ជាតិ
ឌុច ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាំង ហ្គេកអ៊ាវ ហៅ ឌុច ក្នុងអំឡុងពេលប្រកាសសាលដីកាស្ថាពររបស់អង្គជំនុំជម្រះតុលាការកំពូល លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០១ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២(រូបពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
× ភ្នំពេញ៖ អតីតប្រធានគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៣១ សីហា។ នេះបើតាមលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ចាត ស៊ីនាង បានបញ្ជាក់ថា ទណ្ឌិត ឌុច មានអាការហត់ និងអស់កម្លាំង ទើបខាងគ្រូពេទ្យប្រចាំពន្ធនាគារ សម្រេចបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ មុននឹងបន្តបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
«យើងឃើញគាត់ឈឺ២ដង គឺមានអាការហត់តែប៉ុណ្ណឹង ហើយឥឡូវគាត់(សម្រាក)នៅពេទ្យ ។ ហើយយើងក៏បានទូរស័ព្ទទៅប្រាប់កូនគាត់ឱ្យទៅមើលថែគាត់»។ នេះបើតាមប្រធានពន្ធនាគារខេត្តកណ្ដាល។
បច្ចុប្បន្ននេះទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច មានវ័យ៧៨ឆ្នាំហើយ។ ឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលផ្តន្ទាទោសផ្តន្ទាទោស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់តួនាទីពីអនុប្រធាន ហើយក្លាយជាប្រធានមន្ទីរ ស-២១ នៅទីក្រុងភ្នំពេញ (អំឡុងពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩)។
អង្គជំនុំជម្រះតុលាការកំពូល បានចោទប្រកាន់ ឌុច ពីបទ«ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងនាមជាអ្នកទទួលខុសត្រូវលើអតីតមន្ទីរសន្តិសុខស-២១» ។
ឌុច មានស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រោយរបបខ្មែរក្រហមដួលរំលំ លោកបានសម្ងំរស់នៅលាក់ខ្លួនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅឆ្នាំ១៩៩៥ មុននឹងត្រូវបានគេចាប់ខ្លួន កាលពីឆ្នាំ១៩៩៩ និងឃុំខ្លួននៅមន្ទីរឃុំឃាំង តុលាការយោធា រហូតដល់ថ្ងៃបញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧៕
Tag:
កាំង ហ្គេកអ៊ាវ
ឌុច
ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com