សង្គមអន្តរជាតិ​
អន្តរជាតិ
មហាសេដ្ឋី Bill Gates ធ្វើនំ Oreo សម្រាប់ខួប៩០ឆ្នាំរបស់មហាសេដ្ឋី Warren Buffett
03, Sep 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
មហាសេដ្ឋី Warren Buffett បានប្រារព្ធខួបកំណើត៩០ឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា។ នៅថ្ងៃដដែល មហាសេដ្ឋី Bill Gates ម្ចាស់ក្រុមហ៊ុន Microsoft បានបង្ហោះវីដេអូពីសកម្មភាពលោកធ្វើនំ Oreo ដើម្បីជាកាដូខួបកំណើតអគ្គនាយកក្រុមហ៊ុន Berkshire Hathaway ដែលជាមិត្តភក្តិរបស់ខ្លួន។



អត្ថបទទាក់ទង


អមដោយបទចម្រៀង «You Got a Friend» របស់លោក Randy Newman លោក Bill Gates បានបង្ហោះវីដេអូដែលមានរយៈពេល៦០វិនាទី ទាក់ទងនឹងសកម្មភាពរបស់ខ្លួនធ្វើនំ Oreo ដោយក្តីរីករាយ។ នំដែលធ្វើពីសូកូឡានោះ មានរូបលោក Buffett នៅចំកណ្តាល ជាមួយនឹងសារ «រីករាយថ្ងៃកំណើត៩០ឆ្នាំ Warren»។



សម្រាប់លោក Bill Gates នេះជាអំណោយដ៏ពិសេសសម្រាប់មិត្តភាពរវាងលោក និងលោក Buffett។ កាលពីឆ្នាំ២០១៦ លោក Gates ក៏បានសរសេរនៅលើប្លក់របស់ខ្លួនផងដែរថា អាហារពេលព្រឹកដ៏ពេញនិយមបំផុតរបស់លោក Buffett គឺនំ Oreo។

លោកបានសរសេរថា៖ «ចំណុចមួយដែលភ្ញាក់ផ្អើលបំផុតអំពី Warren នោះគឺគាត់ញ៉ាំវា ប្រៀបដូចជាពេលដែលគាត់មានអាយុ៦ឆ្នាំយ៉ាងដូច្នោះដែរ។  ខ្ញុំចងចាំពេលដំបូងបំផុតមួយ ខណៈដែលគាត់នៅផ្ទះរបស់យើង គាត់បានបើកកញ្ចប់នំ Oreo ញ៉ាំសម្រាប់អាហារពេលព្រឹក»។



យោងតាមបញ្ជី The World's Billionaires របស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ២០២០ លោក Bill Gates អាយុ៦៤ឆ្នាំ ជាមហាសេដ្ឋីលំដាប់ទី២លើពិភពលោកដោយមានទ្រព្យសម្បត្តិប្រមាណ៩៨ពាន់លានដុល្លារអាមេរិក រីឯលោក Warren Buffett ស្ថិតនៅលំដាប់លេខ៤ ជាមួយនឹងទ្រព្យសម្បត្តិ ៦៧.៥ពាន់លានដុល្លារអាមេរិក។
មហាសេដ្ឋីទាំងពីររូបបានជួបគ្នាកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩១ នៅពេលដែលម្តាយរបស់លោក Gates រៀបចំពិធីជួបជុំវិស្សមកាលមួយនៅក្រុង Hood Canal រដ្ឋវ៉ាស៊ីនតោន ដែលមានលោក Buffett ចូលរួមផងដែរ។

លោក Gates និង លោក Buffett បានចាប់ផ្តើមចលនាមូលនិធិសប្បុរសធម៌រួមគ្នា «The Giving Pledge»  ដើម្បីកៀរគរមហាសេដ្ឋីផ្សេងទៀតឲ្យចូលរួម ក្នុងនោះមានដូចជាលោក Mark Zuckerberg, MacKenzie Bezos, Michael Bloomberg, Carl Icahn, Elon Musk, Stephen Schwarzman និង Ted Turner ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com