ជាតិ
ជាង​១​ឆ្នាំ លោក ផន រ៉ានី អ្នក​ចិញ្ចឹម​ត្រី​នៅ​ព្រៃវែង ផ្គត់ផ្គង់​ពូជ​ត្រី​បាន​ជាង​១០​មុខ​
01, Sep 2020 , 2:47 pm        
រូបភាព
ដោយ:
​លោក ផន រ៉ានី ជា​ម្ចាស់​កសិដ្ឋាន​រ៉ា​ហ្វី ស្ថិតក្នុង​ខេត្តព្រៃវែង​។ កសិដ្ឋាន​នេះ​កំពុង​ផ្គត់ផ្គង់​ពូជ​ត្រី​ប្រមាណ​១០​មុខ​ទៅដល់​កសិករ​នៅតាម​ខេត្ត​នានា​។ លោក ផន រ៉ានី សង្កេតឃើញថា ការចិញ្ចឹម​ត្រី ឬ​ប្រភេទ​វារីវប្បកម្ម​មួយចំនួន កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​នេះ បែរជា​បារម្ភ​ទៅវិញ ពោលគឺ​ខ្លាច​ថា កសិករ​ចិញ្ចឹម​តាម​គ្នា ដោយ​មិន​សិក្សា​ច្បាស់​ពី​បច្ចេកទេស និង​តម្រូវការ​ទីផ្សារ​។  សម្រាប់ លោក ផន រ៉ានី ការចិញ្ចឹម​តាម​គ្នា អាច​នឹង​បង្ក​ជា​ហានិភ័យ​ដល់​កសិករ​ទៅវិញ​។​

 
​លោក ផន រ៉ានី ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​រ៉ា​ហ្វី ដែលមាន​ទីតាំងនៅ​ភូមិ​ទួល​តា​រី ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង​។ កសិដ្ឋាន​នេះ ទើប​ចាប់ដំណើរការ​ជាង​១​ឆ្នាំ ដោយ​ផ្គត់ផ្គង់​ពូជ​ត្រី​ប្រមាណ​១០​មុខ ក្នុង​បរិមាណ​សរុប ពី​៣​ទៅ​៥​តោន ទៅដល់​កសិករ​នៅតាម​បណ្ដា​ខេត្ត​នានា​។ ពូជ​ត្រី​ទាំងនោះ​មានដូចជា ត្រី​ប្រា ពោ ឆ្ពិន អណ្ដែង ក្រាញ់ ផ្ទក់ ទី​ឡាប​ព្យា​ជាដើម​។  


 
​លោក ផន រ៉ានី បាន​ប្រាប់ ThmeyThmey25 ថា​គោលបំណង​នៃ​បង្កើត​កសិដ្ឋាន​នេះ គឺ​ដើម្បី​ចូលរួម​ផ្គត់ផ្គង់​ពូជ​ត្រី​ដែលមាន​តម្លៃ​សមរម្យ​ជូន​កសិករ បង្កើន​ផលិក​ម្ម​ត្រី​នៅក្នុង​ស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។ 
 
​ដ្បិតតែ​សាទរ​ចំពោះ​កំណើន​ការងារ​វារីវប្បកម្ម ក្នុង​រយៈពេល​ចុងក្រោយ​នេះ​របស់​កសិករ ក៏ប៉ុន្តែ លោក ផន រ៉ានី បារម្ភ​ថា ការ​សម្រុក​ចិញ្ចឹម​ត្រី ឬ​ប្រភេទ​វារីវប្បកម្ម​ផ្សេងទៀត តាម​គ្នា​ដោយ​មិនបាន​សិក្សា​ទីផ្សារ​នោះ នឹង​ក្លាយជា​ហានិភ័យ​សម្រាប់​កសិករ​ទៅវិញ​។ 
 
​លោក ផន រ៉ានី បាន​លើកឡើងថា ៖ «​បច្ចុប្បន្ន​មិន​ថា​ព្រៃវែង​ទេ ខេត្ត​ផ្សេងៗ ក៏​អីចឹង​ដែរ ចំនួន​អ្នក​ចិញ្ចឹម​ត្រី កង្កែប កន្ធាយ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ អ្នកខ្លះ​ចិញ្ចឹម​តាម​ការណែនាំ​ពី​អ្នកជំនាញ​កសិកម្ម តែ​អ្នកខ្លះ​មិនបាន​សិក្សា​ពី​ទីផ្សារ​ត្រូវការ​អ្វី​ទេ​! ឃើញ​គេ​ចិញ្ចឹម​បាន​ផល​ក៏​ចិញ្ចឹម​តាម​។ មួយទៀត ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះផ្សាយ ពី​អ្នក​ចិញ្ចឹម​នេះ ចិញ្ចឹម​នោះ​ទទួលជោគជ័យ​ក៏​ចិញ្ចឹម​តាម​គេ​។ ការចិញ្ចឹម​គ្មាន​គោលដៅ​បែបនេះ កសិករ​ងាយ​ប្រឈម​ជួប​ហានិភ័យ​ណាស់​»​។​


 
​សម្រាប់ លោក ផន រ៉ានី បន្តថា មុននឹង​ចាប់ផ្តើម​ចិញ្ចឹម​អ្វីមួយ កសិករ គួរ​គប្បី​សិក្សា​ឲ្យ​បាន​ច្បាស់​ជាមុនសិន ដូចជា​បច្ចេកទេស​ចិញ្ចឹម តម្រូវការ​ទុន និង​ជា​ពិ​សេ​តម្រូវការ​ទីផ្សារ​តែម្តង ដើម្បី​ចៀសវាង​ការខាតបង់​៕
 

Tag:
 ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com