មន្ទីរ​បញ្ច​កោណ​៖ យោធា​ចិន មាន​សមត្ថភាព​ស្មើ ឬ​លើស​អាមេរិក​លើ​វិស័យ​យោធា​មួយចំនួន​
សង្គមអន្តរជាតិ​
អន្តរជាតិ
មន្ទីរ​បញ្ច​កោណ​៖ យោធា​ចិន មាន​សមត្ថភាព​ស្មើ ឬ​លើស​អាមេរិក​លើ​វិស័យ​យោធា​មួយចំនួន​
16, Sep 2020 , 2:59 pm        
រូបភាព
មីស៊ីលបាលីស្ទិករបស់ចិនក្នុងក្បួនដង្ហែរនាពេលកន្លងមក។ រូបភាព AFP
មីស៊ីលបាលីស្ទិករបស់ចិនក្នុងក្បួនដង្ហែរនាពេលកន្លងមក។ រូបភាព AFP
​មន្ទីរ​បញ្ច​កោណ​អាមេរិក​កាលពី​ដើម​ខែកញ្ញា បានចេញ​របាយការណ៍​មួយ​ដោយបាន​ទទួលស្គាល់​ពីស​ម​ត្ថ​ភាព​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ដែល​សព្វថ្ងៃ ស្មើ ឬ​លើស​សមត្ថភាព​យោធា​អាមេរិក​លើ​ផ្នែក​មួយចំនួន​ដូចជា​មី​ស៊ី​ល​ប្រដេញ និង​ការសាងសង់​នាវា​ជាដើម​។ ក្រៅពី​ទទួលស្គាល់​សមត្ថភាពរ​បស់​ចិន អាមេរិក ក៏បាន​បញ្ជាក់​ផងដែរ​ថា ចិន​កំពុង​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ២​ដង ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​។

 
​មកទល់ពេលនេះ អាមេរិក នៅតែ​ជា​ប្រទេស ដែល​ចំណាយ​ខ្លាំងជាងគេ​លើ​យោធា​។ ក្នុង​ឆ្នាំ​២០១៩ មហាអំណាច​មួយ​នេះ បាន​ចំណាយ​លើ​យោធា​រហូតដល់​ជាង ៧០០​ពាន់​លាន​ដុល្លារ ខណៈ​ចិន មាន​ត្រឹមតែ ១៦៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ បើទោះបីជា​ចំណាយ​តិចជាង​អាមេរិក​ច្រើន​មែន ប៉ុន្តែ​ចិន​មាន​សមត្ថភាព​ខ្លាំង​ជាង​អាមេរិក​លើ​វិស័យ​យោធា​មួយចំនួន​។ 
 
​តាមរយៈ​របាយការណ៍​របស់​មន្ទីរ​បញ្ច​កោណ កងទ័ព​រំដោះប្រជាជន​ចិន​មាន​សមត្ថភាព​តាម​ស្មើ ឬ​ខ្លាំង​ជាង​យោធា​អាមេរិក​លើ​វិស័យ​មួយចំនួន​រួច​បាត់ទៅហើយ​។ វិស័យ​ទាំងនោះ មានដូចជា ការសាងសង់​នាវា មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​លើដី មី​ស៊ី​ល​ប្រដេញ និង​ប្រព័ន្ធ​ការពារ​អាកាស​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ក្រៅពី​ទទួលស្គាល់​សមត្ថភាព​យោធា អាមេរិក ក៏បាន​ប៉ាន់ប្រមាណ​លើ​បរិមាណ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ចិន​ជា​លើកដំបូង​ផងដែរ​។ បើតាម​របាយការណ៍​ដ​ដែល​នេះ ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តិចជាង ២០០​គ្រាប់ នៅក្នុង​ឃ្លាំង​ផ្ទុក​គ្រាប់​របស់ខ្លួន​។ ការវាយតម្លៃ​នេះ គឺ​តិចជាង​ការវាយតម្លៃ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ទីក្រុង​ស្តុក​ខុល (SIPRI) ទៅទៀត​។ កន្លងមក SIPRI អះអាងថា ចិន​មាន​ក្បាល​គ្រាប់​សរុប​ចំនួន ៣២០​គ្រាប់​។ 
 
​ទន្ទឹមនេះ អាមេរិក​ក៏បាន​វាយតម្លៃថា ចិន​កំពុង​បង្កើន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​ពីរដង ក្នុង​រយៈពេល​១០​ឆ្នាំ​។ ចិន​មាន​សមត្ថភាព​បាញ់​អាវុធ​នុយក្លេអ៊ែរ តាមរយៈ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចេញពី​លើដី ពី​សមុទ្រ ហើយ​ទីក្រុង​ប៉េកាំង ក៏​កំពុង​អភិវឌ្ឍ​សមត្ថភាព​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ពីលើ​អាកាស​ផងដែរ​។ « វា​ទំនង​ថា​ទីក្រុង​ប៉េកាំង កំពុង​ស្វែងរក​ការអភិវឌ្ឍ​យោធា​ត្រឹម​ពាក់កណ្តាល​សតវត្សរ៍​នេះ ដើម្បី​តាម​ស្មើ ឬ​ខ្លាំង​ជាង យោធា​អាមេរិក ឬ​មហាអំណាច​ផ្សេងទៀត ដែល​ចិន​គិតថា ជាការ​គំរាមកំហែង​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​របាយការណ៍​មន្ទីរ​បញ្ច​កោណ​អាមេរិក​។ 
 
​សូមបញ្ជាក់ថា របាយការណ៍​នេះ ធ្វើឡើង​ស្របពេល​អាមេរិក និង​ចិន កំពុងមាន​ជម្លោះ​ជាមួយគ្នា​លើ​បញ្ហា​ច្រើន ក្នុងនោះ​មានដូចជា បច្ចេកវិទ្យា COVID-19 ហុងកុង ការទូត និង​បញ្ហា​ផ្សេងទៀត​៕

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com