កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimovic វ័យ៣៨ឆ្នាំ បន្តលេងឲ្យ AC Milan មួយរដូវកាលទៀត
× ខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic យល់ព្រមបន្តកិច្ចសន្យារយៈពេល ១ ឆ្នាំទៀតជាមួយក្លិបយក្សអ៊ីតាលី AC Milan។
បើទោះបីឈានដល់វ័យ ៣៨ ឆ្នាំក្តី ប៉ុន្តែអតីតសមាជិក និងប្រធានក្រុមជម្រើសជាតិស៊ុយអែត រូបនេះនៅតែអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ១១ គ្រាប់សម្រាប់ AC Milan ចាប់តាំងពីចាកចេញពី LA Galaxy ត្រឡប់ទៅក្រុមក្នុងលីគកំពូល Serei A កាលពីខែមករា។
Ibrahimovic ដែលធ្លាប់ជាកីឡាកររបស់ AC Milan លើកដំបូងកាលពីឆ្នាំ ២០១០ និងជួយក្រុមឈ្នះជើងឯកលីគកំពូលអ៊ីតាលីនៅរដូវកាលនោះ បានបន្តការហ្វឹកហាត់មុនរដូវកាលថ្មី ២០២០-២១ ជាមួយមិត្តរួមក្រុមរបស់ខ្លួននៅទីលាន San Siro នៅថ្ងៃទី៣១ ខែសីហា។
AC Milan បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ក្នុងតារាងចំណាត់ Serie A រដូវកាលមុន ដែលមានន័យថាក្រុមនេះបានកៅអីជម្រុះ play-off ពានរង្វាន់លំដាប់ទី២អឺរ៉ុប UEFA Europa League។
ខ្សែប្រយុទ្ធឆ្នើម ដែលគេតែហៅថាលោកព្រះនេះ ធ្លាប់លេងឲ្យក្រុមកំពូលៗយ៉ាងច្រើនជាពិសេសក្រុមក្នុងក្របខណ្ឌ Serie A ដូចជា Juventus និង Inter Milan រួមទាំងក្រុមយក្សបារាំង Paris St-Germain និងយក្សអង់គ្លេស Manchester United ផង៕
Tag:
Zlatan Ibrahimovic
AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com