កីឡាជាតិ
ជាតិ
កីឡាករ ស៊ុន វណ្ណដេត ត្រូវចំណាយពេលព្យាបាលយ៉ាងតិច៦ខែ ក្រោយវះកាត់របួសជង្គង់ កីឡាករ ស៊ុន វណ្ណដេត វះកាត់របួសជង្គង់នៅមន្ទីរពេទ្យកេតុមាលា(រូបក្នុងរង្វង់)
× ខ្សែបម្រើ ស៊ុន វណ្ណដេត ត្រូវអវត្តមានពីទីលានវាលស្មៅយ៉ាងតិច៦ខែ ក្រោយរូបគេរងរបួសដាច់សសៃពួរជង្គង់ ដែលបានវះកាត់យ៉ាងជោគជ័យនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នាមន្ទីរពេទ្យកេតុមាលា។ នេះបើតាមការបញ្ជាក់របស់លោក សារ៉េត ស៊ីដន អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុមនគរបាលជាតិ។
«ពេទ្យឲ្យសម្រាកយ៉ាងតិច៦ខែ ក្នុងរយៈពេល៦ខែគាត់(ស៊ុន វណ្ណដេត)អាចហ្វឹកហាត់ និងធ្វើហាត់ប្រាណផ្សេងៗ»។ នេះជាការលើកឡើងរបស់លោក សារ៉េត ស៊ីដន ដែលបានបន្ថែមថា ការអវត្តមានរបស់សមាជិកក្រុមជម្រើសជាតិរូបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់តំបន់បម្រើរបស់ក្រុម។ ប៉ុន្តែលោកអះអាងថា ក្លិបមានកីឡាករគ្រប់គ្រាន់ក្នុងការជំនួសតួនាទីរបស់កីឡាកររូបនេះ។
កីឡាករ ស៊ុន វណ្ណដេត បានរងរបួសដាច់សសៃពួរជង្គង់ក្នុងជំនួបជើងទីពីរវគ្គ១៦ក្រុមនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិរវាងក្រុមនគរបាលជាតិជាមួយគីរីវង់សុខសែនជ័យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយកាលណោះក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ លទ្ធផលនេះ តម្រូវឲ្យក្រុមទាំងពីរទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គបន្ត។ នៅក្នុងការទាត់បាល់១១ម៉ែត្រ ក្រុមនគរបាលជាតិបានចាញ់ក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផល ៤-៣។
កីឡាករមកពីខេត្តកោះកុងរូបនេះ បានចូលរួមជាមួយក្លិបនគរបាលជាតិតាំងពីឆ្នាំ២០១៣។ រូបគេបានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅឆ្នាំ២០១៥ និងបានជាប់ក្នុងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនៅឆ្នាំ២០១៧។ ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះ បានជាប់ជម្រើសជាតិក្នុងឈុតធំតាំងពីឆ្នាំ២០១៦៕
Tag:
ស៊ុន វណ្ណដេត
សារ៉េត ស៊ីដន
នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com