ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បណ្តាញផលិតផលខ្មែរខេត្តកំពង់ចាម ចង់ក្លាយខ្លួនជាទីផ្សារយូរអង្វែងរបស់កសិករ
31, Aug 2020 , 6:39 pm        
រូបភាព
កំពង់ចាម៖ ក្រុមនិស្សិតមួយក្រុម បានរួមគ្នាបង្កើតជាបណ្តាញមួយ ឈ្មោះថា«បណ្តាញផលិតផលខ្មែរខេត្តកំពង់ចាម» ដើម្បីដើរទិញបន្លែ ផ្លែឈើរបស់ប្រជាកសិករមកលក់ឲ្យអតិថិជននៅក្នុងខេត្តកំពង់ចាម និងបណ្តាខេត្តដទៃទៀត ពិសេសរាជធានីភ្នំពេញ។ កញ្ញា ស៊ាន សោភណ្ឌ័ តំណាងបណ្តាញផលិតផលខ្មែរខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗថា បណ្តាញនេះបង្កើតឡើងក្នុងបំណង ក្នុងបំណងបង្កើនបរិមាណបន្លែ ផ្លែឈើធម្មជាតិដែលដាំដុះក្នុងស្រុក នៅលើទីផ្សារឲ្យបានកាន់តែច្រើន និងជាពិសេសកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើពីបរទេស។ សម្រាប់ កញ្ញា  ស៊ាន សោភណ្ឌ័ នៅអនាគត បណ្តាញផលិតផលខ្មែរខេត្តកំពង់ចាម រំពឹងក្លាយជាច្រកទីផ្សារដ៏មាននិរន្តរភាពមួយ សម្រាប់ឲ្យកសិករលក់បន្លែ ផ្លែឈើសុត្ថិភាពរបស់ខ្លួន នៅក្នុងតម្លៃមួយសមរម្យ។


 
នៅចុងឆ្នាំ ២០១៨ និស្សិតមួយក្រុម បានផ្តួចផ្តើមបង្កើតបណ្តាញផលិតខ្មែរខេត្តកំពង់ចាម ដើម្បីដើរទិញបន្លែ ផ្លែឈើធម្មជាតិតាមរដូវពីកសិករ នៅតាមបណ្តាខេត្តនានា មកដាក់លក់នៅមាត់ទន្លេ មុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។ ជាមួយនឹងដើមទុនប្រមាណ ៨០០ដុល្លារ បណ្តាញផលិតផលខ្មែរ បង្កើតឡើងក្នុងគោលដៅ បង្កើនបន្លែផ្លែឈើសុវត្ថិភាពដែលដាំដុះនៅក្នុងស្រុកនៅលើទីផ្សារកាន់តែច្រើន និងកាន់បន្ថយការនាំចូលពីបរទេស។
 
កញ្ញា  ស៊ាន សោភណ្ឌ័ តំណាង និងជាប្រធានគណនេយ្យនៃបណ្តាញផលិតផលខ្មែរខេត្តកំពង់ចាម បានពន្យល់ពីបំណងរបស់បណ្តាញផលិតផលខ្មែរប្រាប់សារព័ត៌មានថ្មីៗថា៖«យើងទិញផលិតផលខ្មែរយកមកលក់ ដើម្បីជួយកាត់បន្ថយការនាំចូលពីបរទេស។ ចង់នាំចេញនាំចេញផលិតផលរបស់ខ្មែរទៅក្រៅប្រទេស ហើយកាត់បន្ថយការនាំចូលមកវិញ។ មួយទៀតចង់ស្វែងរកចំណូល ព្រោះពួកយើងជានិស្សិត ចង់ស្វែងរកចំណូលសម្រាប់ផ្គត់ផ្គង់ការសិក្សា ដើម្បីជួយសង្គមផងដែរ ព្រោះថាយើងព្យាយាមធ្វើយ៉ាងណា ឲ្យមានបន្លែសុវត្ថិភាពនៅក្នុងស្រុក ឲ្យបានកាន់តែច្រើន»។
 
ក្រៅពីលក់នៅបណ្តោយមាត់ទន្លេខេត្ត បច្ចុប្បន្ន បណ្តាញនេះក៏បានចូលរួមដាក់លក់បន្លែ ផ្លែឈើ របស់ខ្លួន នៅផ្សារចុងសប្តាហ៍ផងដែរ។ បច្ចុប្បន្នបណ្តាញផលិតផលខ្មែរ មានលក់ផ្លែឈើ និងបន្លែប្រមាណ១០មុខ ដែលទិញពីកសិករនៅតាមបណ្តាខេត្តនានា រួមមានផ្លែប័រ ក្រូចថ្លុង ត្របែកអត់គ្រាប់ ទៀប តាសក់ផ្អែក ស្រកានាគ ទុរេន ក្រូចវល្លិ៍ ការ៉ុត ស្ពៃក្តោប ធញ្ញជាតិកែច្នៃដូចជា គ្រាប់ស្វាយចន្ទី គ្រាប់ល្ពៅ អង្ករ ទឹកត្រី អង្ករ,ទឹកត្រី និងផលិតផលខ្មែដទៃទៀត ដែលមកពីខេត្តមណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ  កំពត និងសៀមរាបជាដើម។ 


 
បើតាម កញ្ញា ស៊ាន សោភណ្ឌ័ បណ្តាញផលិតផលខ្មែរ ផ្តោតលើការជំរុញការទិញផ្លែឈើមកលក់ជាមុនសិន ព្រោះបន្លែមកលក់ប្រឈមបញ្ហាច្រើនជាងផ្លែឈើ។ បន្លែនាំចូលមានតម្លៃថោកជាងបន្លែដែលដាំក្នុងស្រុក ហើយក៏ប្រឈមការខាតខ្ពស់ជាងផ្លែឈើដែរ ព្រោះវាឆាប់រលួយ ខូច ខណៈដែលអ្នកដែលយល់ដឹងពិបន្លែសុវត្ថិភាពនៅក្នុងខេត្តកំពង់ចាមនៅមានតិចតួចនៅឡើយ។ នេះបើតាមអត្ថាធិប្បាយរបស់តំណាង បណ្តាញផលិតផលខ្មែរ កញ្ញា ស៊ាន សោភណ្ឌ័ ដែលជានិស្សិតឆ្នាំទី៤ ជំនាញជលផលនៃវិទ្យាស្ថានជាតិកសិកម្មខេត្តកំពង់ចាម។ ចំណែកសមាជិកដទៃទៀត មាន៣នាក់ក៏ជានិស្សិត និង៣នាក់ជាគ្រូបង្រៀនតែដើរតួជាទីប្រឹក្សា។
 
កញ្ញា ស៊ាន សោភណ្ឌ័ រំឭកប្រាប់សារព័ត៌មានថ្មីៗថា មុននឹងប្រជាកសិករស្គាល់ ហើយទទួលបានជឿទុកចិត្តពីកសិករដែលជាអ្នកផលិត និងអតិថិជននោះ បណ្តាញផលិតផលខ្មែរ បានជួបប្រឈមនឹងឧបសគ្គមួយចំនួន ក្នុងនោះមានទាំងខាតដើមរាប់មិនអស់ផង។ «ធ្លាប់ខាត! ខាតច្រើនដងដែរ ប៉ុន្តែយើងព្យាយាមរកអីផ្សេងមកទប់។ បើខាតរាប់អត់អស់ទេ ខាតរាប់អត់អស់ តែធ្វើម៉េចយកលុយផ្ទាល់ខ្លួនដាក់ចូលទៀត។ យើងថែមដើមដើម្បីយកអីផ្សេងមកលក់»។ នេះជាការបញ្ជាក់របស់ កញ្ញា ស៊ាន សោភណ្ឌ័។ 
 
ដ្បិតតែត្រូវខាត ប៉ុន្តែបណ្តាញផលិតផលខ្មែរ នៅតែស៊ូបន្តមិនរំសាយក្រុមនោះឡើយ ព្រោះតែការគិតគូរដល់កសិករមានជីវភាពប្រសើរ ហើយចង់ឲ្យអតិថិជនខ្លួន បានប្រើប្រាស់នូវបន្លែ ផ្លែឈើសុវត្ថិភាព។ កញ្ញា ស៊ាន សោភណ្ឌ័ បន្ថែមដូច្នេះ៖«គិតដែរ(ចង់បោះបង់)ពេលខ្លះអត់ភ្ញៀវទិញ! ធ្លាប់តែលក់បាន១០-២០ម៉ឺន ពេលខ្លះលក់បានតែ៥ម៉ឺន! អង្គុយលក់ ពេលខ្លះគិតថា ទៅអត់រួចទេ ព្រោះថាត្រូវរៀនផង ធ្វើការក្រៅ(ម៉ោង)ផង មកលក់ផ្លែឈើ។ ចង់បោះបង់ដែរ ប៉ុន្តែគិតថាបើយើងបោះបង់ មិនអាចជោគជ័យទេនៅថ្ងៃក្រោយ ព្រោះអីយើងខំបង្កើតក្រុមបានប៉ុណ្ណឹងហើយ! ហើយជួយដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ក៏ដូចជាគាត់កម្ម៉ង់ផ្លែឈើយកទៅលក់»។ កញ្ញា ស៊ាន សោភណ្ឌ័ រៀបរាប់ដូច្នេះ រួមបន្តដោយសង្ឃឹមថា ទៅអនាគត បណ្តាញផលិតផលខ្មែរ នឹងទីតាំងហាងផ្ទាល់ខ្លួន ដែលមានដាក់លក់ផលិតខ្មែរគ្រប់មុខ ដូចជាផ្លែឈើ បន្លែ និងផលិតផលកែច្នៃផ្សេងៗទៀត។ បណ្តាញផលិតខ្មែរ នឹងក្លាយជាច្រកទីផ្សារឈានមុខគេ និងមាននិរន្តរភាពមួយក្នុងខេត្តកំពង់ចាម ដែលកសិរអាចលក់បន្លែផ្លែឈើរបស់ខ្លួន ក្នុងតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ បណ្តាញនេះ ក៏ចង់ក្លាយជាអ្នកនាំមុខគេ ក្នុងការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីបន្លែ ផ្លែឈើសុវត្ថិភាពផងដែរ។ នេះជាការរំពឹងទុករបស់បណ្តាញផលិតផលខ្មែរ ខេត្តកំពង់ចាម៕






 

Tag:
 ផលិតផលខ្មែរ
 កំពង់ចាម
 បន្លែ
 ផ្លែឈើ
 យុវជន
 កសិកម្ម
 ទីផ្សារ
 កសិករ
 ស៊ាន សោភណ្ឌ័
© រក្សាសិទ្ធិដោយ thmeythmey.com