ពីនេះ ពីនោះ
សុខភាព
មិនបាច់​លេប​វីតាមីន​ចម្រុះ​ទេ​! អាហារ​ទាំងនេះ​សម្បូរ​សារធាតុចិញ្ចឹម​ច្រើនជាង​
04, Jun 2022 , 6:59 am        
រូបភាព
​រាងកាយ​ត្រូវការ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុចិញ្ចឹម​សំខាន់ៗ​ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​អាច​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្សេងៗ​។ ទោះជា​យ៉ាងណា​អ្នក​មិនចាំបាច់​ពឹង​ផ្អែកលើ​ថ្នាំ​គ្រាប់​វីតាមីន​ចម្រុះ​ដើម្បី​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ឡើយ ខណៈដែល​អាហារ​មួយចំនួន​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើនជាង​ផង​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដោយ​មិនបាច់​លេបថ្នាំ ៖

 
១. សារាយសមុទ្រ​
 
​កង្វះ​ជាតិ​អ៊ីយ៉ូដ​ជះឥទ្ធិពល​ដល់​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ មនុស្សពេញវ័យ​ដែលមាន​កម្រិត​ជាតិ​អ៊ីយ៉ូដ​ទាប​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ រីឯ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​កម្រិត​ជាតិ​អ៊ីយ៉ូដ​ទាប​វិញ​អាច​ប្រឈមមុខ​នឹង​បញ្ហា​មិន​ប្រក្រតី​ចំពោះ​ទារក​ក្នុង​ផ្ទៃ​។ វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​បង្កើន​កម្រិត​អ៊ីយ៉ូដ​ក្នុង​រាងកាយ គឺ​តាមរយៈ​ការទទួល​ទាន​សារាយសមុទ្រ​។ ទោះជា​យ៉ាងណា​អ្នក​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ​។​
 
២. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម វីតាមីន ជាតិ​រ៉ែ ជាតិ​ស​សៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ដូច្នេះ​កុំ​ភ្លេច​បង្កើន​ការទទួល​ទាន​បន្លែ​បៃតង​ដើម្បីឱ្យ​រាងកាយ​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​។​
 
៣. ថ្លើម​សត្វ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A សារធាតុ folate វីតាមីន B12 ជាតិ​ដែក និង​ទង់ដែង​។ វីតាមីន B12 ក្នុង​ថ្លើម គឺជា​វីតាមីន​សំខាន់បំផុត​មួយ​ដែល​មនុស្ស​ភាគច្រើន​ខ្វះ​ក្នុង​ប្រព័ន្ធ​រាងកាយ​។ វីតាមីន​នេះ​ដើរតួនាទី​ចាំបាច់​ក្នុង​ខួរក្បាល ប្រព័ន្ធ​ស​សៃ​ប្រសាទ និង​សុខភាព​កោសិកា​។ អ្នក​គួរ​ទទួលទាន​ថ្លើម​សត្វ ២ ដង​ក្នុង​មួយ​សប្តាហ៍​ជាប្រចាំ​ដើម្បី​បង្កើន​កម្រិត​នៃ​សារធាតុចិញ្ចឹម​ដោយ​សុវត្ថិភាព​។​
 
៤. ត្រី​សម្បូរ​ខ្លាញ់​
 
​ការរួមបញ្ចូល​ត្រី​សម្បូរ​ខ្លាញ់ គឺ​ចាំបាច់​ណាស់​ដោយ​អាហារ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​រក្សា​សុខភាព​បេះដូង​។ ក្រៅពី​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់​ផ្សេងទៀត​ផងដែរ​។​
 
៥. ម្ទេសផ្លោក​ពណ៌​លឿង​
 
​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​វីតាមីន C ចូរ​ព្យាយាម​រួមបញ្ចូល​ម្ទេសផ្លោក​ពណ៌​លឿង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ វីតាមីន​នេះ​ចាំបាច់​ណាស់​ក្នុងការ​រក្សាសុខ​ភាព​រា​ង​កាយ​ដោយ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ បើ​ប្រៀបធៀប​នឹង​ក្រូច ម្ទេសផ្លោក​ពណ៌​លឿង​មាន​ផ្ទុក​វីតាមីន C ច្រើនជាង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com