ក្រុមយុវជនបាល់ទាត់អាយុក្រោម១៦ឆ្នាំរបស់ក្លិបវិសាខា និងយុវជនអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនគ្រងជើងឯករៀងៗខ្លួន នាការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ(U16) និង១៨ឆ្នាំ(U18)ប្រចាំឆ្នាំ២០២០។ ពិធីបិទពានរង្វាន់ទាំងនេះធ្វើឡើងក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នាកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រុមយុវជនវិសាខ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំប្រចាំឆ្នាំ២០២០ ក្រោយយកឈ្នះយុវជននគររាជក្នុងលទ្ធផល ៣-០ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាចខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមយុវជនវិសាខា បានទម្លាក់យុវជនសាលាតម្រង់ទិសខេត្តឧត្តរមានជ័យជាមួយជ័យជម្នះ ៥-១ ខណៈយុវជននគររាជយកឈ្នះយុវជនសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ៣-១។
ក្រុមយុវជនវិសាខាលើកពានយុវជនអាយុក្រោម១៦ឆ្នាំ ក្រោយយកឈ្នះយុវជននគររាជ ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ
ជាមួយគ្នានេះ ក្រុមយុវជនរបស់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះយុវជនសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ ៤-៣ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីពួកគេបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើ ១-១។ ក្រុមយុវជនសាលាតម្រង់ទិសខេត្តឧត្តរមានជ័យជាប់ជាក្រុម Fair Play។
ក្រៅពីនេះ ក៏មានពានរង្វាន់លក្ខណឯកជនផងដែរ ក្នុងនោះលោក ឡុង ឬទ្ធា ទទួលបានពានរង្វាន់ជាគ្រូបង្វឹកល្អជាងគេ ខណៈចាំទីល្អបានទៅកីឡាករ សឿន រិទ្ធីវីរៈវឌ្ឍា និងពានកីឡាករលេងល្អជាងគេបានទៅកីឡាករ ណេត ណែត ដោយពួកគេទាំងបីមកពីក្លិបបាល់ទាត់វិសាខា។ ចំណែកកីឡាករទាត់បញ្ចូលទីបានច្រើនជាងគេបានទៅកីឡាករ ខណ្ឌ ឧសភា មកពីក្លិបនគររាជ។
ដោយឡែក ក្រុមយុវជនភ្នំពេញក្រោន គ្រងជើងឯកពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះក្រុមយុវជនរបស់វិសាខាក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ។ មុនឡើងមកជួបគ្នានៅវគ្គនេះក្រុមទាំងពីរទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះយុវជនភ្នំពេញក្រោនទម្លាក់យុវជនរបស់សាលាតម្រង់ទិសខេត្តក្រចេះ ៥-១ ខណៈយុវជនវិសាខាយកឈ្នះយុវជនរបស់សាលាតម្រង់ខេត្តស្ទឹងត្រែង ១-០។
ក្រុមយុវជនភ្នំពេញក្រោនលើកពានយុវជនអាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះយុវជនវិសាខា ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ
នាការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ក្រុមយុវជនសាលាតម្រង់ខេត្តស្ទឺងត្រែងបានយកឈ្នះក្រុមយុវជនសាលាតម្រង់ទិសខេត្តក្រចេះដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយចប់ការប្រកួតពួកគេរក្សាលទ្ធផលស្មើ ១-១។ ចំណែកក្រុមយុវជនវិសាខាបានជាក្រុមលេងមានការយោគយល់ និងអធ្យាស្រ័យជាងគេ(Fair Play)។
លោក ម៉ក់ ភារុណ គ្រូបង្វឹកក្រុមយុវជនភ្នំពេញក្រោនបានក្លាយជាគ្រូបង្វឹកល្អជាងគេប្រចាំការប្រកួត ខណៈអ្នកចាំទី គឹម ចាន់ធី និងកីឡាករ ចន ចំរើន របស់ក្លិបភ្នំពេញក្រោនទទួលបានពានអ្នកចាំទីល្អ និងកីឡាករលេងជាងគេរៀងៗខ្លួន។ ចំណែកកីឡាករ សារី តៃម៉ូ របស់ក្លិបបឹងកេតទទួលបានស្បែកជើងមាសក្រោយទាត់បាល់បញ្ចូលទីបានច្រើនជាងគេ៕
លោក សៅ សុខា បំពាក់មេដាយជូនក្រុមយុវជនអាយុក្រោម១៦ឆ្នាំវិសាខា