាព​យោធា​ជាថ្មី​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការពារជាតិ​ឥណ្ឌា បាន​អះអាងថា កងទ័ព​រំដោះប្រជាជន​ចិន បាន​ចល័ត​ទ័ព ដែលជា​សកម្មភាព​បង្ករឿង ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ហើយក៏​ជាការ​បំពាន​ការឯកភាព​គ្នា​កន្លង​ដែរ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ភាគ​ខាងកើត​តំបន់ Ladakh ក្បែរ​តំបន់​ជម្លោះ​លើក​មុន នៅ​យប់​ថ្ងៃទី​២៩ ខែសីហា​។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​ឥណ្ឌា មិនបាន​បញ្ជាក់​ទេ ថា​តើ​មានការ​ប៉ះទង្គិច​គ្នា​ឬ​អត់​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ ឥណ្ឌា បាន​លើកឡើងថា កងទ័ព​ចិន បាន​បំពាន​កិច្ចព្រមព្រៀង ដែល​កាត់បន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងការពារជាតិ​លើកឡើងថា​៖ «​កងទ័ព​ឥណ្ឌា បាន​ត្រៀមខ្លួន​ទុកជាមុន ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ចិន​នៅ​ភាគខាងត្បូង​នៃ​ជ្រោយ​ទន្លេ Pangong Tso, ពង្រឹង​ទីតាំង​ឈរជើង និង​បង្ការ​ការផ្លាស់ប្តូរ​ព្រំដែន​ជា​ឯកតោភាគី​ពី​សំណាក់​ចិន​»​។ 
 
​មេ​បញ្ចា​ការ​កងទ័ព​ឥណ្ឌា និង​ចិន នៅ​ថ្ងៃទី​៣១ ខែសីហា បាន​ជួបប្រជុំ​ជាមួយគ្នា ដើម្បី​ជជែក​ពី​បញ្ហា​នេះ​។ ជំនួប​មេបញ្ជាការ​យោធា​ខាងលើ ធ្វើឡើង​នៅ​ភូមិ Chushul ក្នុង​តំបន់​Ladakh​។ ចាប់តាំងពី​មានការ​ប៉ះទង្គិច​នៅក្នុង​ខែមិថុនា​កន្លងមក វត្តមាន​កងទ័ព​ចិន និង​ឥណ្ឌា បាន​កើន​ដល់​ប្រមាណ ១០​ម៉ឺន​នាក់ នៅតាម​តំបន់​ព្រំដែន​ជម្លោះ​នេះ​៕

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com