ជាតិ
គោ ក្របី ៣៥​ក្បាល​នៅ​ឃុំ​២​ក្នុង​ខេត្តស្វាយរៀង ងាប់​ដោយសារ​ជំងឺសារ​ទឹក​
01, Sep 2020 , 10:29 pm        
រូបភាព
 គោ ក្របី ៣៥​ក្បាល​នៅ​ឃុំ​២​ក្នុង​ខេត្តស្វាយរៀង ងាប់​ដោយសារ​ជំងឺសារ​ទឹក​
គោ ក្របី ៣៥​ក្បាល​នៅ​ឃុំ​២​ក្នុង​ខេត្តស្វាយរៀង ងាប់​ដោយសារ​ជំងឺសារ​ទឹក​
ដោយ:
​សត្វ​គោ ក្របី ចំនួន ៣៥​ក្បាល​បាន​ងាប់​ដោយសារ​ការឆ្លង​ជំងឺសារ​ទឹក​បន្ត​គ្នា​ក្នុង​ឃុំ​ចំនួន​២ និង​ភូមិ​ចំនួន ៥ ក្នុងនោះ​មាន​ក្របី​ចំនួន ៣២​ក្បាល ចាប់ពី​ថ្ងៃទី ១២ ខែសីហា ដល់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០២០​។ នេះ​បើតាម​លោក សុំ សុទ្ធា​វុ​ទ្ធ អនុប្រធាន​មន្ទី​កសិកម្ម​ខេត្តព្រៃវែង​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ​។​

 
​លោក សុំ សុទ្ធា​វុ​ទ្ធ បញ្ជាក់ថា កន្លងមក​ខេត្តស្វាយរៀង មិន​ធ្លាប់មាន​គោ ក្របី ស្លាប់ ច្រើន​ទេ គឺ​ធ្លាប់មាន​ត្រឹម ១-២ ក្បាល​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​គោ ក្របី ទាំង ៣៥​ក្បាល​ស្លាប់ ព្រោះតែ​ពលរដ្ឋ​មិនបាន​រាយការណ៍​ទៅ​ក្រសួងកសិកម្ម​ឲ្យ​បាន​ភ្លាមៗ​។​
 
​ជំងឺសារ​ទឹក កើតឡើង​នៅ​រដូវភ្លៀង​ធ្លាក់ និង​អាច​ចម្លង​ពីស​ត្វ​មួយ​ទៅ​សត្វ​មួយទៀត​តាមរយៈ​ការប៉ះពាល់​ជាមួយ​សត្វ​ឈឺ ឬ​ការឆ្លង​តាម​ការ​ស៊ី​ស្មៅ​កន្លែង​ដូចគ្នា​របស់​សត្វ​។ ទោះបីជា​ជំងឺ​នេះ​ឆ្លង​ពី​សត្វ​មួយ តែ​វា​មិនមាន​ផលប៉ះពាល់​ចំពោះ​មនុស្ស​ដែល​បរិភោគ​សាច់​នោះទេ ប្រសិនបើ​ចម្អិន​បាន​ឆ្អិន​ល្អ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អនុប្រធាន​មន្ទី​កសិកម្ម​ខេត្តស្វាយរៀង​។ 
 
 
​បើតាម​ក្រសួងកសិកម្ម ជំងឺសារ​ទឹក ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ក្នុងចំណោម​ជំងឺឆ្លង​នានា ដែល​បង្កឡើង​ដោយ​បាក់តេរី​ប៉ាស្ទ័រ​រ៉ែ​ល​ឡា​ម៉ុ​ល តូ​ស៊ី​ដា​។ ជំងឺ​នេះ​កើត​ទៅលើ​ប្រភេទ​សត្វ​គោ ក្របី ចៀម ពពែ ជ្រូក នៅ​តំបន់​ទំនាប សើម​ជោគជាំ ដក់​ទឹក ពិសេស​នៅ​រដូវភ្លៀង​។ សត្វ​ក្របី ងាយ​រង​ការឆ្លង​ច្រើនជាងគេ និង​សត្វ​ដែលមាន​វ័យ​ជំទង់​។ 
 
​លក្ខណៈ​ទូទៅ សត្វ​ដែល​កើត​ជំងឺសារ​ទឹក មាន​ហូរ​ទឹកមាត់ ទឹកសំបោរ ។ រយៈពេល ៦-២៤​ម៉ោង សត្វ​អាច​ស្លាប់ បើ​មិនមាន​ការព្យាបាល​ទាន់ពេល​។ ចំពោះ​វិធានការ​ទប់ស្កាត់ ត្រូវធ្វើ​អនាម័យ​ជាប្រចាំ ពិនិត្យ​គុណភាព​ចំណី និង​សុខភាព​សត្វ ហើយ​វិធានការ​សំខាន់បំផុត​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com