សង្គមអន្តរជាតិ
អន្តរជាតិ
យោធាចិន ទាត់ចោលការចោទប្រកាន់របស់ឥណ្ឌាដែលថាខ្លួនធ្វើសកម្មភាពបង្ករឿងនៅព្រំដែន រូបភាព៖ Anadolu Agency
× កងទ័ពចិន នៅថ្ងៃទី៣១ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាត់ចោលការចោទប្រកាន់របស់ឥណ្ឌាជុំវិញសកម្មភាពនៅព្រំដែន។ យោធាចិននិយាយការពារខ្លួនថា យោធាខ្លួន មិនបានធ្វើសកម្មភាពបង្ករឿង ដូចការចោទប្រកាន់របស់ភាគីឥណ្ឌានោះទេ ផ្ទុយទៅវិញ កងទ័ពឥណ្ឌាទៅវិញទេ ដែលបានឆ្លងខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC) ចូលមកក្នុងទឹកដីចិន។ កងទ័ពចិន មានតែចាត់វិធានការមួយចំនួន ដើម្បីការពារទឹកដីរបស់ខ្លួនប៉ណ្ណោះ។
ក្រសួងការពារជាតិឥណ្ឌា នៅថ្ងៃទី៣១ ខែសីហា អះអាងថា ចិនបានចល័តទ័ពនៅតាមព្រំដែនជាថ្មី ដែលនេះជាសកម្មភាពបង្ករឿង និងចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ ហេតុការណ៍ថ្មីនេះ បានកើតឡើង នៅភាគខាងត្បូងនៃជ្រោយទន្លេ Pangong Tso ស្ថិតក្នុងតំបន់Ladakh។ បន្ទាប់ពីការចោទប្រកាន់របស់ឥណ្ឌា កងទ័ពចិនក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីការពារខ្លួនពីការចោទប្រកាន់របស់ឥណ្ឌា។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងលិចរបស់កងទ័ពរំដោះប្រជាជនចិន បានអះអាងថា កងទ័ពឥណ្ឌា បានបំពានការឯកភាពគ្នា ដោយឆ្លងខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង នៅថ្ងៃទី៣១ ខែសីហា។ «ការចល័តទ័ពដោយភាគីឥណ្ឌា បានបំពានអធិបតេយ្យដែនដីរបស់ចិន និងបំផ្លាញសន្តិភាព និងស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែនឥណ្ឌា ចិន»។ អ្នកនាំពាក្យយោធាចិន បានលើកឡើងបែបនេះ ដោយបន្ថែមថា ដោយសារសកម្មភាពកងទ័ពឥណ្ឌា កងទ័ពចិន ក៏ចាត់វិធានការតបវិញ ដើម្បីការពារទឹកដី និងស្ថិរភាពនៅតាមព្រំដែន។
ជាមួយគ្នាដែរ សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានទទូចឲ្យឥណ្ឌាដកកងទ័ពរបស់ខ្លួន ដែលបានឈរជើងដោយខុសច្បាប់ និងគោរពតាមគោលការណ៍របស់កងទ័ពនៅតាមតំបន់ព្រំដែនជួរមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។
ចំណែកក្រសួងការបរទេសចិនវិញ អ្នកនាំពាក្យ លោក Zhao Lijian បានអះអាង កងទ័ពចិន មិនដែលឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែងចូលទៅក្នុងទឹកដីឥណ្ឌា ដើម្បីសកម្មភាពណាមួយទេ។ យ៉ាងណាក៏ដោយ ភាពតានតឹងតាមព្រំដែននេះ ត្រូវបានមេបញ្ជាការកងទ័ពទាំងពីរចរចាគ្នាហើយ។
សូមបញ្ជាក់ថា នៅក្នុងខែមិថុនាកន្លងទៅ ឥណ្ឌា និងចិន បានប៉ះទង្គិចគ្នាម្តង។ ហេតុការណ៍នោះ ទាហានឥណ្ឌា បានបាត់បង់ជីវិតចំនួន ២០នាក់ និងរបួសជាច្រើននាក់ ខណៈចិន មិនបញ្ចេញរបាយការណ៍។ ប៉ុន្តែការប្រឈមមុខនេះ ត្រូវបានកាត់បន្ថយទៅវិញ បន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានជួបចរចាគ្នារហូតដល់ទៅ ៣លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com