អន្តរជាតិ
ស្តេច​ថៃ តែងតាំង​ស្នំ​ដែល​ត្រូវ​ដកតំណែង​កាល​១០​ខែ​មុន​ឡើងវិញ
02, Sep 2020 , 10:29 pm        
រូបភាព
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងស្នំឯក Sineenat Wongvajirapakdi  ដែលត្រូវទទួលតំណែងវិញ។ រូបភាពផ្សាយដោយរាជវាំងថៃ
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងស្នំឯក Sineenat Wongvajirapakdi ដែលត្រូវទទួលតំណែងវិញ។ រូបភាពផ្សាយដោយរាជវាំងថៃ
មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ បានតែងតាំង​អ្នកស្រី Sineenat Wongvajirapakdi ជា​ស្នំ​ឯក​ឡើងវិញ បន្ទាប់ពី​ដកតំណែង​បាន​១០​ខែ​។ បើតាម​សេចក្ដីប្រកាស​របស់​រាជ​វាំង​ថៃ​ដែល​ផ្សាយ​ក្នុង​រាជកិច្ច បញ្ជាក់ថា Sineenat មិនមាន​កំហុស​អ្វី​ឡើយ ហើយ​ត្រូវ​ទទួលបាន​បុណ្យ​សក្តិ មេដាយ​កិ​ត្ត​យស​ទាំង​អម្បាលម៉ាន​មកវិញ​ទាំងអស់​ផងដែរ​។​

 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី​២ ខែកញ្ញា ស្នំ​ឯក Sineenat Wongvajirapakdi ត្រូវបាន​ប្រគល់​តំណែង​វិញ​តាំងពី​ថ្ងៃទី​២៨ ខែសីហា​មកម្ល៉េះ​។ ក្នុង​សេចក្ដីប្រកាស​របស់​រាជ​វាំង មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ អះអាងថា ស្នំ​ឯក Sineenat មិនមាន​កំហុស​អ្វី​ឡើយ ហើយ​ការប្រកាស​ដកតំណែង​កាលពី​ខែតុលា ឆ្នាំ​២០១៩ ត្រូវ​ចាត់ទុកជា​អសារ​បង់​។​
 
«​ដោយសារ​អ្នកស្រី Sineenat Wongvajirapakdi គ្មាន​កំហុស រាជបញ្ជា​មួយ​ត្រូវបាន​ប្រគល់​ឲ្យ Sineenat Wongvajirapakdi ដើម្បី​កាន់តំណែង​ស្នំ​ឯក​មាន​ងារ Sineenat Bilaskalayani ព្រម​គ្នា​នឹង​ឋានន្តរសក្តិ​ក្នុង​ខុទ្ទកាល័យ​រាជវាំង និង​កងទ័ព ក៏ដូចជា​ទទួលបាន​គ្រឿង​ឥស្សរិយយស​គ្រប់​ថ្នាក់​។​» នេះ​ជាការ​ប្រកាស​របស់​រាជ​វាំង​ថៃ​។ 
 
​សូម​រំឭក​បន្តិច​ថា ស្នំ Sineenat ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​ស្នំ​នេះ​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ពេលដែល​ស្ដេច មហា វ​ជិ​រាល​ង្ក​រណ៍ ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្មរ​បស់​ព្រះអង្គ ដែលជា​បុគ្គល​ដំបូង​គេ​កាន់តំណែង​នេះ​ក្នុងពេល​ជាង​មួយរយ​ឆ្នាំ​។ បី​ខែក្រោយ ស្ដេច​ថៃ​ក៏បាន​ដកតំណែង​នេះ ព្រម​គ្នា​នឹង​យស​សក្តិ​ឯទៀត​ក្រោម​ហេតុផល​ថា មិន​ស្មោះត្រង់​នឹង​ស្ដេច មិន​គោរព​ក្រម​ប្រតិបត្តិ​រាជវង្ស និង​ប្រើប្រាស់​មុខតំណែង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​
 
​កាលនោះ ស្នំ​ឯកអង្គ​នេះ មិន​យល់ស្រប​នឹង​ការតែងតាំង​ព្រះ​នាង សុធី​តា ជា​អគ្គមហេសី ដោយបាន​ជំទាស់​ការរៀបចំ​ពិធី​នេះ​ដោយ​ចំហ ហើយ​ប្រើប្រាស់​អំណាច​ដើម្បី​កុំ​ឲ្យ​ពិធី​នេះ​កើតឡើង​ទៀតផង​។ ស្នំ​អង្គ​នេះ ចង់​ឲ្យ​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ តែងតាំង​ខ្លួន​ជា​អគ្គមហេសី​ជំនួស​វិញ​។ ដើម្បី​បញ្ចៀស​បញ្ហា ស្ដេច​រាមា​ទី​១០ ក៏​តែងតាំង​ព្រះ​នាង ជា​ស្នំ ដើម្បី​ឲ្យ​ស្ងប់ចិត្ត​។ យ៉ាងណាមិញ ទោះ​បាន​ខ្ពង់ខ្ពស់​ក្ដី ស្នំ​ឯកអង្គ​នេះ នៅតែ​ចង់បាន​តំណែង​ជា​អគ្គមហេសី​ដដែល​៕
 
 

Tag:
 ​ថៃ​
  មហា វ​ជិ​រាល​ង្ក​រណ៍​
  Sineenat Wongvajirapakdi
© រក្សាសិទ្ធិដោយ thmeythmey.com