ជាតិ
ទូតជប៉ុន៖ ខ្ញុំរីករាយដោយបានស្វែងយល់វប្បធម៌ខ្មែរតាមរយៈការរៀនភាសា
01, Sep 2020 , 5:51 pm        
រូបភាព
ដោយ: ថ្មីៗ
មួយឆ្នាំហើយដែលលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានមកដល់កម្ពុជាក្នុងតួនាទីជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បន្តពីលោក Hidehisa Horinouchi។ នៅថ្ងៃទី១ ខែកញ្ញា នេះ តាមរយៈហ្វេសប៊ុកស្ថានទូត លោក មីកាមិ បានសរសេរសារបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ជាមួយនឹងការថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរដែលស្វាគមន៍លោកយ៉ាងកក់ក្តៅ។



«ពេលវេលាមួយឆ្នាំ គឺពិតជាដើរលឿនណាស់ បន្ទាប់ពីពេលដែលខ្ញុំបានមកដល់កម្ពុជាក្នុងនាមជាឯកអគ្គរាជទូតជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុន»។ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងយ៉ាងដូច្នេះ ហើយបន្ថែមថា ក្រោយមកដល់កម្ពុជា លោកបានផ្តើមរៀនភាសាខ្មែរ និងបង្ហោះជាវីដេអូរៀងរាល់សប្តាហ៍។

«នេះគឺជាកិច្ចការមួយដ៏ពិបាកខ្លាំងសម្រាប់ខ្ញុំដែលមិនធ្លាប់រៀនភាសាខ្មែរពីមុនមកសោះ។ ប៉ុន្តែដោយសារការអនុវត្ត និងបន្តហ្វឹកហាត់ជារៀងរាល់សប្តាហ៍ ខ្ញុំចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយដោយបានស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការរៀនភាសា»។

រយៈពេលពេញមួយឆ្នាំកន្លងមកនេះ លោកឯកអគ្គរាជទូតជប៉ុន បានចុះបំពេញការងារតាមបណ្តាខេត្ត ហើយក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (អាយស៊ីស៊ី-អង្គរ) លោកបានចុះទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ ហើយក៏បានទៅខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។

«ខ្ញុំចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀតដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជាកាន់តែច្បាស់»។ នេះជាការតាំងចិត្តរបស់លោក មីកាមិ ដោយបានកត់សម្គាល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

លោកក៏បានលើកឡើងពីទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់លោក ម៉ូតេហ្គី រដ្ឋមន្រ្តីការបរទេសជប៉ុនកាលពីថ្ងៃទី២១ និង២២ ខែសីហា កន្លងមកផងដែរ ជាពិសេសការឯកភាពគ្នា បើកឲ្យប្រជាជនអាចធ្វើដំណើរទៅវិញទៅមកបានបន្តិចម្តង បន្តិចម្តង ដោយស្របជាមួយនឹងវិធានការផ្សេងៗទប់ទល់ Covid-19។

មុននឹងបញ្ចប់សាររបស់ខ្លួន លោក មីកាមិ បានណែនាំពាក្យជប៉ុនមួយឃ្លាថា  “ピンチはチャンス“ ដែលមានន័យថា ”វិបត្តិគឺជាឱកាស”។ «ទោះបីជា ស្ថិតក្រោមស្ថានភាពបែបនេះក៏ដោយ ខ្ញុំនឹងនៅតែគិតគូរថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន និងបន្តព្យាយាមជំរុញបន្ថែមទៀតនូវមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ ដោយសហការជាមួយ លោក លោកស្រី»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com