បបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយអាចជួយគ្រប់គ្រងទម្ងន់និងជាតិស្ករបានយ៉ាងប្រសើរ។ បរិមាណនៃកាបូអ៊ីដ្រាតក្នុងអាហារអាចជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
១. ផ្លែគីវី
ជាប្រភពដ៏ប្រសើរនៃវីតាមីន C និងជាតិសសៃ ហើយក៏មានផ្ទុកសម្បូរទៅដោយវីតាមីន K ខ្ពស់ ប៉ុន្តែកាបូអ៊ីដ្រាតទាបដែលល្អណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមទទួលទាន។
២. ផ្លែប៉ោម
មានផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើនបំផុត។
៣. ផ្លែសេរ៊ី
មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើ ឬអាហារសម្រន់ដ៏សាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ លំហូរឈាមអាចស្រូបយកជាតិស្ករបានយឺតៗប៉ុណ្ណោះពីផ្លែសេរ៊ី ដូច្នេះបញ្ហាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នឹងត្រូវបានទប់ស្កាត់។
៤. ផ្លែស្រកានាគ
ជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចារ្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។
៥. ក្រូច
មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
៦. ផ្លែត្របែក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary ជួយព្យាបាលនិងទប់ស្កាត់អាការៈទល់លាមកដែលតែងកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាតិសសៃ dietary ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។
៧. ទំពាំងបាយជូរ
ជាតិសសៃក្នុងផ្លែទំពាំងបាយជូរជួយឱ្យឆាប់ឆ្អែត និងពន្យឺតការរំលាយ ក៏ដូចជាការស្រូបយកជាតិស្ករផងដែរ។ ដូច្នេះហានិភ័យនៃជំងឺទឹកនោមផ្អែមត្រូវបានកាត់បន្ថយ ក៏ព្រោះតែកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
៨.ផ្លែបឺរជាមួយក្រូចឆ្មារ
នេះជាជម្រើសនៃអាហារសម្រន់ដ៏ប្រសើរបំផុតមួយសម្រាប់អ្នកចង់គ្រង់គ្រងកម្រិតជាតិស្ករក្នុងឈាមដោយវាមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ monounsaturated។ អ្នកអាចច្របាច់ក្រូចឆ្មារលើផ្លែបឺរនិងរោយអំបិលបន្តិចដើម្បីបន្ថែមរសជាតិ។ ផ្លែបឺរមានផ្ទុកកាឡូរីមិនទាបពេកឡើយ ដូច្នេះចូរកម្រិតការទទួលទានរបស់អ្នក។ ប្រហែលត្រឹមកន្លះពែងនៃផ្លែបឺរ គឺគ្រប់គ្រាន់ហើយសម្រាប់អាហារសម្រន់៕