កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ឧទ្ទិសជ័យជម្នះនៅ F1 ដល់តារាសម្តែង Boseman ដែលស្លាប់ដោយមហារីក
31, Aug 2020 , 8:39 pm        
រូបភាព
Lewis Hamilton បានឈ្នះការប្រណាំងរថយន្ត Formula One នៅទីលាន Belgian Grand Prix ប្រទេសបែលហ្ស៊ិក ដែលជាការឈ្នះលើកទី៥ ក្នុងការប្រណាំងទាំង៧លើក ក្នុងរដូវកាល២០២០នេះ។ អ្នកប្រណាំងសញ្ជាតិអង់គ្លេស ក៏បានឧទ្ទិសជ័យជម្នះលើកទី៨៩ក្នុងអាជីពរបស់ខ្លួននេះទៅឲ្យ Chadwick Boseman តួអង្គក្នុងរឿង Black Panther ដែលបានស្លាប់ដោយសារជំងឺមហារីកពោះវៀន។



ម្ចាស់ការពារតំណែងជើងឯកដែលបើកបរឲ្យក្រុម Mercedes បានបញ្ចប់ទីមុនគេ ដោយប្រើរយៈពេល ១ម៉ោង ២៤នាទី និង៨វិនាទី នាការប្រណាំងលើទីលានទី៧ នៅថ្ងៃទី៣០ ខែសីហា។ មិត្តរួមក្រុម Mercedes កីឡាករ Valtteri Bottas ទទួលបានចំណាត់ថ្នាក់ទីពីរ ខណៈលេខ៣ ធ្វើបានដោយ Max Verstappen ដែលបើកឲ្យក្រុម Red Bull។ 
 
នេះជាជ័យជម្នះទី៨៩ក្នុងអាជីពរបស់ Hamilton ក្នុងព្រឹត្តិការណ៍ F1 ស្របពេលដែកំពូលអ្នកបើកបររថយន្តវ័យ៣៥ឆ្នាំរូបនេះ កំពុងឆ្នោះទៅរកការបំបែកកំណត់ត្រាឈ្នះការប្រណាំងច្រើនជាងគេលើលោករបស់អតីតអ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ Michael Schumacher ដែលបានឈ្នះចំនួន ៩១ដង។
 
Hamilton ដែលជាអ្នកបើកបរស្បែកខ្មៅតែម្នាក់គត់នៅក្នុងក្របខណ្ឌ F1 បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមរណភាពរបស់តារាសម្តែងអាយុ ៤៣ ឆ្នាំ បើទោះរូបគេតស៊ូប្រយុទ្ធនឹងជំងឺមហារីកពោះវៀនអស់រយៈពេល៤ឆ្នាំក៏ដោយ។ លោក Boseman សញ្ជាតិសេរ៉ាឡេអូន និងនីហ្សេរីយ៉ា ដែលជាតួអង្គវីរបុរសក្នុងរឿង Black Panther របស់ផលិតកម្មអាមេរិក Marvel Cinematic Universe បានស្លាប់ការពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
 
កំពូលអ្នកប្រណាំងសញ្ជាតិអង់គ្លេស បានយកជ័យម្នះរបស់ខ្លួននេះឧទ្ទិសដល់មរណភាពលោក Boseman ដោយធ្វើកាយវិការត្រាប់តាម Black Panther នៅលើវេទិកាប្រគល់ពាន Grand Prix ដើម្បីជាការគោរព។


 
គិតត្រឹមការប្រណាំងលើកទី៧នេះ Hamilton រកបាន១៥៧ពិន្ទុ ដោយនាំមុខគូប្រជែង Verstappen ដែលបើកបរឲ្យ Red Bull ចំនួន៤៧ពិន្ទុ។ មិត្តរួមក្រុម Mercedes កីឡាករ Bottas នៅចំណាត់ថ្នាក់ទី៣ ដោយទទួលបាន១០៧ពិន្ទុ តាមពីក្រោយដោយអ្នកប្រណាំងសញ្ជាតិថៃ Alexander Albon ដែលមាន៤៨ពិន្ទុ ខណៈលេខ៥ កីឡាករ Charles Leclerc ចំនួន៤៥ពិន្ទុ។
 
ទាំង Hamilton និង Bottas ថែមទាំងបានជួយក្រុម Mercedes បង្កើនការនាំមុខពិន្ទុផ្នែកគ្រឿងម៉ាស៊ីនលើក្រុមដទៃ ដោយរកបានពិន្ទុសរុប២៦៤ពិន្ទុ។ ក្រុម Red Bull នៅលេខរៀងទី២ មាន ១៥៨ពិន្ទុ ហើយលេខ៣ McLaren Renault រកបាន៦៨ពិន្ទុ។ 
 
ការប្រណាំងនៅទីលានបន្ទាប់ និងជាទីលានទី៨ ក្នុងរដូវកាលនេះ នឹងត្រូវធ្វើឡើងនៅប្រទេសអ៊ីតាលី នាទីលាន Italian Grand Prix នៅចន្លោះថ្ងៃទី៤ ដល់ទី៦ ខែកញ្ញា៕
 


Tag:
 Lewis Hamilton
  Formula One
  Chadwick Boseman
© រក្សាសិទ្ធិដោយ thmeythmey.com