COVID-19
អន្តរជាតិ
តៃវ៉ាន់ នឹង​កែសម្រួល​លិខិតឆ្លងដែន​របស់ខ្លួន ដើម្បី​កុំ​ឲ្យ​ច្រឡំ​ជាមួយ​ចិន​
17, Sep 2020 , 9:29 pm        
រូបភាព
គំរូលិខិតឆ្លងដែនតៃវ៉ាន់ចាស់ (ខាងឆ្វេង) និងគំរូលិខិតឆ្លងដែនថ្មី។ រូបភាព៖ Reuters
គំរូលិខិតឆ្លងដែនតៃវ៉ាន់ចាស់ (ខាងឆ្វេង) និងគំរូលិខិតឆ្លងដែនថ្មី។ រូបភាព៖ Reuters
​តៃវ៉ាន់ នឹង​កែប្រែ​លិខិតឆ្លងដែន​របស់ខ្លួន ដើម្បី​កុំ​ឲ្យ​ច្រឡំ​ជាមួយ​ចិនដីគោក​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រសួងការបរទេស​តៃវ៉ាន់ កាលពី​ដើមខែកញ្ញា​។ ​ក្នុងអំឡុងពេល COVID-19 ប្រជាជន​តៃវ៉ាន់ បាន​រង​ការយល់ច្រឡំ​មួយចំនួន​ជុំវិញ​ពាក្យ «​សាធារណរដ្ឋ​ចិន​» ដែលមាន​នៅលើ​លិខិតឆ្លងដែន​របស់ខ្លួន​។ មនុស្ស​មួយចំនួន ច្រឡំ​អ្នក​កាន់​លិខិតឆ្លងដែន​ដែលមាន​អក្សរ​អង់គ្លេស​ថា Republic of China (​សាធារណរដ្ឋ​ចិន​) នេះ គឺជា​អ្នក​មកពី​ចិនដីគោក បើទោះបីជា​លិខិតឆ្លងដែន​នោះ ក៏មាន​សរសេរ​អក្សរ «​តៃវ៉ាន់​» ដាក់​នៅ​ពីក្រោម​ដែរ​។



​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តៃវ៉ាន់ នឹង​កែសម្រួល​លិខិតឆ្លងដែន​របស់ខ្លួន​។ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ លោក​Joseph Wu បាន​អះអាង គំរូ​លិខិតឆ្លងដែន​ថ្មី​នេះ ធ្វើឡើង​ដើម្បី​ការពារ​ប្រជាជន​តៃវ៉ាន់ កុំ​ឲ្យ​មានការ​ច្រឡំ​ជាមួយ​ជនជាតិ​ចិន​ដែល​កើតមាន​តាំងពី​ឈាន​ជើង​ចូលដល់​អាកាសយានដ្ឋាន​ប្រទេស​ដទៃ ក្នុងអំឡុងពេល COVID-19 ។ លោក​បន្ថែមថា​៖ «​តាំងពី​ការផ្ទុះ​ឡើង​នៃ COVID-19 នៅ​ទីក្រុង​វូ​ហាន ប្រជាជន​របស់​យើង តែងតែ​សង្ឃឹមថា រដ្ឋាភិបាល​តៃវ៉ាន់​ផ្តល់​រឿង​ល្អ​មួយ ដើម្បី​ជៀសវាង​ការយល់ច្រឡំ​ថា ពួកគេ​មកពី​ចិន​»​។
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លិខិតឆ្លងដែន​ថ្មី ត្រូវ​រំពឹងថា នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែមករា​ខាងមុខ ដោយមាន​ការលុបចោល​អក្សរ​អង់គ្លេស «Republic of China» ចេញ ចំណែក​អក្សរ​អង់គ្លេស «Taiwan» (​តៃវ៉ាន់​) នឹងត្រូវ​ពង្រីក​ធំ​ជាង​មុន​។ រីឯ​អក្សរ​ចិន​ដែល​សម្គាល់​តៃវ៉ាន់ នៅតែ​រក្សា​ដដែល​។ 
 
​ក្រៅពី​លិខិតឆ្លងដែន តៃវ៉ាន់​ក៏​កំពុង​ពិចារណា​លើ​ការផ្លាស់ប្តូរ​ឈ្មោះ ឬ​កែប្រែ​ឈ្មោះ​ថ្មី​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន China Airlines ផងដែរ​។ ក្រុមហ៊ុន​China Airlines គឺជា​ក្រុមហ៊ុន​រដ្ឋ​របស់​តៃវ៉ាន់​។ 
 
​សូមបញ្ជាក់ថា ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ គឺ​សាធារណរដ្ឋ​ចិន ចំណែក​ឈ្មោះ​ផ្លូវការ​របស់​ចិន​វិញ គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ចិន តែងតែ​អះអាងថា តៃវ៉ាន់​នៅតែ​ជា​ផ្នែក​មួយ​របស់ខ្លួន តាមរយៈ​គោលការណ៍ «​ចិន​តែមួយ​»៕ 

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com