COVID-19
អន្តរជាតិ
ថៃ ចាប់ខ្លួនមេដឹកនាំនិស្សិត ពីបទបំពានសន្តិសុខផ្ទៃក្នុង និងបម្រាមទប់ស្កាត់ COVID-19 រូបភាព៖ Reuters
× ប៉ូលិសថៃ បានចាប់ខ្លួនមេដឹកនាំនិស្សិតម្នាក់ នៅថ្ងៃទី១ ខែកញ្ញា នៅទីក្រុងបាងកក។ បើតាមការអះអាងរបស់មន្ត្រីប៉ូលិស និស្សិតស្រីវ័យ ២១ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនពីបទបំពានសន្តិសុខផ្ទៃក្នុង និងមិនគោរពបម្រោមទប់ស្កាត់COVID-19។
ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា កន្លងមក ក្រុមនិស្សិតថៃ បានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃ ដើម្បីទាមទារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ចប់ឥទ្ធិពលយោធានៅក្នុងសង្គមថៃ។ លើសពីនេះ ក្រុមបាតុករមួយចំនួន ក៏បានទាមទារឲ្យធ្វើកំណែទម្រង់លើស្ថាប័នមហាក្សត្រថៃផងដែរ។ ទាក់ទិននឹងបាតុកម្មនេះ ប៉ូលិសថៃ បានចាប់ខ្លួនបាតុករជាបន្តបន្ទាប់ ក្នុងនោះមានដូចជាមេធាវីសិទ្ធិមនុស្ស Anon Nampa តារាចម្រៀងរ៉េប និងសកម្មជនមួយចំនួន។ ប៉ុន្តែអ្នកទាំងនោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំអស់ហើយ។
រហូតដល់ថ្ងៃទី១ ខែកញ្ញា ប៉ូលិសថៃ បានចាប់ខ្លួនប្រធានសហព័ន្ធនិស្សិតថៃម្នាក់ទៀត ពីបទបំពានច្បាប់សន្តិសុខផ្ទៃក្នុង និងបទបញ្ញាត្តិCOVID-19 ដែលហាមក្នុងការជួបប្រជុំ។ ប្រធានសហព័ន្ធនិស្សិតថៃរូបនេះ គឺមានឈ្មោះJutatip Sirikhan និងមានវ័យ ២១ឆ្នាំ។ កញ្ញា Jutatip ត្រូវបានប៉ូលិសចាប់ខ្លួន ក្នុងអំឡុងពេលជិះតាក់ស៊ី ទៅសកលវិទ្យាល័យ ក្នុងទីក្រុងបាងកក។
«យើងចាប់ខ្លួន ដោយផ្អែកតាមដីកាឲ្យចាប់ខ្លួនលើការតវ៉ា នៅថ្ងៃទី១៨ ខែកក្កដា»។ នេះបើការបញ្ជាក់របស់ប៉ូលិសបាងកកដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងអំឡុងពេលចាប់ខ្លួននោះ ប្រធានសហព័ន្ធនិស្សិតថៃរូបនេះ ក៏បានថតវីដេអូមួយ និងបង្ហោះនៅលើបណ្តាញសង្គម Facebook របស់ខ្លួនផងដែរ។
នៅថ្ងៃទី១៦ ខែសីហាកន្លងមក បាតុករថៃ ដែលមានចំនួនយ៉ាងហោចណាស់ ១ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្មដ៏ធំបំផុតតាំងតែពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដោយទាមទារឲ្យមានកំណែទម្រង់នយោបាយ។ បន្ថែមពីលើនេះ ក្រុមបាតុករបានដាក់សំណើរទាមទារឲ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា រំលាយរដ្ឋសភា វិសោធនកម្មរដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានដោយមន្ត្រីរដ្ឋាភិបាល និងបញ្ហាផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com