ខ្មែរ​ក្រហម
ជាតិ
អតីតមេគុកទួលស្លែង ឌុច ទទួលមរណភាព ក្នុងវ័យ៧៧ឆ្នាំ
02, Sep 2020 , 8:26 am        
រូបភាព
កាំង ហ្គេកអ៊ាវ ហៅ ឌុច ក្នុងអំឡុងពេលប្រកាសសាលដីកាស្ថាពររបស់អង្គជំនុំជម្រះតុលាការកំពូល លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០១ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២(រូបពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
កាំង ហ្គេកអ៊ាវ ហៅ ឌុច ក្នុងអំឡុងពេលប្រកាសសាលដីកាស្ថាពររបស់អង្គជំនុំជម្រះតុលាការកំពូល លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០១ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២(រូបពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
ភ្នំពេញ៖ អតីតប្រធានគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម កាំង ហ្គេកអ៊ាវ ហៅ ឌុច បានទទួលមរណភាព កាលពីវេលាម៉ោងជាង១២ម៉ោងយប់ ឈានចូលថ្ងៃទី២ កញ្ញានេះ ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ដែលបានសរសេរលើហ្វេសប៊ុកខ្លួន។

 
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែម ពីលោក នេត្រ ភក្ត្រា ជុំវិញករណីស្លាប់អតីតមេដឹកនាំខ្មែរក្រហមនេះឡើយ។
 
មុននឹងទទួលមរណភាពនេះ ទណ្ឌិត ឌុច មានអាការហត់ និងអស់កម្លាំង ទើបខាងគ្រូពេទ្យប្រចាំពន្ធនាគារខេត្តកណ្ដាល សម្រេចបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ មុននឹងបន្តបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៣១ សីហា។នេះបើតាមលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១ កញ្ញា លោក ចាត ស៊ីនាង បានបញ្ជាក់ថា «យើងឃើញគាត់ឈឺ២ដង គឺមានអាការហត់តែប៉ុណ្ណឹង ហើយឥឡូវគាត់(សម្រាក)នៅពេទ្យ ។ ហើយយើងក៏បានទូរស័ព្ទទៅប្រាប់កូនគាត់ឱ្យទៅមើលថែគាត់»។ 

ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច មានវ័យ៧៧ឆ្នាំ។ ឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលផ្តន្ទាទោសផ្តន្ទាទោស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់តួនាទីពីអនុប្រធាន ហើយក្លាយជាប្រធានមន្ទីរ ស-២១ នៅទីក្រុងភ្នំពេញ (អំឡុងពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩)។
 
អង្គជំនុំជម្រះតុលាការកំពូល បានចោទប្រកាន់ ឌុច  ពីបទ«ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងនាមជាអ្នកទទួលខុសត្រូវលើអតីតមន្ទីរសន្តិសុខស-២១» ។ 
 
ឌុច កើតនៅឆ្នាំ១៩៤២ មានស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រោយរបបខ្មែរក្រហមដួលរំលំ លោកបានសម្ងំរស់នៅលាក់ខ្លួនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅឆ្នាំ១៩៩៥ មុននឹងត្រូវបានគេចាប់ខ្លួន កាលពីឆ្នាំ១៩៩៩ និងឃុំខ្លួននៅមន្ទីរឃុំឃាំង តុលាការយោធា រហូតដល់ថ្ងៃបញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧៕
 

Tag:
 ឌុច
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com