ជាតិ
រតន​ភណ្ឌ​«​ផ្សារណាត់​»​បាត់ដំបង​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ​១៩៣០
02, Sep 2020 , 5:12 pm        
រូបភាព
រូបភាពផ្សារណាត់នាពេលបច្ចុប្បន្ន
រូបភាពផ្សារណាត់នាពេលបច្ចុប្បន្ន
​តើ​«​ផ្សារណាត់​» ឬ «​ផ្សារ​ធំថ្មី​»​ក្នុង​ខេត្តបាត់ដំបង​មាន​ប្រវត្តិ​យ៉ាងដូចម្តេច​? មិនមាន​ឯកសារ​ច្រើន​ដែល​និយាយ​ពី​ការសាងសង់​ផ្សារណាត់​បាត់ដំបង ដូច​ផ្សារ​ធំថ្មី​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។ ប៉ុន្តែ​ឯកសារ​ស្តីពី​ការជួសជុល​ផ្សារ​ធំថ្មី​ភ្នំពេញ ដែល​ចងក្រង​ដោយ​សាលា​រាជធានី​ភ្នំពេញ បង្ហាញថា ការសាងសង់​ផ្សារ​ធំថ្មី​បាត់ដំបង បាន​កើតឡើង​ក្នុង​គំនិត​ស្ថាបត្យកម្ម​តែមួយ​របស់​ស្ថាបត្យករ​បារាំង អ៊ែរ​នេស អេ​ប្រា​ដ (Ernest Hebrard)​។​

 
​នៅក្នុង​ក្របខណ្ឌ​នៃ​ការរៀបចំ​ដែនដី​នគរូបនីយកម្ម​នៅក្នុង​តំបន់​ឥណ្ឌូចិន ដែល​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​ខ្លួន បារាំង​បាន​បញ្ជូន​ស្ថាបត្យករ​ដ៏​ល្បីឈ្មោះ​មួយរូប គឺ​លោក អ៊ែរ​នេស អេ​ប្រា​ដ មក​ឥណ្ឌូចិន​។ នេះ​បើយោងតាម​ឯកសារ​ស្តីពី​ការជួសជុល​ផ្សារ​ធំថ្មី​ភ្នំពេញ​។​
 
​នៅពេល​លោក អ៊ែរ​នេស អេ​ប្រា​ដ ដែល​មាន​ជំនាញ​បុរាណវិទ្យា និង​ការរៀបចំ​ក្រុង​ដែរនោះ បាន​មកដល់​ឥណ្ឌូចិន លោក​បាន​គ្រប់គ្រង​សាលា​វិចិត្រសិល្បៈ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ចាប់ពី​ឆ្នាំ​១៩២១​។​
 
​ឯកសារ​ដដែល​សរសេ​រថា ស្ថាបត្យករ​រូបនេះ​បាន​បដិសេធចោល​នូវ​បែបបទ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ក្នុងការ​សាងសង់​សំណង់​ផ្សារ ដោយ​អនុវត្ត​រចនាប័ទ្ម​ទំនើប​បែប​ឥណ្ឌូចិន​វិញ ដោយមាន​បំពាក់​ប្រព័ន្ធ​រក្សា​អនាម័យ និង​មាន​ភាពសមស្រប​។​
 
​យោងតាម​ឯកសារ​នេះ ការសាងសង់​ផ្សារណាត់​ក្នុង​ខេត្តបាត់ដំបង់ ក៏ត្រូវ​បានធ្វើ​ឡើង​ក្នុង​គំនិត​នេះ​ដូចគ្នា ក៏ដូចជា​ផ្សារ​មួយចំនួនទៀត​នៅក្នុង​ប្រទេស​វៀតណាម​ដែរ​។ ឯកសារ​សរសេរ​យ៉ាង​ដូច្នេះ​៖«​នៅក្នុង​ប្រទេស​កម្ពុជា​យើង ផ្សារ​ដែលមាន​ដូចនេះ គឺ​ឋិត​នៅក្នុង​ខេត្តបាត់ដំបង​ដែល​ត្រូវបាន​សង់​ក្នុង​ឆ្នាំ​១៩៣០ និង​នៅក្នុង​ខេត្តកំពង់ចាម​។ នៅ​ប្រទេស​វៀតណាម ក៏មាន​ផ្សារ​ដែលមាន​លក្ខណៈ​ដូចគ្នានេះដែរ ដូចជា​ផ្សារ តាន់​ដឹង (​សង់​ឆ្នាំ​១៩២៧) និង​ផ្សារ cholon (​សង់​ឆ្នាំ​១៩២៩)»៕


រូបភាព​ឯកសារ
 

Tag:
 ផ្សារណាត់
© រក្សាសិទ្ធិដោយ thmeythmey.com