ជាតិ
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះភ្នំតាម៉ៅ អាចផលិតទឹកដោះគោស្រស់៦០០០លីត្រ ក្នុងមួយថ្ងៃ រូបភាពពីលោក វេង សាខុន
× កសិដ្ឋានចិញ្ចឹមគោយកទឹកដោះភ្នំតាម៉ៅ អាចផលិតទឹកដោះគោស្រស់ ប្រមាណ៦ពាន់លីត្រ ក្នុងមួយថ្ងៃ។ នេះបើតាមលោក គួច សុលី នាយកចាត់ការទូទៅ ដែលបានប្រាប់ទៅលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នាពលេទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ កាលពីថ្ងៃទី ៣១ ខែសីហា។
លោក គួច សុលី បានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រីកសិកម្មទៀតថា កសិដ្ឋានរបស់ខ្លួន មានផ្ទៃដី៣០០ហិកតា ដែលមានគោចំនួន ៥៦០ក្បាល ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ ទីតាំងនេះ មានបរិយាកាសសមស្រប និងអំណោយផលសម្រាប់ការចិញ្ចឹមគោយកទឹកដោះ ដោយកសិដ្ឋាន មានដាំដុះចំណីគោ ដូចជាស្មៅ សណ្ដែកសៀង ពោតជាដើម។
នាទស្សនកិច្ចនោះ លោក គួច សុលី បញ្ជាក់ទៀតថា កសិដ្ឋានរបស់ខ្លួនបង្កើតឡើងនា ឆ្នាំ២០១៨ ដោយបាននាំយកបច្ចេកវិទ្យាទំនើបទាន់សម័យ វៃឆ្លាត និងចុងក្រោយមកប្រើ ក្នុងការចិញ្ចឹម និងផលិតទឹកដោះ ដើម្បីធានាគុណភាព សុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។
សម្រាប់ នាយកគ្រប់គ្រងដដែល កសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់ខ្លួន បានរួមចំណែកយ៉ាងធំ ក្នុងការផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ ដោយមានបច្ចេកទេសខ្ពស់ក្នុងការផលិត កសិដ្ឋាននេះ មានការរំពឹងខ្ពស់ចំពោះភាពជោគជ័យរបស់ខ្លួន ដោយរំពឹងថានៅចុងឆ្នាំនេះ កសិដ្ឋានអាចផលិតទឹកដោះគោស្រស់ ១ ម៉ឺនលីត្រក្នុងមួយថ្ងៃ។
នៅកម្ពុជាបច្ចុប្បន្ន មានកសិដ្ឋានចិញ្ចឹមគោយកដោះមិនច្រើននោះទេ ដោយសារគោប្រភេទនេះទាមទារលក្ខខណ្ឌខ្ពស់ក្នុងការចិញ្ចឹម ដូចជា ទីកន្លែង ចំណី ការមើលថែ ពិសេសត្រូវប្រើដើមទុនច្រើនក្នុងការចិញ្ចឹម៕
គោយកទឹកដោះភ្នំតាម៉ៅ (រូបភាពលោក វេង សាខុន)
© រក្សាសិទ្ធិដោយ thmeythmey.com