កីឡាករ៤រូបរួមមាន សារី ម៉ាត់ណូរ៉ូទីន, ច្រឹង ពលរដ្ឋ, ជុង សុខា និងកីឡាករ គី រីណា ត្រូវបានគណៈកម្មការរៀបចំការប្រកួត វាយតម្លៃឲ្យជាប់ជាកីឡាករល្អប្រចាំការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិជើងទីមួយ។ នេះបើយោងតាមទំព័រហ្វេសប៊ុក Hun Sen Cup។
ខ្សែបម្រើប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន ដែលទើបត្រឡប់មកចូលរួមជាមួយណាហ្គាវើលកាលពីថ្ងៃទី១៣ ខែសីហា ក្រោយចែកផ្លូវជាមួយវិសាខា ត្រូវបានគណៈកម្មការវាយតម្លៃ វាយតម្លៃឲ្យជាប់ជាកីឡាករល្អប្រចាំការប្រកួត។ ការវាយតម្លៃនេះ ធ្វើឡើងក្រោយរូបគេបានបង្ហាញខ្លួនយ៉ាងល្អជាមួយក្រុមណាហ្គាវើលក្នុងជំនួបស្មើ ២-២ ជាមួយព្រះខ័នរាជស្វាយរៀង នាការប្រកួតជើងទី១វគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិនៅកីឡដ្ឋានស្តាតចាស់កាលពីសប្តាហ៍មុន។
កីឡាករខ្មែរ-អ៊ិស្លាមរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ និងជាអ្នកបញ្ជូនបាល់ឲ្យកីឡាករ គួច សុគម្ភៈ ស៊ុតបញ្ចូលទីបានសម្រេចឲ្យក្រុមណាហ្គាវើលតាមស្មើ ១-១ ជាមួយព្រះខ័នរាជស្វាយរៀង។ កីឡាករ គួច ដានី ជាអ្នករកគ្រាប់បាល់នាំមុខ ២-១ ឲ្យណាហ្គាវើល មុនកីឡាករ ហួយ ផល្លីន រកគ្រាប់ទីពីរឲ្យព្រះខ័នរាជស្វាយរៀង បន្ទាប់ពីគ្រាប់បាល់ទី១របស់ នុប តុលា។
ក្រោយរួមរស់ជាមួយគ្នាបីរដូវកាល កីឡាករ សារី ម៉ាត់ណូរ៉ូទីន បានផ្ទេរពីណាហ្គវើលទៅវិសាខានៅចុងឆ្នាំ២០១៨ ក្រោយជួយឲ្យក្លិបនេះលើកពានក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ប៉ុន្តែក្រោយចំណាយពេលជាង១ឆ្នាំជាមួយទ្រនំថ្មី រូបគេ ក៏បានត្រឡប់មកចូលរួមជាមួយណាហ្គាវើលសាជាថ្មីនៅអំឡុងខែសីហានេះ បន្ទាប់ពីជួយឲ្យវិសាខាទទួលបានជើងឯករងលីគកំពូលនិងលេខ៣ពានសម្តេច ហ៊ុន សែន ឆ្នាំ២០១៩។
ជាមួយគ្នានេះកីឡាករ ច្រឹង ពលរដ្ឋ ដែលរួមចំណែកជួយឲ្យក្រុមវិសាខារក្សាលទ្ធផលស្មើ ១-១ ជាមួយបឹងកេត ក៏ត្រូវបានវាយតម្លៃឲ្យជាប់ជាកីឡាករល្អប្រចាំការប្រកួតផងដែរ។ ចំណែកកីឡាករ ជុង សុខា ដែលបង្ហាញខ្លួនឲ្យក្រុមគីរីវង់សុខសែនជ័យក្នុងជំនួបចាញ់ភ្នំពេញក្រោន ២-១ និងកីឡាករ គី រីណា ដែលបង្ហាញខ្លួនឲ្យព្រៃវែងក្នុងជំនួបចាញ់កងយោធពលខេមរភូមិន្ទ ១-០ ក៏មានឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករល្អប្រចាំការប្រកួតក្នុងពានសម្តេច ហ៊ុន សែន ជើងទី១នេះដែរ។
ទីផ្សារដោះដូរកីឡាករក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ បានបិទបញ្ចប់នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ប៉ុន្តែនៅជើងទីពីរយើងសង្កេតឃើញថា ក្លិបនីមួយៗពុំមានការផ្លាស់ប្តូរឬនាំចូលកីឡាករថ្មីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺមានតែក្លិបមួយចំនួននោះទេ ដែលមានការដោះដូ បញ្ចប់កិច្ចសន្យា និងនាំចូលកីឡាករថ្មី។
ក្នុងនោះក្លិបបឹងកេតបាននាំចូលខ្សែប្រយុទ្ធ Dzarma Bata ក្រោមលក្ខខណ្ឌខ្ចីជើងពីអង្គរថាយហ្គឺរ ដើម្បីជំនួសកៅអីកីឡាករ Franc Santana Paiva។ រីឯក្លិបណាហ្គាវើលបាននាំចូលកីឡាករ សារី ម៉ាត់ណូរ៉ូទីន ក្រោយចែកផ្លូវជាមួយកីឡាករ Bisan George។ ចំណែកក្លិបនគរបាលជាតិបានចុះកិច្ចសន្យាជាមួយកីឡាករ ម៉ាត់ យ៉ាមីន អតីតកីឡាករបឹងកេត។
ជាមួយគ្នានេះក្រុមអាស៊ីអឺរ៉ុបមានការនាំចូលកីឡាករថ្មីគួរឲ្យកត់សម្គាល់ ទោះបីពួកគេអស់ឱកាសប្រជែងដណ្តើមជើងឯកនៅរដូវកាលនេះក៏ដោយ។ ពួកគេបាននាំចូលកីឡាករ Bisan George, Gbenga Samuel, Wallixada ohammad Emran, គង់ រាត្រី, ម៉ី គឹមឈាន, អ៊ុ ឧត្តម, ឈឹម សំបូរ និង អ៊ឹម សុផានិត្យ។ ចំណែក គីរីវង់សុខសែនជ័យ បាននាំចូលកីឡាករ៣រូបរួមមាន ប្រាក់ សុវណ្ណាពិសិដ្ឋ និង សេង សារ៉ាវុធ និងអ្នកចាំទី ឈិន ឈៃនុត (ខ្ចីជើងពីក្លិបភ្នំពេញក្រោន)៕