COVID-19
អន្តរជាតិ
ហុងកុង ធ្វើតេស្តទ្រង់ទ្រាយធំរក COVID-19 តែប្រជាជនខ្លះមិនចង់ព្រោះតែវត្តមានគ្រូពេទ្យចិន ប្រជាជនហុងកុង ឈរតម្រង់ជួរ ដើម្បីធ្វើតេស្តCOVID-19។ រូបភាព៖ AFP
× ទីក្រុងហុងកុង នៅថ្ងៃទី១ ខែកញ្ញា បានចាប់ផ្តើមហើយ ការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីរកCOVID-19។ ប៉ុន្តែប្រជាជនមួយចំនួនមិនចង់ទៅធ្វើតេស្តឡើយ ព្រោះយុទ្ធនាការនេះ មានការចូលរួមពីក្រុមគ្រូពេទ្យមកពីទីក្រុងប៉េកាំង។ ចំណែកអ្នកនយោបាយដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ ក៏បានអំពាវនាវឲ្យប្រជាជនកុំទៅធ្វើតេស្តដែរ។
យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំរក COVID-19 នៅទីក្រុងហុងកុង បានចាប់ផ្តើមហើយ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពីទីក្រុងប៉េកាំងផងដែរ។ កម្មវិធីនេះ ធ្វើឡើងដើម្បីស្វែងរកអ្នកផ្ទុក COVID-19 ក៏ដូចជាលុបបំបាត់ករណីឆ្លងនៅក្នុងទីក្រុង។ យ៉ាងណាក៏ដោយ ផែនការនេះ មិនសូវទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងទីក្រុងឡើយ ព្រោះប្រជាជនខ្លាចទីក្រុងប៉េកាំង យកទិន្នន័យរបស់ខ្លួន ក៏ដូចជា DNA ដើម្បីតាមដាន។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ទីក្រុងហុងកុង បានរៀបចំមណ្ឌលធ្វើតេស្តរក COVID-19 ចំនួន ១៤១កន្លែង។ គិតត្រឹមថ្ងៃទី២៩ ខែសីហា មានមនុស្សចំនួន ៥១ម៉ឺននាក់ប៉ុណ្ណោះ បានចុះឈ្មោះ ដើម្បីធ្វើតេស្ត ខណៈទីក្រុងហុងកុងមានប្រជាជនសរុបប្រមាណ ៧,៥លាននាក់។
យុទ្ធនាការនេះ មានទាំងការគាំទ្រ និងមិនគាំទ្រ។ «ខ្ញុំនឹងធ្វើតេស្តរកCOVID-19 ដើម្បីខ្លួនឯង និងអ្នកដទៃ»។ នេះជាសម្តីរបស់ស្ត្រីវ័យ ៣០ ដែលគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលហុងកុង ខណៈប្រជាជនមួយចំនួនទៀត បានសម្រេចថា មិនទៅធ្វើតេស្តព្រោះមិនជឿជាក់លើរដ្ឋាភិបាល។
ចំណែកអ្នកនយោបាយ និងអ្នកតំណាងរាស្ត្រ ដែលមានទំនោរទៅរកប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង នៅថ្ងៃទី៣០ ខែសីហា បានអំពាវនាវឲ្យប្រជាជនពហិកាទៅធ្វើតេស្តរកCOVID-19 ព្រោះមានទីក្រុងប៉េកាំងនៅពីក្រោយ និងការពារទីក្រុងប៉េកាំងយក DNA ដើម្បីតាមដានផងដែរ។
ជាការឆ្លើយតបនឹងការបារម្ភរបស់ប្រជាជនជុំវិញការយកDNA រដ្ឋាភិបាលហុងកុង បានច្រានចោលបញ្ហានេះ និងអះអាងថា មិនមានការយកសំណាកណាមួយ ទៅមន្ទីរពិសោធន៍នៅទីក្រុងប៉េកាំងទេ។ ចំណែកលោកស្រីការី ឡាំ បានលើកឡើងថា អ្នកជំទាស់នឹងការធ្វើតេស្តទ្រង់ទ្រាយធំ គឺមិនអាចអត់ឱនឲ្យបានឡើយ។
សូមបញ្ជាក់ថា កន្លងមកទីក្រុងហុងកុង បានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលហុងកុង ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំនេះ។ គិតមកត្រឹមថ្ងៃទី១ ខែកញ្ញា ហុងកុងមានករណីឆ្លងCOVID-19 សរុបចំនួន ៤៨១១ករណី អ្នកស្លាប់មានចំនួន ៨៩នាក់ និងអ្នកជាសះស្បើយមានចំនួន ៤៣៤២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com