COVID-19
អន្តរជាតិ
រដ្ឋាភិបាលថៃ ពន្យារពេលទិញនាវាមុជទឹកពីចិន ក្រោយផ្ទុះប្រតិកម្មខ្លាំងពីប្រជាជន នាវាមុជទឹកចិនដែលថៃទិញពីចិន។ រូបភាព The Nation
× រដ្ឋាភិបាលថៃ បានសម្រេចចិត្តពន្យារពេលទិញនាវាមុជទឹកចំនួនពីរគ្រឿងពីចិនតម្លៃ៧២៤លានដុល្លារ ក្រោយប្រជាជនថៃនាំគ្នាតវ៉ានឹងការប្រើប្រាស់លុយសន្ធឹកសន្ធាប់នៅពេលសេដ្ឋកិច្ចប្រទេសជួបបញ្ហាដោយសារជំងឺ COVID-19 ។ នាវាមុជទឹកពីរគ្រឿងនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងថៃជំនាន់រដ្ឋាភិបាលយោធា និងចិនក្នុងការទិញលក់នាវាមុជទឹកចំនួនបីគ្រឿង។
ប្រជាជនថៃ បានបង្ហាញការមិនសប្បាយចិត្តខ្លាំងក្រោយអនុគណៈកម្មាធិការសភាយល់ព្រមលើគម្រោងទិញនាវាមុជទឹកពីរគ្រឿងតម្លៃ៧២៤លានដុល្លារពីរចិន ហើយទាមទារឲ្យរដ្ឋាភិបាលទម្លាក់គម្រោងនេះចោល ព្រោះកាលៈទេសៈបច្ចុប្បន្ន មិនមែនជាពេលដែលត្រូវចំណាយលុយក្រាស់ក្រែលលើយុទ្ធោបករណ៍ឡើយ។ នៅលើ Twitter អ្នកប្រើប្រាស់ជនជាតិថៃនាំគ្នាចែករំលែកសារថា ប្រជាជនមិនត្រូវការនាវាមុជទឹកឡើយ។
រដ្ឋាភិបាលថៃ ក៏យល់ព្រមផ្អាកការទិញនេះសិន។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយនៅថ្ងៃទី៣១ ខែសីហា ថា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ប្រាយុទ្ធ ចន្ទអូចា បានប្រាប់ឲ្យកងទ័ពជើងទឹកពិចារណាពន្យារពេលទិញនាវាមុជទឹកនេះសិន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Anucha បន្ថែមថា៖ «កងទ័ពជើងទឹកថៃ នឹងជជែកជាមួយភាគីលើការពន្យារពេលមួយឆ្នាំ។»
ក្រោយមានការរិះគន់ កងទ័ពជើងទឹកថៃ ក៏ចេញមុខការពារ និងបកស្រាយការទិញនេះដែរ។ ទ័ពជើងទឹកថៃអះអាងថា លុយដែលត្រូវចំណាយលើការទិញនេះ ជាការដកចេញកញ្ចប់ថវិការបស់ខ្លួនប៉ុណ្ណោះ ស្របពេលប្រទេសក្នុងតំបន់មានវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ក៏មាននាវាមុជទឹកស្រាប់ហើយនោះ។ ម្យ៉ាង ការទិញនេះ ក៏ជាស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ស្រាប់ដែរ ខណៈដែលការបញ្ជាទិញនាវាមុជទឹកមួយគ្រឿងដំបូង នឹងចប់សព្វគ្រប់នៅឆ្នាំ២០២៣ ខាងមុខ។
ដោយសារជំងឺ COVID-19 សេដ្ឋកិច្ចថៃបានធ្លាក់ចុះយ៉ាងគំហុក។ វិស័យទេសចរណ៍ដែលជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋអាស៊ីអាគ្នេយ៍មួយនេះ និងវិស័យផលិតទំនិញនាំចេញ រងផលប៉ះពាល់ខ្លាំងជាងគេដោយសារជំងឺផ្លូវដង្ហើមមួយនេះ។ លោក Anucha អះអាងថា លោក ប្រាយុទ្ធ ផ្ដល់អាទិភាពមុនដល់ការដោះស្រាយក្ដីបារម្ភរបស់ប្រជាជនថៃ៕
Tag:
ថៃ
នាវាមុជទឹក
ចិន
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com