ជាតិ
​ផ្កាស្បៃរឿង​ដែល​លោក យឿន ភា ដាំ​ទុក​លក់​ក្លាយ​ជាទី​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ជើងភ្នំ​សំពៅ​
03, Sep 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្កា​ចម្រុះ​ពណ៌ ជាច្រើន​ប្រភេទ​កំពុង​បង្អួត​សម្រស់​ដាក់​សាធារណជន នៅ​ជើងភ្នំ​សំពៅ នា​ភូមិ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ លោក យឿន ភា ម្ចាស់​ចម្ការ​ផ្កាស្បៃរឿង បាន​ប្រាប់​Thmeythmey 25 ថា​ដើមឡើយ​លោក​ដាំ​ផ្កា​ទាំងនេះ​សម្រាប់​ទុក​កាត់​ផ្កា​លក់​នៅ​រដូវ​បុណ្យទាន តែដោយសារ​ទីនេះ​ឧស្សាហ៍​មាន​ភ្ញៀវ​មក​ថត​លេង លោក​ក៏​ចាប់ផ្ដើម​បង្កើតជា​កន្លែង​ទេសចរណ៍​នេះ​ឡើង​។ ចម្ការ​ផ្កា​ដ៏​ទាក់ទាញ​នេះ បើកទទួល​ទេសចរ​ឲ្យ​ចូល​ថតរូប​កម្សាន្ត​ជិត​១​ឆ្នាំកន្លះ​ហើយ​។

 
​លោក យឿន ភា ម្ចាស់​ចម្ការ​ផ្កាស្បៃរឿង បាន​ប្រាប់​Thmeythmey 25 ថា ចម្ការ​របស់លោក​ទាក់​ទាញ​ទេសចរ​ព្រោះ មាន​ផ្កា​ជាង​៣០​ប្រភេទ​ដូចជា ផ្កាស្បៃរឿង​ខ្មែរ ផ្កាស្បៃរឿង​ថៃ ផ្កាសិរមាន់ កេសរ​កូ​ល ផ្កា​អមតៈ​ជាដើម ហើយ​ស្ថិតនៅ​ពីមុខ​ភ្នំ​សំពៅ​តែម្តង​។ ផ្លូវ​ចូល​ដែល​សាងសង់​ឡើងជា​រាង​ដូច​រូងភ្នំ​អមដោយ​ផ្កា​ជុំវិញ និង​ជាពិសេស​សម្រស់​ផ្ទះ​ឫស្សី​ដែ ល​សាងសង​ដោយ​យក​ដើម​ដូង​ជាទី​បង្អែក ក៏​ជំរុញ​ឲ្យ​ទេសចរ​ទៅ​កម្សាន្ត​ទីនោះ​ផងដែរ​។ ទេសចរ​ក៏​អាច​ភ្លក់​រសជាតិ​តែ​ផ្កា​អមតៈ ឬ​ផ្កា​មេអំបៅ​ដែល​ដាំ​ដុះ​នៅទីនេះ​ផងដែរ​។​


 ទឹកផ្កាមេអំបៅ ក្នុងរមណីយដ្ឋានចំការផ្កាជើងភ្នំសំពៅ

​លោក​បាន​បន្ថែមថា ផ្កា​ទាំងអស់​នៅក្នុង​ចម្ការ​ស្បៃរឿង​ជើងភ្នំ​សំពៅ​នេះ សឹងតែ​ទាំងអស់​ជា​ពូជ​ផ្កា​ក្នុងស្រុក លើកលែងតែ​ផ្កាស្បៃរឿង​ថៃ​ប៉ុណ្ណោះ​។​
 
​បើតាម លោក យឿន ភា ដើមឡើយ​លោក​ដាំ​ផ្កា​សម្រាប់​លក់​នៅ​រដូវ​បុណ្យទាន​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ភ្ញៀវ​តែងតែ​ថតរូប​លេង លោក​ក៏​ច្នៃ​ទៅជា​ទីតាំង​ទេសចរណ៍​ថ្មី​មួយ​នៅ​ជើងភ្នំ​សំពៅ​នេះ​តែម្តង​។ លោក យឿន ភា​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដូច្នេះ​ថា​៖«​ដើមឡើយ​យើង​ដាំ​ផ្កា​លក់​សម្រាប់​ពិធី​បុណ្យទាន ហើយ​យើង​ស្រលាញ់​ផ្កា​ផង ហើយ​ចេះតែមាន​ភ្ញៀវ​មក​ថត​លេង ដល់ពេល​កាន់តែច្រើន​ទៅៗ ខ្ញុំ​ក៏​ចាប់ផ្ដើម​យកលុយ​ពី​អ្នក​ចូល​ថត រហូត​បង្កើតជា​កន្លែង​ទេសចរណ៍​នេះ​ឡើង​»​។​
 
​ម្ចាស់​ចម្ការ​រូបនេះ​បាន​ថ្លែង​ទាំង​សប្បាយរីករាយ​ថា ជីវភាព​គ្រួសារ​របស់លោក​មាន​ភា​ព​ប្រសើរឡើង​ជាង​មុន តាំងតែ​ពី​លោក​ប្តូរ​ពី​របរ​ដាំ​ផ្កា​លក់ មក​បង្កើត​រមណីយដ្ឋាន ដែលមាន​រយៈពេល​ប្រមាណ ១​ឆ្នាំ​៥​ខែ​មកនេះ​។ «​ជីវភាព​របស់ខ្ញុំ មាន​ភាព​រីកចម្រើន​ជាង​មុន ដោយ​ទទួលបាន​ចំណូល​ច្រើនជាង​មុន គ្រាន់​តែមាន​ភាព​នឿយហត់​ជាង​មុន​ឆ្ងាយ​ណាស់ ព្រោះ​ត្រូវ​ប្រើ​គំនិត​កែច្នៃ​រហូត​។ ហើយ​បើ​កាល ដាំ​ផ្កា​លក់​អត់​ចាំបាច់​គិត​ច្រើន​ទេ​»​។ នេះ​បើតាម​លោក យឿន ភា​។ 
 
​លោក ភា ក៏បាន​សាងសង់​ផ្ទះ​ស្នាក់​ចំនួន​១ និង​កំពុង​សាងសង់​កន្លែង​បោះតង់ សម្រាប់​ទេសចរ​ប្រមាណ​៨​កន្លែង​ទៀត​ដែរ ដើម្បី​ទទួល​ទេសចរ​ដែល​តែងតែ​កើនឡើង​ឥតឈប់ឈរ​មក​ទស្សន​ចម្ការ​ផ្កា​របសខ្លួន​៕
 


រូបភាពផ្ទះឫស្សីក្នុង ចំការផ្កាស្បៃរឿងជើងភ្នំសំបៅ








 រូបភាពពីទំព័រហ្វេសប៊ុកចំការផ្កាស្បៃរឿង

Tag:
 ភ្នំ​សំពៅ​
  ស្បៃរឿង​
© រក្សាសិទ្ធិដោយ thmeythmey.com