ជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺលែងកូនត្រីប្រា និងឆ្ពិន ៦ពាន់ក្បាលទៅក្នុងបឹងធម្មជាតិដើម្បីបង្កើនពូជត្រី រូបភាពពីលោក វ៉ី សំណាង
× លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្មវិធីលែងកូនត្រីប្រា និងឆ្ពិន ៦ ពាន់ក្បាលក្នុងបឹងធម្មជាតិ ទំនប់ជណ្ដើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីបង្កើនពូជត្រីធម្មជាតិ។ នេះបើតាមគណនីហ្វេសប៊ុកផ្ទាល់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោក កែវ គុជរាជសីហ៍ អ្នកនាំពាក្យខេត្តកំពង់ស្ពឺ ប្រាប់ ThmeyThmey25 ថាការលែងកូនត្រីទាំង ៦ ពាន់ក្បាលក្នុងទំនប់ជណ្ដើរកាច់នេះ ដោយសារទំនប់នេះជាប្រភពទឹកដល់កសិករនៅតំបន់នៅក្នុងការស្រោចស្រពដំណាំផ្សេងៗ ដូច្នេះត្រីនៅក្នុងបឹងនេះអាចហូរទៅតាមទីតាំងនិមួយៗ ដើម្បីចូលរួមបង្កើនផលត្រីធម្មជាតិសម្រាប់ខេត្តកំពង់ស្ពឺផ្ទាល់។
អ្នកនាំពាក្យរូបនេះបានបន្តថា បឹងជណ្ដើរកាច់បានបម្រើពលរដ្ឋលើវិស័យកសិកម្មចំនួន ២ឃុំ គឺឃុំក្រាំងអំពិល និងឃុំស្គុះ។ ទំនប់ជណ្ដើរកាច់នេះមានប្រវែង ២ ៦០០ម៉ែត្រ មានលទ្ធភាពក្នុងការស្រោចស្រពលើផ្ទៃដីស្រែ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករនៅក្នុងភូមិសាស្ត្រនេះបានប្រមាណជាង ២ ០០០ ហិកតា។
បើតាមរបាយការណ៍រដ្ឋបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្នខេត្តមានសហគមន៍ស្រះជម្រកត្រីធម្មជាតិចំនួន ៧៣ កន្លែង និង បឹងធម្មជាតិចំនួន ៦ កន្លែង ស្ថានីយ៍ផលិតកូនត្រីពូជចំនួន ៣ កន្លែង បានដំណើរការផលិតកូនត្រីពូជ ៧ ប្រភេទ (ឆ្ពិន ទីឡាព្យា កាបឥណ្ឌា កាបសាមញ្ញ កាបស អណ្តែង និងប្រា) សរុបចំនួន ៦១៣.០០០ក្បាល៕
© រក្សាសិទ្ធិដោយ thmeythmey.com