អន្តរជាតិ
ឆែក​កោះហៅ​អគ្គរដ្ឋទូត​ចិន​ទៅ​សួរនាំ ក្រោយ​លោក វ៉ាង យី ព្រមាន​ប្រធានព្រឹទ្ធសភា​ខ្លួន​
01, Sep 2020 , 10:35 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ស្វាគមន៍ប្រធានព្រឹទ្ធសភឆែក លោក Milos Vystrcil ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ស្វាគមន៍ប្រធានព្រឹទ្ធសភឆែក លោក Milos Vystrcil ។ រូបភាព AFP
​ក្រសួងការបរទេស​ឆែក នៅ​ថ្ងៃទី​៣១ ខែសីហា បាន​កោះហៅ​បេសកជន​ចិន​ប្រចាំ​ទីក្រុង​ប្រាក​ដើម្បី​ស្ដាប់​ការពន្យល់​ទាក់ទង​ការ​គំរាម​របស់​ប្រមុខ​ការទូត​ចិន​លោក  វ៉ាង យី លើ​ប្រធានព្រឹទ្ធសភា​ឆែក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​។ ក្រសួងការបរទេស​ចិន​វិញ ក៏បាន​កោះហៅ​អគ្គរដ្ឋទូត​ឆែក​ប្រចាំ​ប៉េកាំង​ដើម្បី​តវ៉ា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានព្រឹទ្ធសភា​ឆែក​ដែរ​។

 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Milos Vystrcil ប្រធានព្រឹទ្ធសភា​ឆែក និង​ជា​អ្នកនយោបាយ​ប្រឆាំង​នៅ​ក​តៃវ៉ាន់ កំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ឆែក និង​ចិន​ល្អក់កករ​ខ្លាំង​។ ចិន​ខឹងសម្បារ​ជាខ្លាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក Vystrcil ទៅកាន់​តៃវ៉ាន់​ដែល​ខ្លួន​ចាត់ទុកជា​អាណាខេត្ត​របស់ខ្លួន​មួយ​នោះ ហើយ​ចាត់ទុកជា​ការបំពាន​គោលនយោបាយ​ចិន​តែមួយ​ទៀតផង​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ថែមទាំង​ព្រមាន​ចំៗ​ថា លោក Vystrcil នឹង​ទទួលផល​តបស្នង​ចំពោះ​ទង្វើ​របស់ខ្លួន​ទៀតផង​។​
 
 
​សម្ដី​ព្រមាន​ខ្លាំងៗ​របស់លោក វ៉ាង ធ្វើ​ឲ្យ​ទីក្រុង​ប្រាក​មិន​សប្បាយចិត្ត​ឡើយ​។ នៅ​ថ្ងៃទី​៣១ ខែសីហា ក្រសួងការបរទេស​ឆែក​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អនុរដ្ឋមន្ត្រី​ការបរទេស Martin Tlapa បាន​អញ្ជើញ​អគ្គរដ្ឋទូត​ចិន​ទៅ​សួរនាំ​ពី​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​ចិន និង​ប្រាប់ថា ឆែក​មិន​យល់​ស្របតាម​ការនិយាយ​បែបនេះ​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​ឆែក Tomas Petricek លើកឡើងថា លោក​រំពឹងថា ចិន​នឹង​ពន្យល់​សម្ដី​របស់លោក វ៉ាង ឲ្យ​ច្បាស់​។​
 
«​ច្បាស់​ណាស់ ដំណើរ​ទស្សនកិច្ច​នេះ ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ចិន ប៉ុន្តែ​ខ្ញុំ​គិតថា វា​ហាក់​ទៅ​ហួសពេក​ហើយ​។​» លោក Petricek និយាយ​បែបនេះ​នៅ​ថ្ងៃទី​៣១ ខែសីហា ដោយ​សំដៅ​ទស្សនកិច្ច​លោក Vystrcil និង​ការព្រមាន​ចាត់វិធានការ​របស់​ចិន​។  នាយករដ្ឋមន្ត្រី​ឆែក លោក Andrej Babis វិញ ក៏​ប្រតិកម្ម​នឹង​សម្ដី​លោក វ៉ាង ដែរ ដោយ​ចាត់ទុកជា​រឿង​មិន​សមរម្យ​។​
 
​ខណៈ​លោក Vystrcil កំពុង​ស្ថិតនៅ​តៃវ៉ាន់​នៅឡើយ ក្រសួងការបរទេស​ចិន ក៏​បានចេញ​សេចក្ដីប្រកាស​មួយ ដោយ​បញ្ជាក់ថា អនុរដ្ឋមន្ត្រី​ការបរទេស Qin Gang ក៏បាន​កោះហៅ​បេសកជន​ឆែក Vladimir Tomsik ដើម្បី​តវ៉ា​ផងដែរ​។ លោក Qin អះអាងថា ទស្សនកិច្ច​របស់​ប្រធានព្រឹទ្ធសភា​ឆែក បាន​បំពាន​ធ្ងន់ធ្ងរ​អធិបតេយ្យ​របស់​ចិន និង​ថា ទីក្រុង​ប៉េកាំង​នឹង​ចាត់វិធានការ​ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​។​
 
​តាមពិតទៅ រដ្ឋាភិបាល​ឆែក ក៏​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​ដែរ ដោយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។ កន្លងទៅ ឆែក ក៏​មិនបាន​បញ្ជូន​ប្រតិភូ​ណាមួយ​ទៅកាន់​តៃវ៉ាន់​ជា​ផ្លូវការ​ដែរ​។ ចំណែក​លោក Vystrcil វិញ ជា​អ្នកនយោបាយ​មកពី​ក្រុម​ប្រជាធិបតេយ្យ​ស៊ីវិល​ដែលជា​ក្រុមប្រឆាំង​នៅ​ឆែក ហើយ​ត្រូវ​ជឿថា មិន​ជាប់​កាតព្វកិច្ច​អ្វី​ទាក់ទង​នឹង​នយោបាយ​ចិន​តែមួយ​ដែរ​៕ 
 

Tag:
 ឆែក​
  ចិន​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com