ជាតិ
សង្គមជាតិ
គណៈកម្មការ​ទី​៧ ចុះ​បេសកកម្ម​នៅ​ខេត្តព្រៃវែង ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​អប់រំ​ក្នុង​ក្របខណ្ឌ​ខេត្ត​
02, Sep 2020 , 10:59 pm        
រូបភាព
រូបភាពពីគណៈកម្មការទី៧ នៃរដ្ឋសភា
រូបភាពពីគណៈកម្មការទី៧ នៃរដ្ឋសភា
​ភ្នំពេញ​៖ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បាន​ចុះ​បេសកកម្ម​មកកាន់​ខេត្តព្រៃវែង នៅ​ថ្ងៃទី​២ កញ្ញា​នេះ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​អប់រំ​ក្នុង​ក្របខណ្ឌ​ខេត្ត​។ បើតាម​លោក ហ៊ុន ម៉ា​នី ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ យុវជន និង​កីឡា គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានកត់សម្គាល់​ឃើញថា​ក្រសួង​អប់រំ បានដាក់​ចេញ​នូវ​គោល​ការ​ណ៏​ជា​បន្តបន្ទាប់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​វិស័យ​អប់រំ​ក្នុង​បរិ​ការ​ណ៏​កូ​វីដ​១៩​។



​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា រៀបចំឡើង ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​អប់រំ​ក្នុង​ក្របខណ្ឌ​ខេត្ត និង​សភាពការណ៍​ជាក់ស្តែង​នៅ​មូលដ្ឋាន​ផ្ទាល់​លើ​ការអនុវត្ត​វិធានការ​នានា ដែល​ដាក់ចេញ​ដោយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​ក្នុង​បរិបទ​កូ​វីដ​១៩​។ ក្នុង​កិច្ចប្រជុំ​ខាងលើ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា ដើម្បី​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​ដែលមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។  
 
​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ប្រឹងប្រែង​របស់​គណៈ​អភិបាលខេត្ត មន្ទីរ និង​មន្ត្រី​អប់រំ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្តតាម​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការផ្តល់​ការអប់រំ ដល់​សិស្សានុសិស្ស​តាម​គ្រប់​លទ្ធភាព ក្នុងដំណាក់កាល​កូ​វីដ​១៩​។ 


 លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា

​ប្រធាន​គណៈកម្មការ​ទី​៧​រូបនេះ លើកឡើងថា​៖ «​ខ្ញុំ​យល់ថា​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នេះ ពិតណាស់ គ្មាន​ន​ណា​ម្នាក់​អាច​រំពឹងទុក​មុន​បានឡើយ​។ កន្លងមក​ក្រសួង​អប់រំ និង​មន្ទីរអប់រំ​ផ្ទាល់​បាន​ខិតខំ​អនុវត្ត​ការងារ​តាម​អ្វីដែល​អាចធ្វើ​បាន និង​គ្រប់​អស់ពី​លទ្ធភាព ដោយ​ប្រើប្រាស់​នូវ​គ្រប់​ធនធាន​ដែល​ខ្លួន​មាន​ក្នុង​ដៃ​ស្រាប់​។ ប៉ុន្តែ​ថ្វីបើ​យ៉ាងនេះ​ក៏ដោយ អ្វីដែល​បានធ្វើ​នេះ នៅ​មិនទាន់​ល្អ​គ្រប់​ទិដ្ឋភាព និង​អាច​ឆ្លើយបាន​ទាំងស្រុង​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ឡើយ ដែល​នេះ​ទាមទារ​អោយ​យើងទាំងអស់គ្នា​រួមគ្នា បន្ត​តាមដាន វាយតម្លៃ ជំរុញ និង​បំពេញបន្ថែម​នូវ​អ្វីដែល​ខ្វះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​លទ្ធផល​ទទួលបាន​កាន់​តែ​ល្អប្រសើរ​សម្រាប់​រយៈពេល​វែង​»​។ 
 
​ទាក់ទង​នឹង​វិស័យ​អប់រំ យុវជន និង​កីឡា គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានកត់សម្គាល់​ឃើញថា​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​គោល​ការ​ណ៏​ជា​បន្តបន្ទាប់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​វិស័យ​អប់រំ​ក្នុង​បរិ​ការ​ណ៏​កូ​វីដ​១៩​។ គណៈកម្មការ​ទី​៧ នឹង​នៅ​បន្ត​តាមដាន ពិភាក្សា​រួមគ្នា ដើម្បី​ចូលរួម​ផ្តល់​ជា​ធាតុ​ចូល​បន្ថែម​ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ​ដែល​ក្នុង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​។​
 
​សូមបញ្ជាក់ថា កាលពី​ខែសីហា ឆ្នាំ​២០១៩ ប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ជាមួយ​គណៈ​អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​ទាំង​បួន​ក្នុងបន្ទុក ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ជារួម​ក្នុង​ខេត្ត និង​ពិនិត្យ តាមដាន​នូវ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ដោយឡែក កិច្ចប្រជុំ​ព្រឹក​នេះ គឺជា​ការចុះ​បេសកកម្ម​ជុំ​ទី​២ របស់​គណៈកម្មការ​ទី​៧ មកកាន់​ខេត្តព្រៃវែង ដើម្បី​បំពេញការងារ​ការឆ្លើយ​តប​ទៅនឹង​ស្ថានភាព​នៃ​ការវិវត្ត​សង្គម ជាពិសេស​ក្នុងដំណាក់កាល​កូ​វីដ​១៩៕ 

Tag:
 ហ៊ុន ម៉ា​នី​
  គណៈកម្មការ​ទី​៧
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com