កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Stuttgart នាំគ្នារៃអង្គាសប្រាក់ឲ្យបាន១ពាន់លានដុល្លារ ដើម្បីទិញ Messi ពី Barca
× ព័ត៌មាននៃការចង់ចាកចេញរបស់ Lionel Messi ពី Barcelona គឺជារឿងធំបំផុតក្នុងពិភពកីឡាបាល់ទាត់នៅឆ្នាំ ២០២០ នេះ។ កំពូលតារាឆ្នើមសញ្ជាតិអាហ្សង់ទីនពិតជាបានបង្ហាញជាផ្លូវការពីបំណងចង់ផ្លាស់ប្តូរក្លិបកាលពីសប្តាហ៍មុនដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ទៅទៀតនោះ បន្ទាប់ពីអ្នកគាំទ្រក្លិប Stuttgart ម្នាក់ព្យាយាមយ៉ាងខ្លាំងក្លាក្នុ្ងងការរកវិធីសាស្ត្រដើម្បីនាំ Messi ទៅរួមក្រុមនៅអាល្លឺម៉ង់មួយនេះឲ្យបាន។
Messi ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន វ័យ៣៣ឆ្នាំ បានស្នើចាកចេញពី Camp Nou នៅរដូវកាលថ្មីនេះ ដោយបានផ្ញើសារទៅកាន់ក្លិបអ្នកមានបុណ្យ ឲ្យជួយសម្រួលកិច្ចសន្យាដែលនៅសល់ ដែលអាចអនុញ្ញាតឲ្យរូបគេអាចចាកចេញពីក្លិបដោយគ្មានបញ្ហា។ ប៉ុន្តែ ក្លិបរហស្សនាមអ្នកមានបុណ្យ អះអាងថា ពេលវេលាកំណត់ដើម្បីសម្រួលកិច្ចសន្យារបស់ម្ចាស់ពាន Ballon d’Or ៦ សម័យកាល ដែលអាចអនុញ្ញាតឲ្យរូបនេះចាកចេញនៅរដូវកាលថ្មីខាងមុខនេះបានហួសពេលទៅហើយ។
ស្របពេលគ្នានោះ ក្របខណ្ឌ La Liga ក៏បានអះអាងការពារក្លិបយក្ស Barcelona ផងដែរថាក្លិបនេះអាចទទួលបាន ៧០០ លានអឺរ៉ូ (៨៣៣លានដុល្លារអាមេរិក) លើតម្លៃខ្លួន Messi បើមានក្លិបណាចាប់អារម្មណ៍ចង់ទិញផ្តាច់កិច្ចសន្យា (Release Clause) ដើម្បីយកខ្សែបម្រើឆ្នើមរូបនេះទៅរួមក្រុមទៀតផង។
លោក Tim Artmann អ្នកគាំទ្រក្រុម Stuttgart នៃលីគកំពូល Bundesliga ដោយចង់បាន Messi ទៅរួមក្រុមដែលខ្លួនគាំទ្រ រូបគេបានបង្កើតទំព័ររៃអង្គាសប្រាក់មួយឈ្មោះ GoFundMe ដោយដាក់គោលដៅធ្វើយ៉ាងណារកឲ្យបាន ៨០៥ លានផោន (១ពាន់លានដុល្លារ) ដើម្បីទិញផ្តាច់កិច្ចសន្យារបស់ខ្សែបម្រើឆ្នើមនេះ។ ចាប់តាំងពីបង្កើតមូលនិធីអង្កាសប្រាក់នេះមក ពេលនេះពួកគេទទួលបានប្រាក់បរិច្ចាគ ៤២៤ ផោន (៥៦៨ដុល្លារ)ហើយ។
ទំព័រ GoFundMe របស់បុរសសញ្ជាតិអាល្លឺម៉ង់ បានសរសេរថា៖« អ្នកគាំទ្រ VfB Stuttgart កំពុងតែប្រមូលលុយដើម្បីបង់ថ្លៃផ្ទេររបស់ Lionel Messi ។ ក្នុងករណីដែលចំនួនទឹកប្រាក់ដែលបានគ្រោងទុកមិនបានសម្រេចទាន់ពេល ឬ Messi ត្រូវចូលរួមជាមួយក្លិបផ្សេង នោះប្រាក់ ១០០ ភាគរយដែលបានពីការរៃអង្គាសនឹងត្រូវបរិច្ចាគទៅឲ្យសប្បុរសធម៌ Viva con Agua នៅក្នុងប្រទេសអាល្លឺម៉ង់វិញ»។
Stuttgart ជាក្រុមកម្រិតមធ្យមមួយក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង់។ សព្វថ្ងៃក្លិបនេះក៏មានកីឡាករឆ្នើមមួយចំនួនផងដែរដូចជា Orel Mangala, Nicolas Gonzalez និង Silas Wamangituka៕
Tag:
Lionel Messi Barcelona Stuttgart Tim Artmann
© រក្សាសិទ្ធិដោយ thmeythmey.com