ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ឧស្សាហ៍​ញ៊ាំ ប៉ុន្តែ​តិច​អត់​ដឹង “​គ្រាប់​ជី​” ល្អ​អ្វីខ្លះ​ចំពោះ​សុខភាព​rn
24, Jun 2022 , 6:59 am        
រូបភាព
​គ្រាប់​ជី​ជា​អាហារ​សុខភាព​បំផុត​មួយ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​រក្សាសុខ​ភាព​រា​ង​កាយ​ល្អប្រសើរ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ស្គាល់ ក៏ដូចជា​ចូលចិត្ត​ទទួលទាន​គ្រាប់​ជី ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​វា​ក្នុងការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​វិជ្ជមាន​នៃ​ការ​ទទួលទាន​គ្រាប់​ជី ៖

 
១. ជួយ​ឱ្យ​ឆាប់​គេង​លក់បាន​ស្កប់​
 
​នេះ​ក៏​ព្រោះតែ​គ្រាប់​ជី​មាន​ផ្ទុក​អាស៊ីត​អា​មី​ណូ tryptophan ដែល​ជួយ​ផលិត​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន​និង​មេឡានីន​ទទួលខុសត្រូវ​សម្រាប់​ការ​គេង​លក់បាន​ស្រួល​ស្កប់​។ ដូច្នេះ​នៅពេល​អ្នក​រួមបញ្ចូល​គ្រាប់​ជី​ក្នុង​របប​អាហារ​នោះ​អ្នក​ប្រាកដជា​អាច​គេង​លក់បាន​ស្កប់​ជាមិនខាន​។​
 
២. ពន្យឺត​ភាព​ចាស់​តាម​វ័យ​
 
​គ្រាប់​ជី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ជួសជុល​ស្បែក​ឡើងវិញ​បាន​កាន់តែ​ឆាប់រហ័ស ក៏ដូចជារ​រាំង​ការខូចខាត​ផ្សេងៗ​ផងដែរ​។ ម្យ៉ាងវិញទៀត​វីតាមីន E ក្នុង​គ្រាប់​ជី​មាន​ប្រសិទ្ធភាព​ជួយ​ពន្យឺត​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​។​
 
៣. ពង្រឹង​សុខភាព​ឆ្អឹង​
 
​នោះ​ក៏​ព្រោះតែ​គ្រាប់​ជី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​ល្អប្រសើរ​។ ត្រឹម ២៥ ក្រាម​នៃ​គ្រាប់​ជី​មាន​ផ្ទុក​កាល់ស្យូម​ដល់​ទៅ ១៥៧ មី​លី​ក្រាម​ដែល​ច្រើនជាង​បរិមាណ​នៃ​កាល់ស្យូម​ក្នុង​ទឹកដោះគោ​ស្រស់ ១០០ មី​លី​លីត្រ​ទៅទៀត​។​
 
៤. រក្សា​សុខភាព​ធ្មេញ​រឹងមាំ​
 
​ក្រៅពី​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ កាល់ស្យូម​ក៏​សំខាន់​សម្រាប់​សុខភាព​មាត់​ធ្មេញ​ផងដែរ​។ លើសពីនេះទៅទៀត​គ្រាប់​ជី​មាន​ផ្ទុក​សារធាតុ boron ដែល​ជួយ​ក្នុងការ​រំលាយ​ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ផូស្វ័រ និង​ម៉​ង់​កា​ណែ​ស​សម្រាប់​ការលូតលាស់​ធ្មេញ​រឹងមាំ​។​
 
៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​
 
​នោះ​ក៏​ព្រោះតែ​គ្រាប់​ជី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ Unsaturated ជាតិ​ស​សៃ និង​ប្រូតេអ៊ីន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។​
 
៦. បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​
 
​គ្រាប់​ជី​ល្អ​ណាស់​សម្រាប់​សម្អាត​ពោះវៀន​។ ការទទួល​ទាន​ទឹក​គ្រាប់​ជី​ជួយ​កម្ចាត់​ជាតិពុល​និង​សម្រួល​ចលនា​ពោះវៀន​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ ក្រៅពី​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ហើយ​នោះ គ្រាប់​ជី​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​ថែមទៀត​ផង​។​
 
៧. ទប់ស្កាត់​បញ្ហា​ទល់លាមក​
 
​គ្រាប់​ជី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ការរំលាយ​អាហារ​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ទល់លាមក​គួរឱ្យកត់សម្គាល់​។​
 
៨. ជម្រុញ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
 
​គ្រាប់​ជី​មាន​ផ្ទុក​វីតាមីន B ខ្ពស់​ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​គ្រាប់​ជី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ ដែលមាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស​ផងដែរ​។​
 
៩. ព្យាបាល​អាកា​រៈ​ក្រហាយ​ទ្រូង​ដោយសារ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​
 
​គ្រាប់​ជី​មាន​ប្រសិទ្ធិភាព​បំផុត​ដោះស្រាយ​បញ្ហា​ក្រហាយ​ទ្រូង​ដោយ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ម៉ាញ៉េ​ស្យូ​ម ជាតិ​ស​សៃ ជាតិ​ដែក និង​សេ​លេ​ញ៉ូ​ម​។ គ្រាន់តែ​យក​គ្រាប់​ជី ១ ស្លាបព្រា​បាយ​ពេញ​លាយ​ជាមួយ​ទឹក​ធម្មតា ហើយ​ទទួលទាន​ជាការ​ស្រេច​។​
 
១០. សុខភាព​បេះដូង​កាន់តែ​ល្អប្រសើរ​
 
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​អូ​មេ​ហ្កា ៦ ដែល​គ្រាប់​ជី​មាន​ផ្ទុក​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​បញ្ចុះ​សម្ពាធ​ឈាម​។ ជា​លទ្ធផល​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
១១. បង្កើន​ថាមពល​រាងកាយ​
 
​គ្រាប់​ជី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ជាតិ​ដែក ស័ង្កសី និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​បង្កើន​ថាមពល​ឆាប់រហ័ស​។ គ្រាន់តែ​បន្ថែម​គ្រាប់ពូជ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អ្នកនឹង​ទទួលបាន​ថាមពល​ខ្លាំងក្លា​ពេញ​មួយថ្ងៃ​តែម្ដង​។​
 
១២. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ជាតិ​ស​សៃ​ខ្ពស់​ក្នុង​គ្រាប់​ជី​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​មាន​អារម្មណ៍​ឆ្អែត​បានយូរ​។ វា​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​ធ្វើឱ្យ​ស្រក​ទម្ងន់​។ លើសពីនេះទៅទៀត គឺ​គ្រាន់​ជី​រីក​មាឌ​នៅពេល​ស្រូបទឹក​។ អ្នក​គ្រាន់តែ​បន្ថែម ១ ឬ ២ ស្លាបព្រា​បាយ​នៃ​គ្រាប់​ជី​ឆៅ​ក្នុង​ទឹក​កូរ​ឱ្យ​សព្វ ហើយ​ទទួលទាន​ភ្លាម​ជាការ​ស្រេច​។ គ្រាប់​ជី​ក៏មាន​សមត្ថភាព​ដុតបំផ្លាញ​ខ្លាញ់​ក្បាលពោះ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com