ជាតិ
ព្រំដែន
ខ្មែរ​មួយចំនួន​នៅ​កាណាដា ធ្វើបាតុកម្ម​សុំ​ឲ្យ​ជួយ​ដោះលែង​លោក រ៉ុង ឈុន និង​មនុស្ស​៣​នាក់​ទៀត​
31, Aug 2020 , 5:59 pm        
រូបភាព
រូបពីតេឡេក្រាម CNRP NEWS
រូបពីតេឡេក្រាម CNRP NEWS
​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដោយមាន​ទាំង​ព្រះសង្ឃ​ផង បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​កាណាដា ជួយ​ធ្វើ​អន្តរាគមន៍ មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន មេ​សហជីព​និង​ជាទី​ប្រឹក្សា​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា រួមទាំង​មនុស្ស​៣​នាក់​ទៀត ដែល​កំពុង​ជាប់ឃុំ​។



​ប្រជាពលរដ្ឋ​ខ្មែរ​និង​ព្រះសង្ឃ បាន​កាន់​រូបថត​លោក រ៉ុង ឈុន និង រូបថត​មនុស្ស​៣​នាក់​ទៀត គឺ​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ យុវជន ហ៊ុន វណ្ណៈ និង យុវតី ឈឿន ដា​រ៉ាវី​។ ក្នុង​រូបថត​ទាំងនោះ មាន​សរសេរ​អក្សរ​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​ទាំង​៤​នាក់​។ លើសពីនេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ ក៏បាន​នាំគ្នា​ស្រែក​ផងដែរ​ថា​សុំ​ឲ្យ​មានការ​ដោះលែង​អ្នក​ទាំង​៤​។  
​  

រូបពីតេឡេក្រាម CNRP NEWS 

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការធ្វើ​បាតុកម្ម​ទាមទារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កាណាដា ថា​ជា​សិទ្ធិ​និង​ឆន្ទៈ​របស់​ពួកគេ​។ ប៉ុន្តែ លោក យល់ថា ការទាមទារ​របស់​ពួកគេ គ្មាន​ឥទ្ធិពល​អ្វី​មកលើ​រដ្ឋាភិបាល ក៏ដូចជា​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ឡើយ​។ ​

អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​ថា​៖«[​ការទាមទារ​របស់​ពួកគាត់​នៅក្រៅ​ប្រទេស​] គឺជា​រឿង​ធម្មតា គ្មាន​អី​ប្លែក​ទេ​»​។​

នៅក្នុង​ប្រទេស​កម្ពុជា​វិញ ចលនា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​មនុស្ស​៣​នាក់​ទៀត ក៏​នៅតែ​បន្ត​មាន​ដែរ​។ ក្រុមយុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅក្នុង​ស្រុក គ្រោង​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​៤​។ 

កន្លងមក ប្រជាពលរដ្ឋនិងក្រុមយុវជន បានយកញត្តិទៅដាក់នៅតាមស្ថានទូតបរទេសនានា ដូចជា ស្ថានទូតអាមេរិក ស្ថានទូតបារាំង ស្ថានទូតអឺរ៉ុប និង ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ជាដើម ដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងការដោះលែងលោក រ៉ុង ឈុន។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ពួកគេ បានបន្តយកញត្តិទៅដាក់នៅស្ថានទូតអូស្រ្តាលីមួយទៀត។  
 
​លោក រ៉ុង ឈុន ត្រូវ​ចាប់ខ្លួន ក្រោយពី​លោក អះអាងថា ប្រជាពលរដ្ឋ​មួយចំនួន នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បាត់បង់​ដីធ្លី ដោយសារ​ការបំពាន​ពី​វៀតណាម​។ អាជ្ញាធរ បកស្រាយ​ថា លោក រ៉ុង ឈុន បំភ្លៃ​ការពិត​ពី​រឿង​ព្រំដែន​។ 
 
​ចំណែក​លោក សួង សុ​ភ័​ណ្ឌ ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​លោក ចុះទៅពិនិត្យ​តាម​ក្រោយ​លោក រ៉ុង ឈុន ដើម្បី​ចង់ដឹងថា ពិត​ជាមាន​ប្រជាពលរដ្ឋ បាត់បង់​ដីធ្លី ហើយ​វៀតណាម រំលោភបំពាន​ចូលមកក្នុង​ដី​ខ្មែរ​មែន​ឬក៏​អត់​។ ក្រោយ​ចុះទៅពិនិត្យ​រួច លោក ក៏បាន​និយាយ​ជាមួយ​សារព័ត៌មាន The Cambodia Daily ថា ការដោះដូរ​ដី​ជាមួយ​វៀតណាម គឺជា​អំពើ​ក្ប​ត់ជាតិ​។ ទំនងជា​ដោយសារតែ​ការប្រើ​ពាក្យ​នេះហើយ ដែល​បណ្តាល​ឲ្យ​លោក ត្រូវ​ចាប់ខ្លួន​។ 
 
​រីឯ យុវជន ហ៊ុន វណ្ណៈ និង​យុវតី ឈឿន ដា​រ៉ាវី ដែលជា​សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ ត្រូវ​ចាប់ខ្លួន ដោយសារតែ​ពួកគេ ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។ 

អ្នក​ទាំង​៤ រង​បទ​ចោទ​ដូចគ្នា គឺ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ បច្ចុប្បន្ន ពួកគេ កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​។ 
 
​អង្គការ​ជាតិ​-​អន្តរជាតិ​នានា បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​៕ 

Tag:
 ខ្មែរ​នៅ​កាណាដា​
  បាតុកម្ម​
  រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com